11/11/2026 - 13:14

អ្នក​គ្រូ​ ស៊ើង​ធី​ឡាយ​៖ អស់​ពី​ចិត្ត​ចំ​ពោះ​បុព្វ​ហេ​តុ​អប់​រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ 

នៅ​ពេល​រំលឹក​ដល់​សា​លា​បឋម​សិក្សា​ផាង​វ៉ាំង​ណាំ​ (ដែល​ពី​មុន​ជា​សា​លា​បឋម​សិក្សា​អង្គុលី​ សង្កាត់​ដុង​ថា​ញ់ ខេត្ត​វិញ​ឡុង​) មិត្ត​រួម​ការ​ងារ​ និង​ឪ​ពុក​ម្ដាយ​សិស្ស​តែង​រំលឹក​ដល់​អ្នក​គ្រូ​វ័យ​ក្មេង​ ស៊ើង​ធី​ឡាយ​ (កើត​ឆ្នាំ​ ១៩៩៤) ដោយ​ក្តី​រាប់​អាន​យ៉ាង​ពិ​សេស​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុកោសល្យ​អក្សរ​សាស្ត្រ​ខ្មែរ​ណាម​បូ​ ជា​មួយ​នឹង​ក្តី​ស្រ​ឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំ​ពោះ​ភា​សា​ អក្សរ​សាស្ត្រ​ និង​វប្ប​ធម៌​នៃ​ជន​ជាតិ​ខ្លួន​ អ្នក​គ្រូ​ ស៊ើង​ធី​ឡាយ​ បាន​និង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ "រក្សា​ក្តី​ស្រ​ឡាញ់​" ដោយ​ការ​បង្រៀន​ បណ្ដុះ​ក្តី​ស្រ​ឡាញ់​នោះ​ដល់​សិស្ស​ជំ​នាន់​ក្រោយ​ៗនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។

អ្នក​គ្រូ​ ស៊ើង​ធី​ឡាយ​ ក្នុង​ម៉ោង​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​ ដោយ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ដើម្បី​បង្ក​ចំ​ណង់​ចំ​ណូល​ចិត្ត​ដល់​សិស្ស​។

កើត​និង​ធំ​ឡើង​នៅ​អនុ​សង្កាត់​អង្គុលី​ សង្កាត់​ដុង​ថា​ញ់ ជា​ទី​ដែល​ភា​សា​ និង​វប្ប​ធម៌​ខ្មែរ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ស្និទ្ធ​ស្នាល​ អ្នក​គ្រូ​ឡាយ​ តែង​តែ​ចង​ចាំ​ជា​និច្ច​ថា​ ការ​បង្រៀន​អក្សរ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​សិស្ស​ចេះ​អាន​ ចេះ​សរ​សេរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​វិធី​ដើម្បី​ឱ្យ​យុវ​វ័យ​ជំ​នាន់​ក្រោយ​កាន់​តែ​ស្រ​ឡាញ់​ និង​មាន​មោទ​នភាព​ចំ​ពោះ​អត្ត​សញ្ញា​ណ​ជាតិ​ផង​ដែរ​។ ក្នុង​ឆ្នាំ​សិក្សា​ ២០២៥ - ២០២៦ ពេល​បាន​ចាត់​ឱ្យ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​ដល់​សិស្ស​ ៣១៥ នាក់​ ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៥ ព្រម​ទាំង​ទទួល​បន្ទុក​ការ​ងារ​ជា​លេខា​ធិ​ការ​ក្រុម​ប្រឹក្សា​សា​លា​ សម្ពាធ​នៃ​ការ​ងារ​គឺ​ពិត​ជា​មិន​តិច​ឡើយ​។ ដើម្បី​ជម្នះ​លើ​សម្ពាធ​ទាំង​នោះ​ អ្នក​គ្រូ​ឡាយ​ តែង​តែ​រៀប​ចំ​ផែន​ការ​ការ​ងារ​មាន​បែប​បទ​វិទ្យា​សាស្ត្រ​។ តាម​អ្នក​គ្រូ​ គន្លឹះ​ដ៏​សំ​ខាន់​បំ​ផុត​គឺ​ការ​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ និង​ចំ​ណាប់​អា​រម្មណ៍​ដល់​សិស្ស​ជំ​នួស​ឱ្យ​ការ​បង្ខិត​បង្ខំ​សិស្ស​រៀន​ច្រើន​៖ "ចំ​ពោះ​សិស្ស​ថ្នាក់​ទី​ ១ ខ្ញុំ​ប្រើ​ប្រាស់​រូប​ភាព​ និង​ល្បែង​កម្សាន្ត​ដើម្បី​ឱ្យ​ប្អូន​ៗស្គាល់​អក្សរ​។ ចំ​ពោះ​សិស្ស​ថ្នាក់​ខ្ពស់​ជាង​ ខ្ញុំ​បង្កើន​ការ​ហាត់​អាន​ និង​អនុ​វត្ត​។ នៅ​ពេល​កុមារ​រៀន​ដោយ​ក្តី​រីក​រាយ​ និង​ការ​ចូល​ចិត្ត​ ការ​ទទួល​យក​ចំ​ណេះ​ដឹង​នឹង​ប្រ​ព្រឹត្ត​ទៅ​ជា​ធម្ម​តា​ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​"។ ការ​យក​ចិត្ត​ទុក​ដាក់​នោះ​បាន​នាំ​មក​នូវ​ "លទ្ធ​ផល​" គឺ​សិស្ស​ទាំង​ ១០០% សម្រេច​តាម​កម្ម​វិធី​សិក្សា​ និង​មាន​ជាង​ ៦៦% សម្រេច​និទ្ទេស​ឆ្នើម​និង​ល្អ​ ជា​ពិ​សេស​ មាន​សិស្ស​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​កម្ម​វិធី​ប្រឡង​សរ​សេរ​អក្សរ​ស្អាត​ថ្នាក់​ខេត្ត​។

