ដោយឆ្លៀតប្រើប្រាស់ប្រភពចំណីដែលងាយរក គួបផ្សំការរៀបចំទ្រុងចិញ្ចឹម និងតាមដានការបន្តពូជ បងង្វៀង ហ្វាងង៉ឹង នៅភូមិស្វាយសៀម ឃុំថ្កូវ ខេត្តវិញឡុង ជាជំហានអភិវឌ្ឍទម្រង់ចិញ្ចឹមកណ្តុរប្រែង។ ការចិញ្ចឹមយកសាច់គួបផ្សំនិងផ្គត់ផ្គង់កូនពូជ បានបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចបន្ថែមសម្រាប់គ្រួសារខ្មែរនៅភូមិភាគ។

បងហ្វាងង៉ឹង (ខាងឆ្វេង) ឧទ្ទេសនាមកណ្តុរប្រែងដល់កម្មាភិបាលភូមិភាគ។
ឱ្យកណ្តុរប្រែងស៊ីឫស្សីបណ្តើរ បងង៉ឹងចែករំលែកបទពិសោធន៍ថែទាំសត្វចិញ្ចឹមនេះបណ្តើរ។ ដំបូងឡើយ បងបានទិញកណ្តុរប្រែងញីបន្តពូជចំនួន ២០ គូ ពីធូវឌឹកមកចិញ្ចឹមសាកល្បង។ តាមរយៈដំណើរការថែទាំ បងបានស្វែងយល់ពីលក្ខណៈពិសេសបន្តិចម្តងៗ តាមដានសមត្ថភាពធំធាត់ និងការបន្តពូជរបស់សត្វកណ្តុរប្រែង ដើម្បីសម្រួលដល់វិធីចិញ្ចឹម។ តាមសម្តីបង កណ្តុរប្រែងងាយស្រួលថែទាំ ចំណីសំខាន់គឺឫស្សី អំពៅ និងគ្រាប់ពោត គួបផ្សំបន្ថែមនឹងចំណីសត្វ ដើម្បីជំនួយដល់ការធំធាត់។ ដើម្បីងាយស្រួលគ្រប់គ្រង បងចែកទ្រុងជាប្រឡោះៗដាច់ដោយឡែកពីគ្នា។ ប្រឡោះមានទំហំ ៦០ x ៣០ សង់ទីម៉ែត្រចិញ្ចឹមមួយក្បាល រីឯប្រឡោះទំហំ ៦០ x ៦០ សង់ទីម៉ែត្រចិញ្ចឹមពីរក្បាលនៅពេលផ្សំគូ។ ប្រឡោះនីមួយៗសុទ្ធតែមានលេខដើម្បីតាមដាន។ ការរៀបចំបែបនេះជួយឱ្យបងពិនិត្យមើលការស៊ីចំណី ការធំធាត់របស់កណ្តុរប្រែង ព្រមទាំងម្ចាស់ការរៀបចំហ្វូងកណ្តុរប្រែងទៅតាមដំណាក់កាលនីមួយៗ។ ឫស្សី និងអំពៅងាយរក ក៏ជួយឱ្យគ្រួសារកាន់តែមានភាពងាយស្រួលក្នុងការត្រៀមចំណីប្រចាំថ្ងៃ។
តាមបទពិសោធន៍របស់បងហ្វាងង៉ឹង កណ្តុរប្រែងចិញ្ចឹមបានប្រមាណ ៨ ខែ គឺចាប់ផ្តើមផ្សំគូបានហើយ។ នៅពេលឃើញថាកណ្តុរប្រែងញីផើម បងនឹងបំបែកវាចេញចិញ្ចឹមដោយឡែក ដើម្បីថែទាំនិងតាមដាន។ បងឱ្យដឹង៖ រយៈពេលផើមប្រហែល ៤៥ ថ្ងៃ ក្នុងមួយសំបុកកើតបានប្រហែល ២–៤ ក្បាល។ បន្ទាប់ពីកើតរួច កណ្តុរប្រែងមេបន្តចិញ្ចឹមកូនប្រហែល ៤៥ ថ្ងៃទៀត។ ពេលកូនកណ្តុរប្រែងអាចរស់នៅដោយឯកឯងបាន បងនឹងបំបែកមេចេញ រៀបចំប្រឡោះចិញ្ចឹមឱ្យបានសមស្រប និងបន្តតាមដានកណ្តុរប្រែងមេមុននឹងយកទៅផ្សំគូម្តងទៀត។ ក្នុងដំណើរការចិញ្ចឹមយកកូន បងយកចិត្តទុកដាក់កត់ត្រាព័ត៌មានពីកណ្តុរញីឈ្មោលនីមួយៗ ថ្ងៃបង្កាត់ពូជ ថ្ងៃកើត និងចំនួនកូនក្នុងមួយសំបុក។ ការកត់ត្រាទាំងនេះជួយឱ្យបងក្តាប់បាននូវដំណើរការបន្តពូជ កំណត់ច្បាស់ប្រភពកូនកណ្តុរប្រែង និងជ្រើសរើសគូផ្សំដែលសមស្រប បន្ថយការបង្កាត់ពូជជាន់ពូជ។ នេះជាបទពិសោធន៍ដែលបងណែនាំដល់អ្នកទិញពូជ ជួយមាមីងងាយស្រួលគ្រប់គ្រងហ្វូងចិញ្ចឹមតាំងពីដំបូង។
ចំពោះកណ្តុរប្រែងយកសាច់ បងង៉ឹង ឱ្យដឹង៖ រយៈពេលចិញ្ចឹមគឺប្រហែល ៨–១២ ខែ មានទម្ងន់ ១,២–១,៤ គីឡូក្រាម/ក្បាល ទើបអាចចាប់លក់បាន។ តម្លៃលក់ប្រហែល ៧០០.០០០–៧៥០.០០០ ដុង/គីឡូក្រាម សំខាន់ផ្គត់ផ្គង់ឱ្យភោជនីយដ្ឋាន និងឈ្មួញ។ ទន្ទឹមនឹងនោះ បងក៏ផ្គត់ផ្គង់កណ្តុរប្រែងពូជក្នុងតម្លៃចន្លោះពី ១,៥–៣ លានដុង/គូញីឈ្មោល ព្រមទាំងណែនាំបច្ចេកទេសថែទាំ និងតាមដានការបន្តពូជផងដែរ។
លោក យឿងកុងឌឹក អនុប្រធានសមាគមកសិករឃុំថ្កូវ ឱ្យដឹង៖ បងហ្វាងង៉ឹង គឺជាអ្នកដំបូងគេដែលនាំយកកណ្តុរប្រែងមកចិញ្ចឹមនៅភូមិភាគ ហើយជំហានដំបូងទទួលបានប្រសិទ្ធភាព។ ទម្រង់កំពុងបានផ្សព្វផ្សាយទូលាយ ផ្តល់ជម្រើសអភិវឌ្ឍសេដ្ឋកិច្ចបន្ថែមសម្រាប់ប្រជាជន ពិសេសជនរួមជាតិខ្មែរលើភូមិឋាន។ ផ្តើមពីបទពិសោធន៍របស់បងង៉ឹង មាមីងអាចស្វែងយល់អំពីវិធីរៀបចំទ្រុង ថែទាំ និងគ្រប់គ្រងហ្វូងកណ្តុរ ព្រមទាំងស្វែងយល់ដើម្បីជ្រើសរើសទម្រង់ចិញ្ចឹមឱ្យសមស្របទៅនឹងលក្ខណៈគ្រួសារ៕
ទីទុយ - លីសៀ