(អ.ឡ) - ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោកទ្រឿងកាញ់ត្វៀង បានសំណូមពរដល់មន្ទីរ ស្ថាប័ននិងភូមិភាគនានា ផ្ដុំកម្លាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភាគកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពិសេសកំណើនផលិតផលសរុប (GRDP) ការផ្ដល់ផ្ទេរទុនវិនិយោគរដ្ឋនិងការប្រមូលថវិកា។
នាព្រឹកថ្ងៃទី២៦ ខែតុលា លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ ដើម្បីវាយតម្លៃល្បឿនដំណើរការអនុវត្តនូវបណ្តាភាគកម្រិតនិងដាក់ចេញវិធានការសម្រាប់ដោះស្រាយការលំបាក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងឆ្នាំ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង; លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានាដែលពាក់ព័ន្ធ។

ថ្នាក់ដឹកនាំទីក្រុងក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពសេដ្ឋកិច្ច-សង្គមត្រីមាសទី៤ ឆ្នាំ២០២៦។
យោងតាមមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែតុលា និងរយៈពេល១០ខែកន្លង ឆ្នាំ២០២៦ បន្តមានការវិវឌ្ឍន៍ជាវិជ្ជមាន។ សន្ទស្សន៍ផលិតឧស្សាហកម្មក្នុងខែតុលា ប៉ាន់ស្មានកើនឡើង ២០,២២% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លង; បូកសរុបក្នុងរយៈពេល១០ខែកើនឡើង ១១,៩៣%។ សរុបតម្លៃនៃការលក់រាយទំនិញ និងចំណូលពីសេវាកម្មប្រើប្រាស់សម្រេចជាង ២២៣.០៨៥ ពាន់លានដុង កើនឡើង ២២,៣%។ ចំណែកតម្លៃនីហរ័ណទំនិញនិងចំណូលរូបិយប័ណ្ណបរទេស ប៉ាន់ស្មានសម្រេចជាង ៥,០៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៥៧%។
សកម្មភាពទេសចរណ៍បន្តមានភាពរីកចម្រើន ដោយក្នុងរយៈពេល១០ខែ មានភ្ញៀវទេសចរប្រមាណ ១២,៦៧ លាននាក់ កើនឡើង ៣៣% និងលើស ៣% នៃផែនការប្រចាំឆ្នាំ។ ចំណូលសរុបពីវិស័យទេសចរណ៍សម្រេចប្រមាណ ១១.១១០ ពាន់លានដុង កើនឡើង ២៨% ស្មើនឹង ៩៧% នៃផែនការ។ ផលិតផលស្រូវដែលប្រមូលផលសម្រេចជាង ៤,១ លានតោន ខណៈផលិតផលជលផលសម្រេចជាង ៦៧៦.៧២៤ តោនកើនឡើង ១៥,២៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លង។

លោកត្រឹងភូឡុកថាញ់ ប្រធានស្តីទីមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ផ្តល់ព័ត៌មានអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ទីក្រុងក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។
ក្នុងរយៈពេល១០ខែ ទីក្រុងបានទាក់ទាញវិនិយោគថ្មីចំនួន ៤៤ គម្រោង ក្នុងនោះមានគម្រោងវិនិយោគក្នុងប្រទេសចំនួន ៣៩ ដែលមានទុនចុះបញ្ជីសរុបប្រមាណ ៤៤.៦៩៤ ពាន់លានដុង និងគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៥ ដែលមានទុនសរុប ៣៥,៩២ លានដុល្លារអាមេរិក។ ថ្វីដ្បិតដូច្នេះក៏ដោយ សកម្មភាពរបស់អាជីវកម្មនៅជួបការលំបាក ដោយចំនួនអាជីវកម្មដែលបង្កើតថ្មីថយចុះ ៦,២២% ខណៈចំនួនអាជីវកម្មដែលស្ម័គ្រចិត្តរំសាយបានកើនឡើង ១២៦,០២% បើប្រើបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លង។
គិតត្រឹមថ្ងៃទី២៤ ខែតុលា ចំណូលថវិការដ្ឋសម្រេច ២៣.៣៥៦ ពាន់លានដុង ស្មើនឹង ៨៦,៩% នៃផែនការដែលមជ្ឈិមប្រគល់។ ល្បឿនដំណើរការផ្ដល់ផ្ទេរទុនវិនិយោគរដ្ឋនៅមានភាពយឺតយ៉ាវ។ គិតត្រឹមថ្ងៃទី២៣ ខែតុលា ទីក្រុងបានផ្ដល់ផ្ទេរទុនជាង ១១.៣៥៦ ពាន់លានដុង សម្រេច ៥៩,៦៩% នៃផែនការទុនដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ជូន ដោយនៅសល់ទឹកប្រាក់ប្រមាណ ៧.៦៧១ ពាន់លានដុងដែលត្រូវបន្តផ្ដល់ផ្ទេរ។ គម្រោងសំខាន់ៗជាច្រើននៅតែបន្តជួបបញ្ហាប្រឈមនឹងការរំដោះផ្ទៃដី ចាត់ចែងតាំងទីលំនៅថ្មី ផ្លាស់ប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងការផ្គត់ផ្គង់សម្ភារៈសំណង់។