ក្រៅ​ពី​ម៉ោង​បង្រៀន​តាម​ថ្នាក់​នីមួយៗ​ អ្នក​គ្រូ​ឡាយ​ ក៏​ជា​ "អ្នក​ដឹក​នាំ​ស្នូល​" នៃ​ក្រុម​សិល្បៈ​របស់​សា​លា​ ជា​អ្នក​បង្ហាត់​ណែ​នាំ​ក្បាច់​រាំ​ប្រ​ពៃ​ណី​ខ្មែរ​ដល់​សិស្ស​ដោយ​ផ្ទាល់​ផង​ដែរ​។ ដំ​ណើរ​ការ​ហាត់​សម​ទាម​ទារ​ភាព​អត់​ធ្មត់​ និង​ភាព​ហ្មត់​ចត់​បន្តិច​ម្តង​ៗ។ ប្អូន​ថា​ច់ង៉ុក​អៀង​ញ៉ី សិស្ស​ថ្នាក់​ទី​ ៥/១ បាន​រៀប​រាប់​ដោយ​រីក​រាយ​៖ "មុន​ពេល​ហាត់​រាំ​ អ្នក​គ្រូ​បាន​ណែ​នាំ​យើង​ខ្ញុំ​ពី​របៀប​បោះ​ជំ​ហាន​តាម​ចង្វាក់​រាប់​ បន្ទាប់​មក​បង្រៀន​របៀប​កាច់​ក្បាច់​ និង​រំលឹក​ឱ្យ​សម្រួល​ដៃ​ កុំ​ឱ្យ​ប្រឹង​រឹង​ពេក​ ដើម្បី​ឱ្យ​កាយ​វិការ​មាន​ភាព​ទន់ភ្លន់​។ ហេ​តុ​ដូច្នេះ​ ពួក​ប្អូន​មិន​មាន​អា​រម្មណ៍​ថា​ហត់​នឿយ​ទេ​ គឺ​សប្បាយ​រីក​រាយ​ណាស់​"។ ចំ​ណែក​ប្អូន​គឹម​ង្វៀង​បាវ​ត្រឹង​ បាន​ឱ្យ​ដឹង​៖ "ខណៈ​ពេល​ឈរ​នៅ​លើ​ឆាក​គឺ​ជា​អនុ​ស្សាវ​រី​យ៍ដែល​មិន​អាច​បំ​ភ្លេច​បាន​ពី​ព្រោះ​បាន​ស្លៀក​ពាក់​ឈុត​ប្រ​ពៃ​ណី​ដ៏​ប្រ​ណីត​ឡើង​សម្តែង​ ពួក​ប្អូន​មាន​អា​រម្មណ៍​ថា​សប្បាយ​រីក​រាយ​ រំភើប​ និង​មាន​មោទ​នភាព​ក្រៃ​លែង​ដែល​បាន​រួម​ចំ​ណែក​សម្ដែង​បង្ហាញ​ក្បាច់​រាំ​របស់​ជន​ជាតិ​ខ្លួន​"។

ប្អូន​ៗសិស្សា​នុសិស្ស​ចូល​រួម​សម្តែង​ឈុត​សិល្បៈ​ដែល​អ្នក​គ្រូ​ ស៊ើង​ធី​ឡាយ​បាន​បង្ហាត់​ក្នុង​ពិ​ធី​បូក​សរុប​ឆ្នាំ​សិក្សា​។

