ព្រឹកថ្ងៃទី១៧ ខែសីហា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងបើកវគ្គបណ្តុះបណ្តាលច្បាប់ ជំនាញស៊ើបអង្កេត បង្ការ បង្ក្រាបគ្រឿងញៀន និងបទល្មើស ឆ្នាំ ២០២៦ ដល់សមមិត្ត ៣២ រូបជាមេបញ្ជាការការិយាល័យ ក្រុមប្រតិបត្តិការពិសេស ប្រធានក្រុមស៊ើបអង្កេតចល័ត ជំនួយការនិងបុគ្គលិកការិយាល័យជំនាញ; ជំនួយការផ្នែកច្បាប់ការិយាល័យសេនាធិការ; មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន មេបញ្ជាការក្រុមស៊ើបអង្កេត ការិយាល័យបង្ការ បង្ក្រាបគ្រឿងញៀននិងបទល្មើស; បុគ្គលិកស៊ើបអង្កេត បុគ្គលិកបង្ការ បង្ក្រាបគ្រឿងញៀននិងបទល្មើស និងបុគ្គលិកត្រួតពិនិត្យការពារព្រំដែនដែលបម្រើការងារនៅតាមប៉ុស្តិ៍ការពារព្រំដែននានា។

ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាល។
ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហា សិក្ខាកាមបានសិក្សាស្រាវជ្រាវនិងស្តាប់ការបណ្តុះបណ្តាលលើប្រធានបទចំនួន ៧ ដែលផ្តោតលើខ្លឹមសារជាក់ស្តែង ដើម្បីបម្រើដល់ការងារជំនាញនិងវិជ្ជាជីវៈ។ ក្នុងនោះ វគ្គបណ្តុះបណ្តាលបានធ្វើបច្ចុប្បន្នភាពខ្លឹមសារសំខាន់ៗនៃច្បាប់បង្ការនិងបង្ក្រាបគ្រឿង ញៀន ឆ្នាំ២០២៥ និងអនុក្រឹត្យលេខ ១៦៣/២០២៦/NĐ-CP របស់រដ្ឋាភិបាល ដែលចែងលម្អិតនិងការណែនាំអនុវត្តច្បាប់។ ទន្ទឹមនឹងនោះ សិក្ខាកាមក៏បានបំពាក់ចំណេះដឹងអំពីការងារជំនាញក្នុងការបង្ការ និងបង្ក្រាបគ្រឿងញៀននិងបទល្មើស ក្នុងលក្ខខណ្ឌនៃការអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់; នីតិវិធីនៃការទទួល ការបែងចំណាត់ថ្នាក់ ការដោះស្រាយព័ត៌មានអំពីបទល្មើស និងការដោះស្រាយព័ត៌មានស៊ើបការណ៍; ការប្រើប្រាស់ឧបករណ៍បច្ចេកទេសសម្រាប់ថតសំឡេង និងថតរូបភាពមានសំឡេងក្នុងអំឡុងពេលសាកសួរជនជាប់ចោទ; ក្រៅពីនេះ សិក្ខាកាមបានសិក្សាអំពីការកំណត់ដឹងបញ្ហាមូលដ្ឋានពាក់ព័ន្ធនឹងសាសនា បាតុភូតសាសនាថ្មី និងការណែនាំអំពីវិធីដោះស្រាយករណីពាក់ព័ន្ធនឹងសន្តិសុខសាសនានិងសន្តិសុខជនបទ។
តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងបានធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកច្បាប់ ពង្រឹងជំនាញវិជ្ជាជីវៈ និងលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តភារកិច្ច តាមរយៈនោះ ជួយឱ្យសិក្ខាកាមមានភាពម្ចាស់ការជាងមុនក្នុងការកំណត់ដឹង ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទក្នុងស្ថានភាពថ្មី; រួមចំណែកលើកកម្ពស់គុណភាពការងារបង្ការ បង្ក្រាបគ្រឿងញៀននិងបទល្មើស រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅតាមខ្សែបន្ទាត់ព្រំដែនសមុទ្ររបស់ទីក្រុងកឹងធើ៕
យ៉ីអាញ - ពេជ្រសឿន