ដោយកំណត់ច្បាស់ ការយកចិត្តទុកដាក់គិតគូរដល់ជីវភាពនិងការបង្កើនប្រាក់ចំណូលជូនប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ ជាភារកិច្ចដ៏សំខាន់មួយរយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំញូយ៉ា ទីក្រុងកឹងធើ បានខិតខំផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយនានា ដើម្បីឧបត្ថម្ភសាងសង់លំនៅឋាននិងបង្កើតមុខរបររកស៊ី។ ផ្តើមពីនោះ មានគ្រួសារក្រីក្រជាច្រើនបានលំនឹងជីវភាពជាបណ្តើរៗ។

លោកតូហៀ (ឈរកណ្តាល) នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា មានក្តីរំភើបចិត្តពេលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មី។
ធ្លាប់ជាគ្រួសារក្រមួយរបស់ភូមិភាគ លោកថាច់សាធី នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា បានរដ្ឋឧបត្ថម្ភសាងសង់លំនៅឋាននិងផ្លាស់ប្ដូរមុខរបរ ជួយឱ្យគ្រួសារលោកមានកន្លែងរស់នៅស្ថិរភាព និងមានលក្ខណៈអភិវឌ្ឍន៍ការផលិត។ លោកសាធី ចែករំលែក៖ “កាលពីមុន គ្រួសារខ្ញុំជួបការលំបាកខ្លាំង។ អាស្រ័យបានរដ្ឋជួយសាងសង់ផ្ទះមហាសាមគ្គី ហើយបន្ទាប់មកក៏ទទួលបានការឧបត្ថម្ភសម្រាប់ការផ្លាស់ប្ដូរមុខរបរតាមរយៈកម្មវិធីទិសដៅជាតិ ខ្ញុំបានវិនិយោគទិញម៉ាស៊ីនភ្ជួររាស់ដីខ្នាតតូច ទាំងធ្វើស្រែគ្រួសារ ទាំងទទួលភ្ជួររាស់ដីជូនមាមីងនៅភូមិភាគ មានប្រាក់ចំណូលបន្ថែមសម្រាប់ គិតគូរជីវភាព។ ឥឡូវនេះ ជីវភាពគ្រួសារបានកែលម្អជាបណ្តើរៗនិងចាកផុតពីភាពក្រ ខ្ញុំសប្បាយចិត្តណាស់”។
លោកតូហៀ នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា មិនអាចលាក់បាំងនូវក្តីរំភើប ខណៈកំពុងជជែកគ្នានៅក្នុងផ្ទះដ៏សមរម្យរបស់លោក។ បន្ទាប់ពីរស់នៅក្នុងផ្ទះដែលទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំមក គ្រួសាររបស់លោកទទួលបានការពិនិត្យ និងសម្រេច ផ្តល់ជំនួយសាងសង់លំនៅឋានពីរដ្ឋអំណាចភូមិភាគ តាមរយៈកម្មវិធីទិសដៅជាតិចំនួន ៤៤ លានដុង ព្រមទាំងថវិកាចំនួន ១៦ លានដុងទៀតដែលកៀរគរបានពីសប្បុរសជន។ ការជំនួយនេះបានជួយឱ្យគ្រួសារលោកហៀ សាងសង់បានផ្ទះថ្មីមួយខ្នងរឹងមាំ និងលំនឹងជីវភាព។
ក្រៅពីការផ្សព្វផ្សាយគោលនយោបាយឧបត្ថម្ភសាងសង់លំនៅឋាន និងបង្កើតមុខរបររកស៊ី ឃុំញូយ៉ាក៏បានជំរុញសកម្ម ការសាងសង់ និងបង្កើនកម្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ០៤ ដោយប្រើប្រាស់ថវិកាសរុបប្រមាណ ៤ ពាន់លានដុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរនិងការដោះដូរទំនិញ។ ដោយសារកម្មវិធីនិងគោលនយោបាយដ៏ត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែង ព្រមទាំងឆន្ទៈខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន ឃុំញូយ៉ាកំពុងមានការផ្លាស់ប្តូរជាបណ្តើរៗ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរឹងមាំរហូតដល់លំនៅឋានសមរម្យ ដែលជាសក្ខីភាពបញ្ជាក់ពីដំណើរការបន្ថយភាពក្រីក្រប្រកបដោយចីរភាពរបស់ភូមិភាគ។
លោកត្រឹងក្វឹកហ៊ឹង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំញូយ៉ា បានឱ្យដឹងថា នៅពេលកម្មវិធីនិងគោលនយោបាយនានាដែលគិតគូរចំពោះជនជាតិភាគតិច បានអនុវត្តចំទិសដៅ និងស្របតាមស្ថានភាពជាក់ស្តែងនោះ ជីវភាពរបស់ប្រជាជនមិនត្រឹមតែឆ្លងផុតពីការលំបាកនៅចំពោះមុខប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ នេះក៏ជាសក្ខីភាពជាក់ស្តែងមួយបង្ហាញពីគោលការណ៍ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ ក្នុងការយកចិត្តទុកដាក់គិតគូរដល់ជីវ ភាពជនជាតិភាគតិច។ ការយកចិត្តទុកដាក់នេះ ថែមទាំងបង្កកម្លាំងចលករឱ្យប្រជាជនឃុំញូយ៉ា បន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព ខិតខំប្រឹងប្រែងឈានឡើង និងរួមគ្នាកសាងភូមិកំណើតឱ្យកាន់តែស៊ីវិល័យ និងទំនើប៕
ថាញ់វ៉ាង - ថាច់ធី