ប៉ុន្មានឆ្នាំមកនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារ មានកសិករជាច្រើននៅភូមិបឹងតានួន ឃុំហាមយ៉ាង ខេត្តវិញឡុង បានមោះមុតវិនិយោគលើទម្រង់ចិញ្ចឹមសត្វសំពោច នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងប្រភពចំណូលលំនឹង។ ក្នុងនោះ គ្រួសារលោកគឹមថើយថេ ជាគំរូ នៃស្មារតីឆ្លងកាត់ការលំបាក និងច្នៃប្រតិដ្ឋឈានឡើងធ្វើមាន។

លោកគឹមថើយថេ កំពុងថែទាំសត្វសំពោច។
រៀនសូត្រដោយខ្លួនឯងដើម្បីជម្នះភាពបរាជ័យ
នាំយើងខ្ញុំទៅទស្សនាទ្រុងចិញ្ចឹមមានទំហំជាង ២០០ ម៉ែត្រការ៉េ បានរចនាយ៉ាងស្រឡះស្រឡំ និងតាមលក្ខណៈវិទ្យាសាស្ត្រនៅខាងមុខផ្ទះ លោកគឹមថើយថេ បានចែករំលែកយ៉ាងលម្អិតអំពីប្រវត្តិនៃការចាប់យកមុខរបរនេះ។ លោកថើយថេ រៀបរាប់ថា កាលពីមុន លោកធ្លាប់ជួបការបរាជ័យ និងខាតបង់ក្នុងការចិញ្ចឹមសត្វ។ ប៉ុន្តែមិនបាក់ទឹកចិត្ត លោកបានម្ចាស់ការស្វែងយល់ រៀនសូត្របច្ចេកទេសចិញ្ចឹមសត្វសំពោចតាមបណ្តាញអ៊ីនធឺណិតដោយខ្លួនឯង។
ដោយឃើញទម្រង់នេះមានសក្តានុពល លោកបានធ្វើដំណើរចុះទៅដល់ខេត្តកាម៉ាវ ដើម្បីទិញសំពោចពូជ១គូ ក្នុងតម្លៃ ៥៥ លានដុង យកមកចិញ្ចឹមសាកល្បង។ ឃើញថាសំពោចធំធាត់ល្អ និងមានប្រសិទ្ធភាព ប៉ុន្មានខែក្រោយមក លោកបានទិញបន្ថែម ២ គូទៀត ហើយបន្តវិនិយោគបន្ថែមសំពោចមេចំនួន ១០ ក្បាលបន្ទាប់ពីមួយឆ្នាំ។ លោកចិញ្ចឹមបណ្តើរ ស្វែងរកទិញឯកសារ សៀវភៅ និងកាសែតមកស្រាវជ្រាវ ព្រមទាំងដកពិសោធន៍ជាក់ស្តែង។ អាស្រ័យដោយក្តាប់បានច្បាស់នូវបច្ចេកទេស ហ្វូងសំពោចរបស់គ្រួសារលោកបានកើនឡើងយ៉ាងឆាប់រហ័ស ពីសំពោចពូជ ១៦ ក្បាលដំបូង រហូតមកដល់ពេលនេះ ចំនួនហ្វូងសំពោច បានកើនឡើងរហូតដល់ជាង ១១១ ក្បាល។
បច្ចេកទេសថែទាំតាមបទដ្ឋាននិងប្រាក់ចំណាយទាប
ចែករំលែកអំពីការចិញ្ចឹម លោកថើយថេ ឱ្យដឹង សត្វសំពោចថ្វីត្បិតតែជាសត្វព្រៃ ប៉ុន្តែងាយស្រួលចិញ្ចឹមប្រសិនបើក្តាប់ច្បាស់លក្ខណៈជីវសាស្ត្ររបស់វា។ សត្វសំពោចចូលចិត្តភាពស្អាតបាត ស្រឡះស្រឡំ មិនអាចទ្រាំនឹងសំណើម កខ្វក់ ឬអាកាសធាតុក្តៅខ្លាំងពេកនោះឡើយ។ ហេតុដូច្នេះ រៀងរាល់ថ្ងៃ លោកតែងបោសសម្អាតអនាម័យទ្រុងស្អាតបាត ធានាភាពស្ងួតស្រឡះ និងតែងតែបាញ់ទឹកធ្វើឱ្យត្រជាក់ដំបូលទ្រុងនារដូវក្តៅ។ បន្ថែមលើនេះ ដោយសារសំពោចមានអត្តចរិតជាសត្វព្រៃ និងងាយខាំគ្នាប្រសិនបើដាក់ចិញ្ចឹមរួមគ្នា លោកបានចែកទ្រុងជាក្រឡាតូចៗដើម្បីចិញ្ចឹមដោយឡែកពីគ្នា។ របបចំណីរបស់សំពោចរួមផ្សំទាំងរុក្ខជាតិ និងសត្វ ដោយបែងចែកជា ២ ពេល/ថ្ងៃ (ព្រឹកនិងល្ងាច)។ ដើម្បីបន្ថយចំណាយឱ្យនៅកម្រិតទាបបំផុត លោកបានស្វែងរកទិញត្រីចម្រុះនៅតាមផ្សារ និងចូលទៅតាមចម្ការដើម្បីទិញផ្លែចេក និងល្ហុងទុំ។ អាស្រ័យហេតុនោះ ចំណាយចំណីសម្រាប់សំពោចមួយក្បាលៗ អស់ត្រឹមតែប្រមាណ ២.