13/10/2026 - 20:08

ជូន​ជី​ដូន​ជី​តា​ ក្រោយ​ពី​ពិ​ធី​បុណ្យ​សែន​ដូន​តា​ 

ក្រោយ​ប៉ុន្មាន​ថ្ងៃ​ទទួល​ដូន​តា​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា ជន​រួម​ជាតិ​ខ្មែរ​បាន​ប្រា​រព្ធ​ពិ​ធី​ជូន​ដោយ​ធ្វើ​ជា​ទូក​ស្រ​ទប​ចេក​ខាង​ក្នុង​មាន​រៀប​ដាក់​បាយ​ នំ ចំ​ណី ផ្លែ​ឈើ គ្រឿង​សែន​ផ្សេងៗ។ នៅ​វត្ត​សំ​រោង​ឯក អនុ​សង្កាត់​ទី​៧ សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង ពុទ្ធ​បរិ​ស័ទ​ច្រើន​កុះ​ករ​បាន​ចូល​រួម សម្តែង​នូវ​កតញ្ញូ​កត​វេទិ​តា​ធម៌ និង​រក្សា​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី។

ពិ​ធី​ជូន​ដូន​តា មុន​ពេល​បណ្តែត​ទូក​នៅ​វត្ត​សំ​រោង​ឯក។

ព្រះ​តេជ​ព្រះ​គុណ គឹម​ហ្វឹង ព្រះ​ចៅ​អធិការ​រង​វត្ត​សំ​រោង​ឯក មាន​ថេរ​ដី​កា៖ តាម​ជំ​នឿ​ប្រ​ជា​ប្រិយ​ខ្មែរ ក្នុង​រយៈ​ពេល ១៥ ថ្ងៃ​នៃ​ពិ​ធី​បុណ្យ​ភ្ជុំ​បិណ្ឌ​សែន​ដូន​តា ព្រ​លឹង​ដូន​តា​បាន​មក​ស្វែង​រក​កូន​ចៅ​តាម​វត្ត ឬ​តាម​ផ្ទះ​សាច់​ញាតិ ដើម្បី​ទទួល​ចំ​ណែក​បុណ្យ​ដែល​បាន​ឧទ្ទិស​ជូន។ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា នៅ​រាល់​គ្រួ​សារ​បាន​សម្អាត​ផ្ទះ​សម្បែង រៀប​ចំ​កន្លែង​សែន​ព្រេន ទី​សក្ការ​បូ​ជា​ស្អាត​បាត។ រៀប​អន្សំ​ជ្រូក  នំ​គម ផ្លែ​ឈើ និង​ម្ហូប​អា​ហារ; អម​ជា​មួយ​ផ្កា​ស្រស់​ ធូប ទៀន​ជា​ដើម។ តាម​របៀប​ពី​ដើម ពិ​ធី​សែន​នៅ​ផ្ទះ​ជា​ទូ​ទៅ​ប្រ​ព្រឹត្ត​ឡើង​ប្រ​ហែល​នៅ​ម៉ោង​១៧ ជា​ពេល​ដែល​គោ​ក្រ​បី​ចូល​ក្រោល។ ម្ចាស់​ផ្ទះ​អាច​អញ្ជើញ​លោក​អា​ចារ្យ ឬ​ចាស់​ព្រឹទ្ធា​ចារ្យ​ដែល​ចេះ​ដឹង​ពី​ទំ​នៀម​ទម្លាប់​មក​ជួយ​បូង​សង្រួង។ កូន​ចៅ​អង្គុយ​ជុំ​គ្នា រំលឹក​ដល់​គុណូប​ការៈ​ដែល​បាន​ផ្តល់​កំ​ណើត ចិញ្ចឹម​បី​បាច់​រក្សា។ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ មា​មីង​ក៏​បាន​ទៅ​វត្ត​វេរ​ភត្ត​ប្រគេន​ព្រះ​សង្ឃ ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ។

                                                                                    

