កំសាន្ត រឿងពីនេះពីនោះ

11/09/2026 - 05:54

តើ​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​បែប​ណា​ ដើម្បី​ជួយ​រក្សា​ថាម​ពល​បាន​ពេញ​មួយ​ថ្ងៃ​ 

អ្នក​ជំ​នាញ​ផ្នែក​អា​ហា​រូប​ត្ថម្ភបាន​លើក​ឡើង​ថា​ ការ​រក្សា​ថាម​ពល​ឱ្យ​បាន​យូរ​អង្វែង​ គឺ​កើត​ចេញ​ពី​ការ​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ដែល​មាន​តុល្យ​ភាព​ ការ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​និង​រក្សា​ទម្លាប់​ទទួល​ទាន​អា​ហារ​សម​ស្រប​ ជា​ជាង​ពឹង​លើ​ជាតិ​កាហ្វេ​អ៊ីន។ ខាង​ក្រោម​នេះ​ គឺ​ជា​ចំ​ណុច​សំ​ខាន់​ៗមួយ​ចំ​នួន​ក្នុង​អា​ហារ​ពេល​ព្រឹក​ ដែល​អ្នក​ជំ​នាញ​ផ្នែក​អា​ហា​រូប​ត្ថម្ភបាន​ណែ​នាំ​ ដើម្បី​ជួយ​រក្សា​កម្រិត​ថាម​ពល​ឱ្យ​លំ​នឹង​ពេញ​មួយ​ថ្ងៃ​។

​ ​រូប​ថត​ជា​ឧទាហរណ៍​។

ផឹក​កាហ្វេ​ឱ្យ​បាន​សម​ស្រប​

យោង​តាម​អ្នក​ជំ​នាញ​ផ្នែក​អា​ហា​រូប​ត្ថម្ភជន​ជាតិ​អា​មេ​រិក​ លោក​ស្រី​ Valerie Agyeman រាង​កាយ​ទទួល​យក​ថាម​ពល​ពី​សារ​ធា​តុ​ចិញ្ចឹម​ មិន​មែន​ពី​ជាតិ​កាហ្វេ​អ៊ីននោះ​ទេ​។

កាហ្វេ​អាច​ធ្វើ​ឱ្យ​មាន​អា​រម្មណ៍​ស្វា​ហាប់​ភ្លាម​ៗ ប៉ុន្តែ​អា​ហារ​ដូច​ជា​ សា​វ័ន (ស្រូវ​សា​ឡីម្យ៉ាង​) ស៊ុត​ ទឹក​ដោះ​គោ​ជូរ​ ឬ​ផ្លែ​ឈើ​ដែល​ទទួល​ទាន​នៅ​ពេល​ព្រឹក​ ទើប​ជា​ប្រ​ភព​ផ្តល់​សារ​ធា​តុ​ចិញ្ចឹម​ និង​កាឡូ​រី​ដែល​ជួយ​រក្សា​ថាម​ពល​បាន​យូរ​អង្វែង​។

ដូច្នេះ​ កាហ្វេ​គួរ​តែ​ទទួល​ទាន​ជា​មួយ​អា​ហារ​ពេល​ព្រឹក​ដែល​តុល្យ​ភាព​ ហើយ​មិន​គួរ​ទទួល​ទាន​ជំ​នួស​អា​ហារ​ពេល​ព្រឹក​នោះ​ទេ​។

លើស​ពី​នេះ​ កាហ្វេ​និង​តែ​ដែល​មិន​ដាក់​ស្ករ​ ក៏​អាច​ជា​ផ្នែក​មួយ​នៃ​របប​អា​ហារ​ដែល​ល្អ​ផង​ដែរ​។ ប្រ​សិន​បើ​មាន​អា​រម្មណ៍​ហត់​បន្ទាប់​ពី​ផឹក​កាហ្វេ​ មូល​ហេ​តុ​ភាគ​ច្រើន​អា​ចប​ណ្តា​លមក​ពី​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​ ការ​ទទួល​ទាន​អា​ហារ​មិន​បាន​គ្រប់​គ្រាន់​ ឬ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ជាតិ​កាហ្វេ​អ៊ីន មិន​មែ​នប​ណ្តា​លមក​ពី​ការ​ខ្វះ​ជាតិ​ទឹក​ ដូច​ដែល​អ្នក​ជា​ច្រើន​តែង​គិត​នោះ​ទេ​។