០០០ - ៣.០០០ ដុង/ថ្ងៃប៉ុណ្ណោះ។

កម្មាភិបាលសមាគមកសិករឃុំ (ខាងឆ្វេង) បានអញ្ជើញចុះទៅពិនិត្យទម្រង់ចិញ្ចឹមសត្វសំពោចរបស់គ្រួសារលោកគឹមថើយថេ។
ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ
តាមលោកថើយថេ សំពោចផ្សាំងមួយក្បាលអាចកើតកូនបាន៣ល្បាស់ក្នុងមួយឆ្នាំ ដោយក្នុងមួយល្បាស់ៗមានពី ៣ – ៤ ក្បាល។ សំពោចកូនចិញ្ចឹម ៤ – ៥ ខែគឺអាចលក់ធ្វើពូជបាន ចំណែកក្រោយពី ១០ – ១១ ខែ អាចលក់ជាសំពោចមេ។ ជាមធ្យម សំពោចមួយក្បាលចិញ្ចឹមក្នុងរយៈពេល ៥ ខែគឺចំណាយប្រាក់ទិញចំណីត្រឹមតែប្រមាណ ៣០០.០០០ ដុងប៉ុណ្ណោះ ដោយសម្រេចទម្ងន់ចាប់ពី ៣ – ៤ គីឡូក្រាម និងលក់ក្នុងតម្លៃពី ១,៣ – ១,៥ លានដុងក្នុងមួយគីឡូក្រាម។ ដោយឡែកសំពោចមេ (សម្រេចទម្ងន់ ៣,៥ – ៤,៥ គីឡូក្រាមក្នុងមួយក្បាល) មានតម្លៃប្រមាណ ៣០ – ៣៥ លានដុងក្នុងគូ (ញីឈ្មោល)។ រៀងរាល់ឆ្នាំ គ្រួសារលោកលក់ចេញសំពោចសាច់និងសំពោចញីឈ្មោលបានប្រមាណ ៣០ ក្បាល និងសំពោចពូជ ២០ ក្បាល។ ក្រោយពីទូទាត់ចំណាយប្រមាណ ៥០ លានដុង គ្រួសារលោកនៅចំណេញជាង ៣៥០ លានដុងក្នុងមួយឆ្នាំ។
ចាប់ពីគ្រួសារមានជីវភាពលំបាក ខ្វះដីផលិត ទម្រង់ចិញ្ចឹមសត្វសំពោចបានជួយឱ្យប្តីប្រពន្ធលោក គឹមថើយថេ មិនត្រឹមតែចាកផុតក្រប៉ុណ្ណោះទេ ថែមទាំងឈានឡើងជាគ្រួសារធូរធារ និងចិញ្ចឹមកូន ២ នាក់រៀនសូត្របានត្រឹមត្រូវទៀតផង។
វាយតម្លៃអំពីទម្រង់នេះ លោកញ៉ាងវ៉ាំងប៊ិញ - ប្រធានសមាគមកសិករឃុំហាមយ៉ាង បានឱ្យដឹង៖ “លោកគឹមថើយថេ ជាកសិករម្នាក់ក្នុងចំណោមកសិករឆ្លងកាត់ការលំបាក និងច្នៃប្រតិដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាគំរូឆ្នើមសម្រាប់កសិករ រៀនសូត្រនិងធ្វើតាម។ ទម្រង់ចិញ្ចឹមសត្វសំពោចរបស់លោកជាទិសដៅថ្មី នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្ន សមាគមកសិករឃុំកំពុងសហការជាមួយលោកថើយថេ ដើម្បីតាមដានដំណើរការលូតលាស់របស់ហ្វូងសំពោច សំដៅតម្រង់ទិសពង្រីក បើកឱកាសលើកកម្ពស់ប្រាក់ចំណូលជូនបណ្តាសមាជិកនៅលើភូមិឋាន”៕
ស៊ើនម៉ាល័យ - ថាច់ធី