ទោះបីមានវ័យចំណាស់ហើយក៏ដោយ ប៉ុន្តែលោកយ៉ឿងវុាំងញឹក នៅភូមិផ្សារ ឃុំដាយអាង ខេត្តវិញឡុង តែងរក្សារបរត្បាញបន្ទោះដែលដូនតាជំនាន់មុនបង្រៀនតៗមក។ កញ្ឆេដែលគាត់និងកូនស្រីត្បាញនោះ បានគេប្រមូលទិញជាប្រចាំ ជួយឱ្យគ្រួសារមានប្រាក់ចំណូលបន្ថែម ទន្ទឹមនឹងនោះរួមចំណែកថែរក្សារបរប្រពៃណីទៀតផង។

លោកយ៉ឿងវុាំងញឹក កំពុងបិតបន្ទោះ។
តាមប្រសាសន៍របស់លោកយឿងវាំងញឹក របរនេះបានដូនតាជំនាន់មុនបង្រៀនតៗមកពីជំនាន់មួយទៅជំនាន់មួយនៅក្នុងគ្រួសារគាត់។ កាលពីក្មេង គាត់បានរៀនរបៀបពុះឫស្សី បិតបន្ទោះដើម្បីត្បាញសម្ភារៈប្រើប្រាស់ ដូចជា៖ ត្បាញអង្រុត កញ្ជើ កញ្ច្រែង កញ្ឆេ… យូរៗទៅ ការងារនេះកាន់តែធ្លាប់ ហើយផ្សារភ្ជាប់នឹងជីវភាពប្រចាំថ្ងៃ។ មកដល់ពេលនេះ ទោះបីមានវ័យចំណាស់ក៏ដោយ គាត់នៅតែត្បាញបន្ត របរនេះរកបានប្រាក់ចំណូលបន្ថែមផង ហើយរក្សារបរដែលគ្រួសារគាត់បានផ្សារភ្ជាប់តាំងពីក្មេងទៀតផង។ បច្ចុប្បន្ន គ្រួសារគាត់ត្បាញកញ្ឆេជាសំខាន់ ដើម្បីផ្គត់ផ្គង់ដល់អង្គភាពប្រមូលទិញដោយតម្លៃ ៤០.០០០ ដុងក្នុងកញ្ឆេមួយ។ ពកដែលជាវត្ថុធាតុដើមគ្រួសារទិញពីខេត្តកាម៉ាវ។ ផ្តើមពីវត្ថុធាតុដើមនោះ គាត់ពុះ បិតជាបន្ទោះ រួចត្បាញជាផលិតផល។ ដោយមានបទពិសោធន៍ច្រើនឆ្នាំ ហេតុនោះគាត់ធ្លាប់ដៃក្នុងរាល់ដំណាក់ការទាំងអស់។ ចំពោះគាត់ ប្រកបរបរយូរឆ្នាំមិនត្រឹមតែស្ទាត់ជំនាញរបៀបត្បាញប៉ុណ្ណោះទេ ថែមទាំងជាការអត់ធ្មត់ ខិតខំដើម្បីសម្រេចផលិតផលនីមួយៗទៀតផង។

លោក យឿងវុាំងញឹក កំពុងត្បាញកញ្ឆេ។
លោកញឹកឱ្យដឹង ក្នុងមួយថ្ងៃពីរនាក់ឪពុកកូនគាត់ត្បាញកញ្ឆេបានជាង១០។ ជាមួយនឹងតម្លៃប្រមូលទិញបច្ចុប្បន្ន ផលិតផលនេះ គាត់អាចលក់បាន ៤០០.០០០ ដុងក្នុងមួយថ្ងៃ មិនទាន់គិតប្រាក់ចំណាយទិញវត្ថុធាតុដើម។ នេះជាប្រភពចំណូលជួយគ្រួសារគាត់មានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមានការងារធ្វើនៅផ្ទះជាប្រចាំ។ តាមប្រសាសន៍របស់គាត់ របរត្បាញបន្ទោះទោះបីរកបានប្រាក់ចំណូលមិនខ្ពស់ក៏ដោយ ប៉ុន្តែការងារមានស្ថិរភាពគួរសម។ ផលិតផលដែលត្បាញរួចហើយ គេមកប្រមូលទិញទាំងអស់ ម្ល៉ោះហើយគ្រួសារតែងត្បាញជាប្រចាំ។ ប្រការដែលគាត់ឃើញថាសមស្រប គឺម្ចាស់ការបានពេលវេលា ធ្វើតាមសុខភាព មិនជាប់ជំពាក់ទៅលើពេលវេលានោះទេ។ ហើយការងារក៏មិនតម្រូវការប្រើកម្លាំងច្រើនដែរ ព្រោះហេតុនោះ គាត់នៅតែផ្សារភ្ជាប់ជាមួយនឹងរបរត្បាញនេះ ទោះជាមានវ័យចំណាស់ក៏ដោយ ។
ចំពោះលោកញឹក ការត្បាញបន្ទោះមិនត្រឹមតែជាការរកប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងជារបរប្រពៃណីរបស់គ្រួសារ និងប្រជាជនក្នុងភូមិទៀតផង។ ផ្តើមពីអ្វីដែលដូនតាបានបង្រៀន គាត់បានរក្សារបរនេះជាច្រើនឆ្នាំ ឥឡូវនេះគាត់រួមជាមួយកូនស្រីបន្តត្បាញផលិតផលដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ។ ភាពអត់ធ្មត់នោះ បានរួមចំណែកថែរក្សារបរត្បាញបន្ទោះប្រពៃណីក្នុងសហគមន៍ខ្មែរនៅភូមិភាគ៕
ទីទុយ - វិមាន