តាមការវាយតម្លៃរបស់មន្ទីរហិរញ្ញវត្ថុ ក្នុងចំណោមភាគកម្រិតសេដ្ឋកិច្ច-សង្គមចំនួន ៥២ សម្រាប់ឆ្នាំ ២០២៦ ដែលមានកាលកំណត់វាយតម្លៃក្នុងឆ្នាំនេះ បានរំពឹងថា មានភាគកម្រិតចំនួន ៥ សម្រេចលើសតាមសេចក្តីសម្រេចចិត្ត មានភាគកម្រិតចំនួន ៣៧ សម្រេចតាមសេចក្តីសម្រេចចិត្តនិងមានភាគកម្រិតចំនួន ១០ អាចនឹងមិនសម្រេចបាន។ កំណើនផលិតផលសរុប (GRDP) ក្នុងឆ្នាំប៉ាន់ស្មាននឹងកើនឡើង ៨,៥% ទាបជាងគោលដៅនៃសេចក្តីសម្រេចចិត្តដែលបានកំណត់ពី ១០-១០,៥% ។ ភាគកម្រិតមួយចំនួនទៀតដូចជា ទំហំ GRDP ផលិតផលសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ ប្រមូលថវិការដ្ឋ ទុនវិនិយោគសរុបទូទាំងសង្គម និងគុណភាពធនធានមនុស្ស ក៏ប្រឈមនឹងហានិភ័យមិនអាចសម្រេចតាមផែនការ។
ដើម្បីខិតខំសម្រេចឱ្យបានគោលដៅកំណើន GRDP ក្នុងឆ្នាំ ១០,០៧% តាមសេណារីយ៉ូនៃការដឹកនាំ GRDP ក្នុងត្រីមាសទី៤ ត្រូវកើនឡើង ១៦,០៨% ក្នុងនោះ វិស័យឧស្សាហកម្មនិងសំណង់ត្រូវកើនឡើង ១៧,២៦% និងវិស័យសេវាកម្មត្រូវកើនឡើង ២០,៩៤%។ នេះជាសម្ពាធដ៏ធំមួយដែលទាមទារឱ្យទីក្រុង ផ្តុំកម្លាំងដឹកនាំនិងអនុវត្តនូវវិធានការនានាឱ្យបានព្រមៗគ្នានិងមានប្រសិទ្ធភាព ក្នុងរយ:ពេលដែលនៅសល់នៃឆ្នាំនេះ។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកទ្រឿងកាញ់ត្វៀង បានសំណូមពរដល់មន្ទីរ ស្ថាប័ននិងភូមិភាគនានា ផ្ដុំកម្លាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្ដាភាគកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសកំណើន GRDP ការផ្ដល់ផ្ទេរទុនវិនិយោគរដ្ឋ និងការប្រមូលថវិការដ្ឋ។ អង្គភាពនីមួយៗត្រូវត្រួតពិនិត្យឱ្យបានដិតដល់នូវសេណារីយ៉ូកំណើនក្នុងត្រីមាសទី៤ កំណត់ឱ្យបានច្បាស់លាស់នូវការលំបាក បញ្ហាប្រឈមនិងមូលហេតុ ព្រមទាំងស្នើដំណោះស្រាយសមស្រប ដើម្បីធានាការអនុវត្តនូវបណ្ដាភាគកម្រិតដែលបានប្រគល់ជូនបានល្អបំផុត។
ចំពោះការងារប្រមូលថវិការដ្ឋ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរត្រួតពិនិត្យប្រភពចំណូលទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ពង្រឹងការគ្រប់គ្រងពន្ធនិងកម្រៃនានា ដោយមិនឱ្យមានការឆ្លៀតឆ្លកប្រភពដែលត្រូវប្រមូល។ ទន្ទឹមនឹងនោះ ត្រូវលើកកម្ពស់គុណភាពរបាយការណ៍របស់មន្ទីរ និងស្ថាប័ននានា ជាពិសេសក្នុងវិស័យសុខាភិបាលនិងអប់រំ; សហការជាមួយស្ថាប័នស្ថិតិដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានពេញលេញនិងត្រឹមត្រូវស្របតាមស្ថានភាពជាក់ស្តែង។
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា អង្គភាពនានាត្រូវផ្តោតលើការត្រួតពិនិត្យនិងរាយការណ៍ឱ្យបានពេញលេញអំពីការលំបាក បញ្ហាប្រឈមនិងសំណើវិធានការដោះស្រាយ។ នាយកមន្ទីរ ស្ថាប័ន និងថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ច; ម្ចាស់ការសហការជាមួយអង្គភាពពាក់ព័ន្ធ និងចុះបញ្ជីកាលវិភាគធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងឱ្យបានទាន់ពេលវេលា។ ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ច ឬត្រូវការចង្អុលការដោយផ្ទាល់ ត្រូវរាយការណ៍ជាបន្ទាន់ដោយភ្ជាប់ឯកសារពាក់ព័ន្ធ មិនត្រូវទុកឱ្យអូសបន្លាយដែលអាចប៉ះពាល់ដល់ល្បឿនដំណើរការអនុវត្តភារកិច្ចរួម៕
ណាមហឿង - ពេជ្រសឿន