ត្រូវ​ប្រាកដ​ថា​ អា​ហារ​ពេល​ព្រឹក​សម្បូរ​ទៅ​ដោយ​ប្រូ​តេអ៊ីន

អ្នក​ជំ​នាញ​បាន​ណែ​នាំ​ថា​ គួរ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​អា​ហារ​ពេល​ព្រឹក​ដែល​មាន​តុល្យ​ភាព​ សម្បូរ​ទៅ​ដោយ​ប្រូ​តេអ៊ីន ដើម្បី​ជួយ​រក្សា​ថាម​ពល​ឱ្យ​មាន​លំ​នឹង​។ អា​ហារ​ដំ​បូង​ក្នុង​ថ្ងៃ​មាន​សារ​ធា​តុ​ចិញ្ចឹម​គ្រប់​គ្រាន់​ កាន់​តែ​ជួយ​ឱ្យ​មាន​អា​រម្មណ៍​ឆ្អែត​បាន​យូរ​ និង​បង្ក​ជា​មូល​ដ្ឋាន​សម្រាប់​ការ​ជ្រើស​រើស​ការ​ហូប​ចុក​ ល្អ​ប្រសើរ​ជាង​មុន​ពេញ​មួយ​ថ្ងៃ​។

អា​ហារ​ពេល​ព្រឹក​មួយ​ពេល​ គួរ​រួម​បញ្ចូល​ប្រូ​តេអ៊ីន កាបូ​អ៊ីដ្រា​ត និង​ជាតិ​ខ្លាញ់​ដែល​មាន​ប្រ​យោជន៍​។ ជម្រើស​ដែល​សម​ស្រប​ រួម​មាន​ ស៊ុត​ ទឹក​ដោះ​គោ​ជូរ​ក្រិក​ ទទួល​ទាន​ជា​មួយ​ផ្លែ​ឈើ​ នំ​ប៉័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ពេញ​លេញ​ ឬ​សា​វ័ន (ស្រូវ​សា​ឡីម្យ៉ាង​) ផ្សំ​ជា​មួយ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ ឬ​ប៊័រ​គ្រាប់​ធញ្ញជាតិ​។

សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ទម្លាប់​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ អាច​បែង​ចែក​ជា​ពីរ​ពេល​តូច​ៗ។ ឧទាហរណ៍​ អាច​ទទួល​ទាន​ចេក​មួយ​ផ្លែ​ និង​កាហ្វេ​ ទឹក​ដោះ​គោ​មួយ​កែវ​ដែល​រៀប​ចំ​នៅ​ផ្ទះ​ បន្ទាប់​មក​ទទួល​ទាន​បន្ថែម​នំ​ប៉័ង​លាប​ប៊ឺរស​ណ្ដែក​ដី​ ឬ​អា​ហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូ​តេអ៊ីន នៅ​ពេល​ទៅ​ដល់​កន្លែង​ធ្វើ​ការ​។

អា​ហារ​សម្រន់​ជួយ​ការ​ពារ​ការ​ធ្លាក់​ចុះ​ថាម​ពល​

ភាគ​ច្រើន​មាន​អា​រម្មណ៍​ថា​ រាង​កាយ​មាន​សុខ​ភាព​ល្អ​និង​ស្វា​ហាប់​បំ​ផុត​នៅ​ពេល​ទទួល​ទាន​អា​ហារ​ចន្លោះ​ពី​ ៣ ទៅ​ ៤ ម៉ោង​ម្តង​។ ការ​ទុក​ពេល​យូរ​ពេក​ដោយ​មិន​ទទួល​ទាន​អា​ហារ​ អាច​ធ្វើ​ឱ្យ​រាង​កាយ​អស់​កម្លាំង​ ឃ្លាន​និង​បែរ​មក​រក​អា​ហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ដែល​អាច​បង្កើន​ថាម​ពល​បាន​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

