កីឡា - ទេសចរណ៍ ទេសចរណ៍

29/10/2026 - 21:32

កឹង​ធើ​ត្រៀម​ទទួល​ភ្ញៀវ​ទេស​ចរ​រដូវ​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង 

ឆ្ពោះ​ដល់​ទិវា​បុណ្យ​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិ​កា) និង​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង ឆ្នាំ ២០២៦ ទី​ក្រុង​កឹង​ធើ​កំ​ពុង​ត្រៀម​លក្ខណៈ​ចាត់​តាំង ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ ផ្សារ​ភ្ជាប់​នឹង​អភិ​វឌ្ឍ​ទេស​ចរណ៍។ ពិ​ធី​បុណ្យ​នឹង​បើក​ឱ​កាស​ដល់​ភ្ញៀវ​ទេស​ចរ ស្វែង​យល់​អំ​ពី​ជីវ​ភាព​វប្ប​ធម៌ ស្ថា​បត្យ​កម្ម​វត្ត​ខ្មែរ សិល្បៈ​ប្រ​ពៃ​ណី និង​ម្ហូប​អា​ហារ​ដែល​មាន​លក្ខណៈ​ពិ​សេស​នៃ​តំ​បន់​ដី​ណាម​បូ។

​ ពិ​ធី​បើក​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ នឹង​មាន​កម្ម​វិធី​សិល្បៈ​ជា​ច្រើន​ទាក់​ទាញ​អ្នក​ទស្សនា។

ទិវា​បុណ្យ​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) និង​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក​ ង ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦ គ្រោង​នឹង​បើក​វគ្គ​នៅ​រា​ត្រី​ទី ២២ ខែ​វិច្ឆិកា នៅ​ទី​លាន​បាច់​ដាំង សង្កាត់​ភូ​ឡើយ។ ពិ​ធី​ប្រ​ណាំង​ទូក ង​ទី​ក្រុង​កឹង​ធើ​បើក​ទូ​លាយ គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៣ និង​២៤ ខែ​វិច្ឆិ​កា មាន​ទូក ង​ផ្នែក​បុរស និង​នា​រី​ទាំង​ក្នុង និង​ក្រៅ​ទី​ក្រុង​ចូល​រួម​ជាង​៦០​ទូក។ ស្ថិត​ក្នុង​ខ្សែ​សង្វាក់​សកម្ម​ភាព ក៏​មាន​កម្ម​វិធី​បង្ហាញ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​បណ្តា​ជន​ជាតិ​នៅ​រា​ត្រី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា; បណ្តែត​ប្រ​ទីប​តាំង​បង្ហាញ​ទូក​គែ​ហ៊ៅ នៅ​លើ​ដង​ព្រែក Maspero និង​ពិ​ធី​សំ​ពះ​ព្រះ​ខែ​នៅ​វត្ត​ឃ្លាំង។ ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល OCOP ទី​ក្រុង​កឹង​ធើ និង​ផលិត​ផល​ប្រ​ណីត​ប្រ​ចាំ​តំ​បន់ គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ២៤ ខែ​វិច្ឆិ​កា; បរិ​យា​កាស​ម្ហូប​អា​ហារ និង​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ទី​ក្រុង​បម្រើ​ភ្ញៀវ​ទស្ស​នា។ តាម​ថេរ​ដីកា​ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ សុ​ធម្មា​ធិប​តី​រង ក្រុម​ប្រឹក្សា​វិន័យ​ធរ​មជ្ឈិម​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម ប្រ​ធាន​សមា​គម ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិការ​វត្ត​ឃ្លាំង បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង គឺ​ជា​ពិ​ធី​បុណ្យ​ធំ​មួយ​ក្នុង​ចំ​ណោម​ពិ​ធី​បុណ្យ​ធំៗ​របស់​ជន​រួម​ជាតិ​ខ្មែរ ទាក់​ទាញ​ភ្ញៀវ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង។ ដោយ​ឡែក​ក្នុង​បរិ​វេណ​វត្ត រៀង​រាល់​ឆ្នាំ​តែង​ចាត់​តាំង​ពិ​ធី​សំ​ពះ​ព្រះ​ខែ ដើម្បី​ឱ្យ​មា​មីង​ពុទ្ធ​បរិស័ទ​និង​ភ្ញៀវ​ទេស​ចរ​មក​មើល និង​ស្វែង​យល់​អំ​ពី​ពិ​ធី​បុណ្យ​នេះ។ បច្ចុប្បន្ន​ វត្ត​បាន​ ត្រៀម​លក្ខ​ណៈដើម្បី​ចាត់​តាំង​ព្រឹត្តិ​ការណ៍​និង​ទទួល​ស្វា​គមន៍​ភ្ញៀវ។

អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម ទី​ក្រុង​បាន​ចាត់​តាំង​ការ​តាំង​ពិ​ព័រណ៍​ក្រោម​ប្រ​ធាន​បទ “នឹក​ពី​អតីត​កាល” នៅ​សារ​មន្ទីរ​ទី​ក្រុង​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់ ២៥ ខែ​វិច្ឆិកា; តាំង​ពិ​ព័រ​ណ៌សៀវ​ភៅ “វប្ប​ធម៌​បំ​ភ្លឺ​ផ្លូវ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មុខ”; សម្តែង​ល្ខោន​កៃ​លឿង រឿង​ “សំ​នៀង​ទន្លេ​ហូវ”។ សកម្ម​ភាព​អុជ​ធូប នៅ​បូជ​នីយ​ដ្ឋាន​ក្សត្រ​ហុង និង​ស្តូប​រំលឹក​គុណ​អ៊ំ​ហូ ក៏​បាន​ចាត់​តាំង​នៅ​ថ្ងៃ​នេះ។ ទន្ទឹម​នឹង​នោះ ទី​ក្រុង​ក៏​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​អនា​ម័យ​បរិស្ថាន និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​សកម្ម​ភាព​នេះ។

ចង្អុល​ការ​អំ​ពី​ការ​ងារ​ត្រៀម​បម្រុង លោក​ស្រី​ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​មន្ទីរ​ជន​ជាតិ​និង​សាស​នា មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ជំ​រុញ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​នេះ។ ការ​ងារ​ផ្សព្វ​ផ្សាយ​គប្បី​អនុ​វត្ត​ឱ្យ​បាន​ឆាប់​ព្រមៗ​គ្នា យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​នៅ​តាម​ផ្លូវ​ច្រក ចូល​ទី​ក្រុង និង​ទី​តាំង​ចាត់​តាំង​ពិ​ធី​បុណ្យ។ កា​សែត និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ បន្ត​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​គ្រប់​សព្វ​អំ​ពី​ការ​ងារ​ត្រៀម​បម្រុង​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ​លើ​ទំ​ព័រ​កា​សែត និង​ថ្នាល​ឌីជី​ថល រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​បរិយា​កាស​ពិ​ធី​បុណ្យ​ដល់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​។

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​របស់​ផ្នែក និង​ភូមិ​ភាគ​នា​នា​ទិវា​បុណ្យ​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) និង​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង ឆ្នាំ ២០២៦ បាន​រំ​ពឹង​ថា នឹង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ បង្កើន​ការ​សាមគ្គី​ក្នុង​សហ​គមន៍​និង​ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើ សន្សឹមៗ​នាំ​យក​វប្ប​ធម៌​ធ្វើ​ជា​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ប្រ​កប​ដោយ​ចីរ​ភាព៕

                                     យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