ពេល​រួម​បញ្ចូល​ទៅ​ជា​សា​លា​បឋម​សិក្សា​ផាង​វ៉ាំង​ណាំ​ ភាព​អត់​ធ្មត់​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​វិជ្ជា​ជី​វៈ​របស់​អ្នក​គ្រូ​ ស៊ើង​ធី​ឡាយ​ បាន​ក្លាយ​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​ជួយ​រក្សា​ស្ថិរ​ភាព​របៀប​រៀប​រយ​នៃ​ការ​បង្រៀន​ និង​រៀន​ចាប់​តាំង​ពី​ថ្ងៃ​ដំ​បូង​។ ដូច​អ្វី​ដែល​អ្នក​គ្រូ​ឡាយ​ បាន​ចែក​រំលែក​៖ "ពេល​ខ្លះ​ ពាក្យ​លើក​ទឹក​ចិត្ត​មួយ​ម៉ាត់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​គ្រូ​ លោក​គ្រូ​នៅ​ថ្ងៃ​នេះ​ អាច​ក្លាយ​ជា​សំ​ពាយ​ដ៏​មាន​តម្លៃ​រួម​ដំ​ណើរ​ជា​មួយ​សិស្ស​ពេញ​មួយ​ជីវិត​"។ ជា​មួយ​នឹង​"ក្តី​ស្រ​ឡាញ​"ចំ​ពោះ​វិជ្ជា​ជី​វៈ​ដ៏​ជ្រាល​ជ្រៅ​ អ្នក​គ្រូ​ ស៊ើង​ធី​ឡាយ​ កំ​ពុង​បន្ត​ចារ​ជា​រឿង​រ៉ាវ​ដ៏​ល្អ​អំ​ពី​ការ​លះ​បង់​ ការ​រួម​ចំ​ណែក​រក្សា​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

វាយ​តម្លៃ​អំ​ពី​អ្នក​គ្រូ​ឡាយ​ លោក​គ្រូ​ ស៊ើង​ណា​វី​ ចាងហ្វាង​រង​សា​លា​បឋម​សិក្សា​ផាង​វ៉ាំង​ណាំ​ បាន​ចែក​រំលែក​៖ "អ្នក​គ្រូ​ស៊ើង​ធី​ឡាយ​ ទទួល​បន្ទុក​ចំ​ពោះ​សិស្ស​ចំ​នួន​ ៣១៥ នាក់​ ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៥ នេះ​ជា​ចំ​នួន​ច្រើន​ណាស់​ដែរ​ តម្រូវ​ឱ្យ​មាន​ការ​បែង​ចែក​ពេល​វេលា​និង​មាន​សមត្ថ​ភាព​គ្រប់​គ្រង​ប្រ​កប​ដោយ​ភាព​បត់​បែន​។ ទន្ទឹម​នឹង​នោះ​ អ្នក​គ្រូ​ក៏​ជា​លេខា​ធិ​ការ​ក្រុម​ប្រឹក្សា​សា​លា​ ដែល​ទាម​ទារ​ភាព​ត្រឹម​ត្រូវ​ខ្ពស់​ និង​ភាព​ហ្មត់​ចត់​ក្នុង​ឯក​សារ​នីមួយៗ​។ គណៈ​ចាង​ហ្វាង​សា​លា​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​សមត្ថ​ភាព​ទទួល​រ៉ាប់​រង​របស់​អ្នក​គ្រូ​ ទោះ​បី​ជា​មាន​សម្ពាធ​ធ្ងន់​ក៏​ដោយ​ អ្នក​គ្រូ​តែង​តែ​រៀប​ចំ​ការ​ងារ​យ៉ាង​មាន​វិទ្យា​សាស្ត្រ​ មិន​ទុក​ឱ្យ​យឺត​យ៉ាវ​ឡើយ​។ ខាង​ផ្នែក​ជំ​នាញ​ អ្នក​គ្រូ​មិន​ត្រឹម​តែ​តស៊ូ​អត់​ធ្មត់​ក្នុង​ការ​បង្រៀន​អក្សរ​មួយ​តួ​ៗ ជួយ​ឱ្យ​សិស្ស​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រឡង​សរ​សេរ​អក្សរ​ស្អាត​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​អ្នក​ដឹក​នាំ​ស្នូល​ រក្សា​សកម្ម​ភាព​ក្រុម​សិល្បៈ​ប្រ​ពៃ​ណី​របស់​សា​លា​ផង​ដែរ​។  ភាព​អត់​ធ្មត់​ និង​ការ​លះ​បង់​របស់​អ្នក​គ្រូ​ឡាយ​ គឺ​ជា​ចំ​ណុច​ភ្លឺ​ស្វាង​ដ៏​រឹង​មាំ​ជួយ​រក្សា​ស្ថិរ​ភាព​របៀប​រៀប​រយ​ការ​បង្រៀន​និង​រៀន​ ព្រម​ទាំង​បង្ក​ក្តី​ទុក​ចិត្ត​យ៉ាង​មុត​មាំ​សម្រាប់​អា​ណា​ព្យា​បាល​សិស្ស​និង​សិស្សា​នុសិស្ស​"៕

ថា​ច់ ធី​

ចែករំលែកអត្ថបទ