អា​ហារ​ដែល​មាន​កាបូ​អ៊ីដ្រា​តចម្រាញ់​ ឬ​ជាតិ​ស្ករ​បន្ថែម​ខ្ពស់​ ដូច​ជា​ នំ​បា​រាំង​ ឬ​ដំ​ឡូង​បា​រាំង​បំ​ពង​ អាច​ធ្វើ​ឱ្យ​មាន​អា​រម្មណ៍​ស្វា​ហាប់​ភ្លាម​ៗ ប៉ុន្តែ​បន្ទាប់​មក​នឹង​ធ្វើ​ឱ្យ​រាង​កាយ​ឃ្លាន​ និង​អស់​កម្លាំង​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​។

ផ្ទុយ​ទៅ​វិញ​ អ្នក​ជំ​នាញ​បាន​ណែ​នាំ​ឱ្យ​ជ្រើស​រើស​អា​ហារ​សម្រន់​ ដូច​ជា​ ទឹក​ដោះ​គោ​ជូរ​ក្រិក​មិន​ដាក់​ស្ករ​ឈីសជា​មួយ​ផ្លែ​ឈើ​ ឬ​នំ​ប៉័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ពេញ​លេញ​។ ជា​ទូ​ទៅ​ គួរ​រួម​បញ្ចូល​ប្រូ​តេអ៊ីន ជាតិ​សរសៃ​ និង​ជាតិ​ខ្លាញ់​ដែល​មាន​ប្រ​យោជន៍​ ដើម្បី​ជួយ​រក្សា​ថាម​ពល​បាន​យូរ​។

រក្សា​រាង​កាយ​ឱ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ពេញ​មួយ​ថ្ងៃ​

ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​កម្រិត​ស្រាល​ ក៏​អា​ចប​ណ្តា​លឱ្យ​មាន​អា​រម្មណ៍​ហេវ​ហត់​ និង​បន្ថយ​សមត្ថ​ភាព​ផ្ចង់​អា​រម្មណ៍​។ ក្រៅ​ពី​ការ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ អា​ហារ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ ដូច​ជា​ ផ្លែ​ឈើ​ បន្លែ​ ទឹក​ដោះ​គោ​និង​ទឹក​ដោះ​គោ​ជូរ​ ក៏​រួម​ចំ​ណែក​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឱ្យ​បាន​គ្រប់​គ្រាន់​។

មិន​គួរ​ទទួល​ទាន​ភេ​សជ្ជៈសម្បូរ​អេឡិច​ត្រូ​លី​ត ឬ​ភេ​សជ្ជៈកី​ឡា​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ជា​ញឹក​ញាប់​នោះ​ទេ​ លើក​លែង​តែ​ត្រូវ​ធ្វើ​ចលនា​រាង​កាយ​មាន​កម្រិត​ខ្លាំង​ និង​មាន​រយៈ​ពេល​លើស​ពី​ ៦០-៩០ នា​ទី​ ពិ​សេស​នៅ​ក្នុង​លក្ខ​ណៈអា​កាស​ធា​តុ​ក្តៅ​និង​សំណើម​ខ្ពស់​។

ផ្តោត​លើ​អា​ហារ​ពេល​ល្ងាច​ដែល​មាន​តុល្យ​ភាព​

អា​ហារ​ពេល​ល្ងាច​ដែល​ខ្វះ​ប្រូ​តេអ៊ីន ជាតិ​សរសៃ​ ឬ​ជាតិ​ខ្លាញ់​ដែល​មាន​ប្រ​យោជន៍​ អាច​ធ្វើ​ឱ្យ​រាង​កាយ​ឆាប់​ឃ្លាន​និង​ខ្វះ​ថាម​ពល​។ ដូច្នេះ​ គួរ​ផ្តោត​លើ​អា​ហារ​ដែល​មាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ គ្រាប់​ធញ្ញជាតិ​ពេញ​លេញ​ គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ ព្រម​ទាំង​ប្រ​ភព​ប្រូ​តេអ៊ីនពី​សត្វ​ ឬ​ពី​រុក្ខ​ជាតិ៕

               ប្រ​ភពៈ tuoitre.vn - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