មា​មីង​ដង្ហែ​ក្បូន​ជូន​ដូន​តា នៅ​វត្ត​សំ​រោង​ឯក។

នៅ​ពេល​ជួប​ជុំ​បាន​បញ្ចប់​ ពិ​ធី​ជូន​ក៏​បាន​ប្រ​ព្រឹត្ត​ឡើង។ មាន​គ្រួ​សារ​ខ្លះ​ចាត់​តាំង​នៅ​ផ្ទះ មាន​អ្នក​ខ្លះ​ទៅ​វត្ត​រួម​គ្នា​រៀប​ចំ និង​ប្រគេន​ទេយ្យ​ទាន។ នៅ​វត្ត​សំ​រោង​ឯក ទូក​តូចៗ​បាន​រចនា​ឡើង​យ៉ាង​ហ្មត់​ចត់ តុប​តែង​លម្អ​ក្បូរ​ក្បាច់​រចនា​ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ខ្មែរ។ ចំ​ពោះ​គ្រួ​សារ​ដែល​ចាត់​តាំង​នៅ​ផ្ទះ មនុស្ស​ចាស់​បាន​ណែ​នាំ​កូន​ចៅ​កាត់​យក​ស្រទប​ចេក​ដែល​មាន​ប្រ​វែង​ប្រហែល ៧០​–៨០ សង់​ទី​ម៉ែត្រ រចនា​ធ្វើ​ជា​ទូក​យ៉ាង​ប៉ិន​ប្រ​សប់ ហើយ​រៀប​ចំ​ណី​អា​ហារ និង​គ្រឿង​សែន​ព្រេន​ខាង​ក្នុង។ នំ​មួយ​មុខៗ​បាន​កាត់​ជា​ចំ​ណិត ដាក់​លាយ​ជា​មួយ​បាយ និង​កញ្ចប់​អង្ករ អំ​បិល​វេច​ខ្ចប់​ដោយ​ស្លឹក​ចេក។ ទៅ​តាម​លក្ខណៈ​គ្រួ​សារ គ្រឿង​សែន​ព្រេន​មាន​ទាំង​ស្រូវ ពោត សណ្ដែក​ ស្លា​ម្លូរ បា​រី ព្រម​ទាំង​បង្អែម​ជា​ដើម។ ទាំង​នេះ​គឺ​ជា​វត្ថុ​ធា​តុ​ដែល​ធ្លាប់​មាន​ក្នុង​ជីវ​ភាព បាន​រៀប​ចំ​ដូច​ជា​ស្បៀង​អា​ហារ​សម្រាប់​ដំ​ណើរ​ផ្លូវ​ឆ្ងាយ។ តាំង​ពី​ជ្រើស​រើស​វត្ថុ​ធាតុ​ដើម រហូត​ដល់​ការ​តុប​តែង រៀប​ចំ​អា​ហារ ដំ​ណាក់​ការ​នី​មួយៗ​តែង​បាន​ផ្ចិត​ផ្ចង់ តាម​រយៈ​នោះ ក្មេងៗ​មាន​ឱ​កាស​រៀន​ពី​របៀប​ធ្វើ​ទូក និង​យល់​ដឹង​ពី​អត្ថ​ន័យ​នៃ​ទំ​នៀម​ទម្លាប់​ពី​ដូន​តា ឪ​ពុក​ម្ដាយ។

ទូក​ផ្ទុក​ពេញ​ដោយ​ចំ​ណី​អា​ហារ គ្រឿង​សែន​ព្រេន​បាន​បណ្ដែត​ទៅ​តាម​ព្រែក ស្រះ បឹង ក្នុង​ពិ​ធី​ជូន​ដូន​តា។

