ដើម្បីឆ្ពោះដល់ទិសដៅអប់រំគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ អនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ឃុំថើយអាងហូយ ទីក្រុងកឹងធើ បានដាក់ចេញនូវដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀន កសាងបរិស្ថានរៀនសូត្រស្និទ្ធស្នាល និងផ្ដល់ចំណេះដឹងសម្រាប់សិស្សជនជាតិភាគតិច។

ម៉ោងរៀនរបស់សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់។
មកដល់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ យើងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិវេណសាលាដែលបានកែលម្អមានលក្ខណៈទូលាយ ដាំដើមឈើបង្កើតទេសភាពបៃតង ជ្រះ ស្អាត; មណ្ឌលអាហារដ្ឋាននិងមណ្ឌល អន្តេវាសិកដ្ឋាន មានរបៀបរៀបរយ ស្អាតបាត បង្កបរិស្ថាននិងលក្ខណៈល្អប្រសើរសម្រាប់សិស្សានុសិស្សស្ងប់អារម្មណ៍សិក្សា។ តាមប្រសាសន៍លោក គ្រូគឹមហឿន ចាងហ្វាងសាលាបានឱ្យដឹង បច្ចុប្បន្ន សាលាមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិកទាំងអស់ ៣៧ នាក់ គ្រូបង្រៀនទាំង ១០០% មានកម្រិតវិជ្ជាសម្រេចតាមបទដ្ឋាន និងមួយចំនួនសម្រេចលើសបទដ្ឋាន កំពុងបង្រៀនចំនួន ៨ បន្ទប់ ដោយមានសិស្ស ២៦២ នាក់។ ដើម្បីបម្រើការងារបង្រៀនឱ្យបានល្អ សាលាតែងបង្កលក្ខណៈឱ្យកម្មាភិបាល និងគ្រូបង្រៀនបានទៅបំប៉នវិជ្ជាជីវៈ ជំរុញការច្នៃប្រតិដ្ឋ និងផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ដើម្បីបង្កជាកម្លាំងជំរុញឱ្យសិស្សានុសិស្សរៀនសូត្រ និងលត់ដំបានល្អបំផុត។ “ដោយលក្ខណៈពិសេសជាសាលាជនជាតិអន្តេវាសិក សិស្សានុសិស្សភាគច្រើនជាកូនចៅជនរួមជាតិខ្មែរ ហើយប្អូនៗនៅមានការអល់អែកពេលរៀនវិញ្ញាសាភាសាអង់គ្លេស ដូចជាមិនហ៊ានអាន និងមិនហ៊ានបញ្ចេញសូរសៀងអានជាដើម។ ដើម្បីជម្នះការលំបាកទាំងនោះនិងទាក់ទាញសិស្ស ក្រៅពីការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ខ្ញុំក៏បានរៀបចំល្បែងលេងកម្សាន្ត និងបង្កើតក្លឹបសន្ទនាភាសាអង់គ្លេស ដើម្បីបង្កការទាក់ទងគ្នាទៅវិញទៅមក ជួយឱ្យសិស្សានុសិស្សមានចំណង់ចំណូលចិត្ត និងចូលចិត្តវិញ្ញាសាមួយនេះកាន់តែខ្លាំងឡើង”។ លោកគ្រូស៊ើងឋាន គ្រូបង្រៀនភាសាអង់គ្លេស បានចែករំលែកដូច្នេះ។
ក្រៅពីការផ្ទេរចំណេះដឹង លោកគ្រូ អ្នកគ្រូតែងយកចិត្តទុកដាក់ចែករំលែកនូវមនោសញ្ចេតនានិងការលំបាកទាំងឡាយក្នុងការសិក្សា ក៏ដូចជាក្នុងជីវភាពរស់នៅរបស់ប្អូនៗ។ “ពួកប្អូនអរគុណយ៉ាងខ្លាំងចំពោះលោកគ្រូ អ្នកគ្រូដែលតែងតែទូន្មាន និងយកចិត្តទុកដាក់មើលថែពួកប្អូនដូចជាសមាជិកក្នុងគ្រួសារ។ ដើម្បីតបស្នងសងគុណទាំងនោះ ពួកប្អូននឹងខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីទទួលបានលទ្ធផលល្អបំផុត” នេះជាការរៀបរាប់របស់ប្អូនឡឹមជីហាវ សិស្សថ្នាក់ទី៨A។ ជាមួយនឹងការអស់ពីចិត្ត និងការទទួលខុសត្រូវរបស់កងជួរកម្មាភិបាល និងគ្រូបង្រៀនក្នុងការបង្រៀន បាននិងកំពុងលើកកម្ពស់គុណភាពអប់រំរបស់សាលាបន្តិចម្ដងៗ។ រៀងរាល់ឆ្នាំ អត្រាសិស្សដែលសម្រេចនិទ្ទេសសិក្សាគ្រាន់បើនិងល្អ គឺជិត៧០% សិស្សជាង ៩៨% មានចរិយាសម្បត្តិគ្រាន់បើនិងល្អ អត្រាសិស្សឡើងថ្នាក់និងប្រឡងជាប់សញ្ញាបត្រថ្នាក់ទី៩ សម្រេច ១០០%។
“ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន សាលាបន្តកសាងបរិស្ថានអប់រំដោយយកសិស្សធ្វើជាមជ្ឈមណ្ឌល សកម្មផ្លាស់ថ្មីកម្មវិធីសិក្សាគ្រប់វិញ្ញាសា ប្រមូលផ្តុំលើដំណោះស្រាយដើម្បីលើកកម្ពស់គុណភាពសិក្សារបស់សិស្ស។ ជាមួយគ្នានេះ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានផ្លាស់ប្តូរឌីជីថល រួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ បន្តជាទីពឹងផ្អែកសិក្សាដ៏រឹងមាំសម្រាប់កូនចៅជនជាតិភាគតិចនៅភូមិភាគ” លោកគ្រូគឹមហឿន ចាងហ្វាង សាលា បានឱ្យដឹងដូច្នេះ៕
ថាញ់វ៉ាង-ដាលីន