ឆ្លងកាត់១៨លើករៀបចំ “ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” នៅខេត្តបាកលីវ បានរីកសាយភាយ និងជាសន្សឹមៗបានជ្រាបចូលក្នុងជីវភាព រួមចំណែកលើកទឹកចិត្តប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមការពារសន្តិសុខមាតុភូមិ ធានាសន្តិសុខសណ្តាប់ធ្នាប់។
គណៈចង្អុលការរៀបចំទិវាជួបជុំ ប្រគល់ផ្ទះមេត្តាធម៌ដល់គ្រួសារក្រីក្រ។
តាមប្រសាសន៍វរសេនីយ៍ឯក ឡេថាញ់ហុង នាយករងនគរបាលខេត្តបាកលីវ រៀងរាល់ឆ្នាំ “ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” (ហៅកាត់ថា ទិវាជួបជុំ) ត្រូវបានរៀបចំឡើងដោយរូបភាពនិងខ្លឹមសារយ៉ាងសម្បូរបែបនិងឆ្ពោះទៅរកមូលដ្ឋាន។ នគរបាលខេត្តបានចង្អុលការភូមិភាគនានារៀបចំទិវាជួបជុំ កសាងផែនការដោយមានសកម្មភាពជាច្រើន ដូចជា៖ សកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយ មានប្រធានបទចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ; រៀបចំវេទិកា “នគរបាលឃុំស្តាប់មតិប្រជាជន”; ពិធីជួបជុំនិងរំលឹកឡើងនូវប្រវេណី; ពិភាក្សា ដោះដូរបទពិសោធន៍ក្នុងការកសាងចលនា និងរៀបចំពិធីចុះកិច្ចសន្យាប្រឡងប្រណាំងរវាងគណៈ ផ្នែក និងអង្គការមហាជន ក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់ ។ល។ ឆ្លងតាមរយៈនោះ ទិវាជួបជុំបង្កបានភាពប្រឡងប្រណាំងយ៉ាងពុះពោរ ទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ និងក្លាយជាទិវាជួបជុំរបស់ប្រជាជនទាំងមូល។
គណៈចង្អុលការជូនប័ណ្ណសរសើរដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើម
ក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
ឆ្លងកាត់១៨ឆ្នាំរៀបចំមានសមូហភាពនិងបុគ្គលរាប់ពាន់នាក់បានទទួលប័ណ្ណសរសើរ និងមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ” របស់ក្រសួងនគរបាល គណៈកម្មាធិការប្រជាជនខេត្ត និងលិខិតសរសើររបស់នាយកនគរបាលខេត្ត និងគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្តនិងក្រុង។ ទន្ទឹមនឹងនោះ មានអំណោយរាប់សិបពាន់ចំណែកនិងអង្កររាប់រយតោន បានជូនដល់ប្រជាជនដែលមានស្ថានភាពលំបាក; មានផ្ទះឧបការគុណនិងផ្ទះមេត្តាធម៌រាប់រយខ្នងបានសាងសង់ជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។ មានសៀវភៅរាប់សិបពាន់ក្បាលនិងកង់រាប់រយគ្រឿង បានប្រគល់ជូនសិស្សក្រីក្រ ដើម្បីជួយជំរុញដំណើរប្អូនៗទៅសាលា។ល។ បច្ចុប្បន្ន ទិវាជួបជុំបានក្លាយជាក្តីរីករាយរួមជា "ចំណងផ្សារភ្ជាប់” រវាងទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ពក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ លោកង្វៀងង៉ុកភឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហូវ ស្រុកហ្វាប៊ិញ ឱ្យដឹង៖ “ឆ្នាំ២០២៤ ឃុំបានគណៈចង្អុលការលេខ១៣៨ របស់ខេត្ត ជ្រើសរើសរៀបចំទិវាជួបជុំគំរូ។ នេះជាកិត្តិយសនិងជាកម្លាំងចលកររបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងឃុំ ម្ល៉ោះហើយប្តេជ្ញារៀបចំឱ្យបានជោគជ័យល្អប្រសើរ។ ឆ្លងតាមរយៈនោះ កៀរគរប្រភពកម្លាំងទូទាំងប្រព័ន្ធនយោបាយនិងទូទាំងប្រជាជនព្រួតដៃធានាសន្តិសុខសណ្តាប់ធ្នាប់”។
វរសេនីយ៍ឯក ឡេថាញ់ហុង ឱ្យដឹង៖ “ពេលខាងមុខ នគរបាលខេត្តនឹងចង្អុលការភូមិភាគនានា បន្តយកចិត្តទុកដាក់រៀបចំទិវាជួបជុំឱ្យបានល្អ។ ពង្រឹងកម្លាំងនគរបាលឆ្ពោះទៅរកមូលដ្ឋាន ដើម្បីចលនាប្រជាជនចូលរួមកសាងចលនា ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិដោយផ្ទាល់; បន្តចាត់នគរបាលរៀបរយទទួលបន្ទុកនគរបាលថ្នាក់ឃុំ និងយកចិត្តទុកដាក់ផ្លាស់ថ្មីវិធីសាស្រ្តចលនាប្រជាជន ដើម្បីម្ចាស់ការទប់ស្កាត់ ប្រឆាំងនឹងបទល្មើស បាបគ្រោះសង្គម ការពារជីវភាពរស់នៅសុខសាន្ត និងសុភមង្គលរបស់ប្រជាជន”៕
យ្វីអាញ-វិមាន