នៅ​ក្បាល​ទូក​សាង​ខាង​ មាន​ដោត​ទង់​ក្រ​ពើ​តំ​ណាង​ឱ្យ​ព្រ​លឹង​ដូន​តា; ទូក​ខ្លះ​ទៀត​មាន​ដាក់​រូប​ទីង​មោង​ទៀត​ផង។ ក្រោយ​ពី​បញ្ចប់ មា​មីង​អុជ​ធូប ទៀន បូង​សង្រួង​ជូន​លើក​ចុង​ក្រោយ មុន​នឹង​បណ្ដែត​ទៅ​ក្នុង​ព្រែក ស្រះ ឬ​បឹង។ តាម​ទស្សនៈ​ប្រ​ជា​ប្រិយ ចំ​ណែក​អា​ហារ​ទាំង​នោះ​គឺ​ជា​ស្បៀង​ដើម្បី​សាច់​ញាតិ​ដែល​ចែក​ឋាន បាន​ទៅ​កាន់​ទី​បរម​សុខ ក្រោយ​ពី​បាន​រស់​នៅ​ជា​មួយ​កូន​ចៅ។ ក្រៅ​ពី​នឹក​រលឹក​គុណ ពិ​ធី​នេះ​ក៏​ជា​ការ​ផ្តាំ​ផ្ញើ​ក្តី​ប្រាថ្នា​គ្រួ​សារ​បាន​សេច​ក្តី​សុខ- ចម្រើន ការ​ងារ​រក​ស៊ី​ត្រ​ជាក់​ត្រ​ជំ ដំ​ណាំ​ដាំ​ដុះ​បាន​ផល​កាក់​កប។ ទូក​ស្រ​ទប​ចេក​ប្រ​កប​ដោយ​មនោ​សញ្ចេត​នា​របស់​អ្នក​នៅ​រស់ សម្តែង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ហ្មត់​ចត់ ចាប់​តាំង​ពី​ទទួល​រហូត​ដល់​ពេល​ជូន​ដំ​ណើរ។ ទោះ​បី​រៀប​ចំ​នៅ​ផ្ទះ ឬ​នៅ​វត្ត​ក៏​ដោយ​អត្ថ​ន័យ​នោះ​នៅ​តែ​បាន​មា​មីង​គោ​រព​ថែ​រក្សា​រៀង​រាល់​ឆ្នាំ។

ប្រ​ភព​ដើម​នៃ​ទំនៀម​បណ្ដែត​ទូក​បាន​បក​ស្រាយ​តាម​រយៈ​រឿង​ព្រេង​បុរាណ​ខ្មែរ “ទន្លេ​ស្ងួត កន្ទួត​មួយ​ដើម”។ រឿង​បាន​និទាន​ថា មាន​ឈ្មួញ​មួយ​ក្រុម​បាន​ធ្វើ​ដំ​ណើរ​តាម​សំ​ពៅ​ទៅ​ដល់​កោះ​មួយ​ដែល​មាន​ពួក​ប្រេត​ជា​ច្រើន​បាន​ចាប់​ពួក​គេ​ស៊ី​ជា​អា​ហារ។ ដើម្បី​សុំ​ដោះ​លែង​អា​យុ​ជី​វិត ពួក​គេ​បាន​សន្យា​ថា​ពេល​ត្រ​ឡប់​មក​ដល់​ស្រុក​វិញ នឹង​ជូន​ដំ​ណឹង​ដល់​សាច់​ញាតិ​របស់​ពួក​ប្រេត​ទាំង​នោះ​ឱ្យ​ធ្វើ​បុណ្យ និង​ឧទ្ទិស​កុសល​ជូន។ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​យល់​ព្រម ដោយ​ផ្ដាំ​ថា​ត្រូវ​នាំ​យក​បាយ គ្រឿង​សែន​ព្រេន​ទៅ​ប្រ​គេន​ព្រះ​សង្ឃ ព្រម​ទាំង​ធ្វើ​ជា​ទូក ឬ​ក្បូន​រៀប​អា​ហារ​ រួច​បណ្ដែត​តាម​ទឹក​។ តាម​ដំ​ណាល​ក្នុង​ប្រ​ជា​ប្រិយ ពិ​ធី​នេះ​ជា​ទូ​ទៅ​បាន​ប្រារព្ធ​នៅ​ថ្ងៃ ១ កើត ខែ​អស្សុជ បន្ទាប់​ពី​ពិ​ធី​បុណ្យ​សែន​ដូន​តា ហើយ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ រឿង​ព្រេង​បាន​រួម​ចំ​ណែក​ពន្យល់​ពី​ជំ​នឿ​ដែល​ផ្សារ​ភ្ជាប់​នឹង​ការ​រៀប​ចំ​ស្បៀង​អា​ហារ និង​ការ​ឧទ្ទិស​ផល​បុណ្យ។ នៅ​វត្ត​សំ​រោង​ឯក នា​ឱ​កាស​នេះ​ក៏​បាន​បង្កើត​ភាព​ស្និទ្ធ​ស្នាល​រវាង​ពុទ្ធ​បរិស័ទ​ព្រម​ទាំង​ក្រើន​រំលឹក​កូន​ចៅ​ជំ​នាន់​ក្រោយ​ឱ្យ​នឹក​ពី​ប្រ​ភព​ដើម និង​រក្សា​កតញ្ញូ​កត​វេទិតា​ធម៌៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