30/10/2026 - 21:04

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​ 

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

អ្នក​មីង​ ថា​ច់ ធី​ចៀក​ រីក​រាយ​ក្នុង​ផ្ទះ​ថ្មី​ដែល​ទើប​នឹង​សាង​សង់​។

អ្នក​មីង​ ថា​ច់ ធី​ចៀក​ (កើត​នៅ​ឆ្នាំ​ ១៩៦១) បាន​ឱ្យ​ដឹង​ កាល​ពី​មុន​គ្រួ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល​ទេ​ ជីវ​ភាព​សំ​ខាន់​គឺ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ឈ្នួល​។ ការ​ងារ​មិន​ទៀង​ទាត់​ ប្រាក់​ចំ​ណូល​តិច​តួច​ ម៉្លោះ​ហើយ​ប្រាក់​ដែល​រក​បាន​មក​គ្រាន់​តែ​ល្មម​សម្រាប់​ចំ​ណាយ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ នៅ​ពេល​គ្មាន​ការ​ងារ​ធ្វើ​ សូ​ម្បី​តែ​អា​ហារ​ហូប​ចុក​មួយ​ពេល​ក៏​ត្រូវ​សន្សំ​សំ​ចៃ​ដែរ​។ ហេ​តុ​នេះ​ ថ្វី​ដ្បិត​តែ​មាន​បំ​ណង​ប្រាថ្នា​ចង់​បាន​ផ្ទះ​មួយ​ខ្នង​ដើម្បី​បាំង​ភ្លៀង​បាំង​ក្តៅ​ អ្នក​មីង​នៅ​តែ​មិន​អាច​សន្សំ​ គ្រប់​ប្រាក់​សាង​សង់​។ ការ​ព្រួយ​បា​រម្ភ​អំ​ពី​បាយ​ម្ហូប​ប្រ​ចាំ​ថ្ងៃ​បាន​ធ្វើ​ឱ្យ​ក្តី​សុបិន​ចង់​សង់​ផ្ទះ​ត្រូវ​អូស​បន្លាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

អាយុ​កាន់​តែ​ច្រើន​ កម្លាំង​ពល​កម្ម​កាន់​តែ​ចុះ​ខ្សោយ​ ការ​សន្សំ​ប្រាក់​ដើម្បី​សាង​សង់​ផ្ទះ​រឹត​តែ​លំ​បាក​ជាង​មុន​។ ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៦០ លាន​ដុង​ និង​ជំនួយ​ថវិកា​បន្ថែម​ ១៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​រួម​បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ទើប​សាង​សង់​បាន​ផ្ទះ​គិត​ជា​តម្លៃ​សរុប​ ១២០ លាន​ដុង​។ ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​វេលា​នេះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​មា​នល​ក្ខណៈ​បំ​ពេញ​នូវ​បំ​ណង​ប្រាថ្នា​ជា​យូរ​មក​ហើយ​។ សម្រាប់​អ្នក​មីង​ចៀក​ មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​នៅ​ពេល​វ័យ​ជរា​គឺ​ជា​ក្តី​រីក​រាយ​យ៉ាង​ធំ​ធេង​ ជួយ​ឱ្យ​អ្នក​មីង​បន្ថយ​ការ​ព្រួយ​បា​រម្ភ​អំ​ពី​ជម្រក​ និង​មាន​ការ​ស្ងប់​ចិត្ត​ជាង​នៅ​ក្នុង​ជីវ​ភាព​។ ពេល​រំលឹក​ដល់​ផ្ទះ​ថ្មី​ អ្នក​មីង​ចៀក​ រំភើប​ចិត្ត​ចែក​រំលែក​៖ កាល​ពី​មុន​គ្រួ​សារ​ធ្វើ​ការ​ឈ្នួល​បាន​ត្រឹម​តែ​ផ្ទត់ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្នោះ​ គិត​គូរ​ការ​ហូប​ចុក​ក៏​លំ​បាក​ទៅ​ហើយ​ ម៉្លោះ​ហើយ​មិន​ហ៊ាន​គិត​ដល់​រឿង​សង់​ផ្ទះ​ឡើយ​។ នៅ​ពេល​បាន​បក្ស​ និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ អ្នក​មីង​សប្បាយ​ចិត្ត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ ព្រោះ​បំ​ណង​ប្រាថ្នា​បាន​ក្លាយ​ជា​ការ​ពិត​។ អ្នក​មីង​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​អង្គ​ការ​មហា​ជន​នា​នា​ ដែល​បាន​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ​ដូច​ជា​អ្នក​មីង​ឱ្យ​មាន​កន្លែង​ជ្រក​កោន​បាំង​ក្តៅ​ បាំង​ភ្លៀង​។ ផ្ទះ​ថ្មី​នេះ​ថែម​ទាំង​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ដើម្បី​ឱ្យ​ម្តាយ​និង​កូន​បន្ត​ខិត​ខំ​ធ្វើ​ការ​ គិត​គូរ​ជីវ​ភាព​បន្ត​ទៀត​។

អ្នក​មីង​ ថា​ច់ ធី​ចៀក​ (កណ្តា​ល) សម្តែង​នូវ​ក្តី​រីក​រាយ​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​នៅ​ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​។

លោក​ ថា​ច់ ជោត ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​អូរ​ក្តា​រ បាន​ឱ្យ​ដឹង​ គ្រួ​សារ​អ្នក​មីង​ចៀក​ កាល​ពី​មុន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​របស់​ភូមិ​ គ្មាន​ដី​ផលិត​ ប៉ុន្តែ​តែង​ខិត​ខំ​ធ្វើ​ការ​ងារ​ប្រ​កប​មុខ​របរ​។ បច្ចុប្បន្ន​ អ្នក​មីង​កំ​ពុង​រស់​នៅ​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ក៏​មាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​ក្រុម​ហ៊ុន​មួយ​ មាន​ចំ​ណូល​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ជីវ​ភាព​និង​ថែ​ទាំ​ម្តាយ​។ មក​ទល់​ពេល​នេះ​ គ្រួ​សារ​អ្នក​មីង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ការ​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ រួម​ជា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត​របស់​សមា​ជិក​ក្នុង​គ្រួ​សារ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​គ្រួ​សារ​ជម្នះ​បាន​ការ​លំ​បាក​។

រឿង​រ៉ាវ​របស់​អ្នក​មីង​ ថា​ច់ ធី​ចៀក​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​អត្ថ​ន័យ​ជាក់​ស្តែង​នៃ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ផ្ទះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​។ មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ ប្រ​ជា​ជន​បន្ថយ​ការ​ព្រួយ​បា​រម្ភ​ មា​នល​ក្ខណៈ​បន្ថែម​ផ្តុំ​កម្លាំង​លើ​ការ​ប្រ​កប​មុខ​របរ​ សន្សំ​សំ​ចៃ​ដើម្បី​កែ​លម្អ​ជីវ​ភាព​។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ រួម​ជា​មួយ​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន​របស់​គ្រួ​សារ​នីមួយៗ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​៕

ទីទុយ​

ចែករំលែកអត្ថបទ