ចាប់ពីការដាំសាកល្បងលើផ្ទៃដីមួយកុង បងហ្វិញឡឹង នៅមណ្ឌល១២ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ បានពង្រីកផ្ទៃដីដាំជីបន្លាដល់៥កុង។ ជាង១០ឆ្នាំដែលដាំដំណាំគ្រឿងទេសនេះ គ្រួសាររបស់បងមានប្រភពចំណូលស្ថិរភាព ជីវភាពក៏បានកែលម្អជាបណ្ដើរៗ។

រដ្ឋអំណាចភូមិភាគចុះទស្សនាទម្រង់ដាំជីបន្លានាំមកប្រាក់ចំណូលស្ថិរភាពរបស់
គ្រួសារបងហ្វិញឡឹង។
កាលពីមុន គ្រួសារបងហ្វិញឡឹងប្រកបរបរធ្វើស្រែនិងធ្វើការឈ្នួលតាមរដូវកាល ដូច្នេះចំណូលមិនទៀងទាត់។ ពេលភូមិភាគចលនាផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ បងបានទាញយកដីចម្ការនិងដីធ្វើស្រូវដែលមិនសូវមានប្រសិទ្ធភាពមកដាំជីបន្លា។ ដំបូង គ្រួសារគ្រាន់តែដាំសាកល្បងលើផ្ទៃដីមួយកុង។ ដាំបណ្ដើរ រៀនសូត្របទពិសោធន៍ថែទាំបណ្ដើរ និងម្ចាស់ការស្វែងរកទីផ្សារលក់ចេញផង។ ឃើញថាជីបន្លាអាចប្រមូលផលបានច្រើនលើក ប្រាក់ចំណាយលើការវិនិយោគតិចតួចសមស្របនឹងលក្ខណះគ្រួសារ សន្សឹមៗបងបានពង្រីកផ្ទៃដីដាំរហូតដល់៥កុង។
តាមបងហ្វិញឡឹង ពូជជីបន្លាក្នុងស្រុកគឺងាយដាំ អាចបង្កាត់ពូជដោយគ្រាប់ ជួយបន្ថយប្រាក់ចំណាយលើការផលិត។ មុនពេលព្រោះ អ្នកដាំរៀបចំដី ជម្រះស្មៅ និងលើករងទទឹងប្រមាណ១,៥ម៉ែត្រ ខ្ពស់ជាងមុខដីប្រមាណ១៥សង់ទីម៉ែត្រ ដើម្បីចៀសវាងការលិចទឹកក្នុងរដូវភ្លៀង។ បន្ទាប់ពីព្រោះ គួរបាញ់ទឹកបែបផ្សែងក្រូចដើម្បីរក្សាសំណើមដី។ គ្រាប់ដុះពន្លកក្រោយពី១០ដល់១៥ថ្ងៃ ប៉ុន្តែត្រូវចំណាយពេលប្រមាណពី៣ដល់៤ខែ ទើបអាចប្រមូលផលលើកដំបូង។ ក្នុងអំឡុងពេលនោះ ត្រូវដកស្មៅជាប្រចាំ។ នៅពេលថែទាំបានល្អ យើងអាចប្រមូលផលបានច្រើនលើកលើផ្ទៃដីតែមួយ។

បងហ្វិញឡឹង កំពុងលាងនិងចងជាបាច់ជីបន្លាបម្រុងប្រគល់ឱ្យឈ្មួញ។
"ជាមធ្យមក្នុង១.០០០ម៉ែត្រការ៉េឱ្យផលពី២ដល់៣តោនជីក្នុងមួយលើក។ បន្ទាប់ពីប្រមូលផលរួច ឈ្មួញមកទិញដល់កន្លែងក្នុងតម្លៃ១៦.០០០ដុងក្នុងមួយគីឡូក្រាម។ ជាមួយតម្លៃនេះ បន្ទាប់ពីទូរទាត់ប្រាក់ចំណាយ គ្រួសារខ្ញុំអាចទទួលបានប្រាក់ចំណេញជាង២០លានដុងមួយកុងក្នុងមួយលើក។ ក្នុងរដូវប្រាំង តម្លៃមានពេលឡើងដល់ប្រមាណ២៥.០០០ដុងក្នុងមួយគីឡូក្រាម ជួយឱ្យគ្រួសារមានចំណូលបន្ថែម" - បងហ្វិញឡឹង បានឱ្យដឹងដូច្នេះ។
លោកង្វៀងវ៉ាំងលីម អនុប្រធានសមាគមកសិករសង្កាត់សុកត្រាំង បានឱ្យដឹង៖ "បងហ្វិញឡឹង ជាសមាជិកសហករណ៍ដាំជីបន្លានៅមណ្ឌល១២។ ចាប់ពីផ្ទៃដីដាំសាកល្បងដំបូង បងខិតខំរៀនសូត្រ ថែទាំ និងពង្រីកការផលិតជាបណ្ដើរៗ។ បច្ចុប្បន្ន ទម្រង់ដាំជីបន្លានាំមកនូវប្រភពចំណូល២០០លានដុងក្នុងមួយឆ្នាំសម្រាប់គ្រួសារបងហ្វិញឡឹង។ ដើម្បីឱ្យប្រជាជនរក្សាការផលិត ភូមិភាគបានជំនួយប្រជាជនក្នុងការបុលទុន ណែនាំបច្ចេកទេស តភ្ជាប់ទីផ្សារលក់ចេញ និងលើកទឹកចិត្តគ្រួសារនានាចងសម្ព័ន្ធតាមរយៈក្រុមសហការ។ ចំពោះគ្រួសារបងហ្វិញឡឹង ការប្តូរដីធ្វើស្រូវដែលមិនសូវមានប្រសិទ្ធភាពមកដាំជីបន្លាបានបង្កប្រភពចំណូលជាច្រើនលើក ជួយឱ្យជីវភាពមិនសូវពឹងផ្អែកលើធ្វើការឈ្នួលតាមរដូវកាលទៀត"។
អាចឃើញថា ចាប់ពីជីបន្លា មាមីងខ្មែរបានស្វែងរកទិសដៅបន្ថែមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដូចបងហ្វិញឡឹង នៅមណ្ឌល១២ សង្កាត់សុកត្រាំង មិនត្រឹមតែរួមចំណែកបង្កើនប្រាក់ចំណូល កែលម្អជីវភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋរបស់កសិករដែលហ៊ានគិត ហ៊ានធ្វើ។ នេះជាទម្រង់ផលិតសម្រេចបានប្រសិទ្ធភាព រួមចំណែកអនុវត្តទិសដៅបន្ថយភាពក្រីក្រដោយចីរភាពនៅភូមិភាគ៕
ថាញវ៉ាង - សុផន