ទោះបីកំណើនឥណទានដើមឆ្នាំ ២០២៦ នៅមានកម្រិតទាប ប៉ុន្តែខឿនសេដ្ឋកិច្ចទីក្រុងកឹងធើ នៅតែបានកត់សម្គាល់សញ្ញាវិជ្ជមាន។ ឈានចូលត្រៃមាសទី ៤ ដែលជាត្រៃមាសកំណត់សម្រេច វិស័យធនាគារកំពុងបានរំពឹងទុកជា “ទម្រ” ហិរញ្ញវត្ថុ សហការបើកលំហូរដើមទុន បន្ថយអត្រាការប្រាក់ ដោះស្រាយការលំបាក ជួយឱ្យទីក្រុងសម្រេចទិសដៅកំណើនតួលេខពីរខ្ទង់។

អតិថិជនដោះដូរនៅធនាគារ Vietinbank សាខាទីក្រុងកឹងធើ។
បញ្ជូនទុនទៅក្នុងខឿនសេដ្ឋកិច្ច
យោងតាមធនាគាររដ្ឋវៀតណាម សាខាតំបន់ ១៤ គិតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ សរុបបំណុលឱ្យបុលទូទាំងទីក្រុងកឹងធើចំនួន ៣៣៨.៥៨៩ ពាន់លានដុង កើន ៧,៥៨% បើប្រៀបនឹងពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ឱ្យបុលរយៈពេលខ្លីស្រូបអត្រា ៥៧,៩៦% ឱ្យបុលរយៈពេលមធ្យមនិងរយៈពេលវែងស្រូបអត្រា ៤២,០៤%។ បំណុលឱ្យបុលលើវិស័យកសិកម្ម រុក្ខកម្ម និងជលផលប្រមាណ ៣៨.៤៣០ ពាន់លានដុង ស្រូបអត្រា ១១,៣៥% នៃបំណុលសរុប កំណើន ២៥,៣៨%; ឧស្សាហកម្មនិងសំណង់ ៧០.៥៦២ ពាន់លានដុង ស្រូបអត្រា ២០,៨៤% នៃបំណុលសរុប ថយចុះ ៦,២៦%; ពាណិជ្ជកម្មនិងសេវាកម្ម ១៤៤.១៧១ ពាន់លានដុង ស្រូបអត្រា ៤២,៥៨% នៃបំណុលសរុប កើន ២,០២%...។
លោក ត្រឹងក្វឹកហា នាយកស្តីទីធនាគាររដ្ឋសាខាតំបន់ ១៤ បានឱ្យដឹង៖ ការពិត អាជីវកម្មធំនិងគម្រោងធំៗមួយចំនួននៅលើភូមិឋានទីក្រុងកឹងធើ មិនបុលទុននៅតាមធនាគារពាណិជ្ជកម្មលើភូមិឋានទេ តែបុលទុនដោយផ្ទាល់ពីទីស្នាក់ការធំនៅទីក្រុងហូជីមិញ ឬហាណូយ។ ទោះបីប្រើប្រាស់ទុន និងវិនិយោគគម្រោងនៅកឹងធើ ប៉ុន្តែករណីទាំងនេះមិនបានស្ថិតិទៅក្នុងបំណុលឥណទានរបស់សាខាភូមិភាគទេ។ ព្រោះហេតុនោះ ទិន្នន័យស្ថិតិនៅនឹងកន្លែងទោះបីទាប ប៉ុន្តែការពិតប្រភពទុនដែលបញ្ជូនទៅក្នុងខឿនសេដ្ឋកិច្ចច្រើនណាស់ និងនៅតែរួមចំណែកយ៉ាងសំខាន់ដល់ទិសដៅកំណើនរបស់ទីក្រុង។
ប៉ុន្មានខែដើមឆ្នាំ ឥណទានមានកំណើនអវិជ្ជមាន បច្ចុប្បន្នឥណទានមានសញ្ញាកើនឡើងវិញ។ ក្តីសង្ឃឹមកំណើនឥណទាននៅប៉ុន្មានខែចុងឆ្នាំនឹងមានភាពល្អប្រសើរ ពេលតម្រូវការដើមទុនចល័តសម្រាប់សកម្មភាពផលិតអាជីវកម្មមានលក្ខណៈរដូវកាលជិតនឹងបើកដំណើរការ ជាក់ស្តែង៖ កសិកម្មចាប់ផ្តើមរដូវកាលថ្មី (រដូវប្រាំង); សកម្មភាពសំណង់ (សំណង់ស៊ីវិល ផ្ទះសម្បែង) តាមទម្លាប់ក៏កើនឡើងខ្លាំងនៅចុងឆ្នាំ; សកម្មភាពសេវាកម្ម ផលិត អាជីវកម្មទំនិញក៏ឈានចូលដល់រដូវបុណ្យធំៗ (ណូអែល បុណ្យចូលឆ្នាំសកល បុណ្យចូលឆ្នាំវៀតណាម…) ពេលនោះតម្រូវការប្រើប្រាស់លើភូមិឋាននឹងកើនខ្ពស់។
បើកលំហូរប្រភពធនធាន
តាមប្រសាសន៍លោក ត្រឹងភូឡុកថាញ់ នាយកស្តីទីមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ដើម្បីពង្រីកតួនាទីជាទម្រហិរញ្ញវត្ថុរបស់វិស័យធនាគារ រួមចំណែកក្នុងផែនការកំណើនរបស់ទីក្រុង ចាំបាច់មានការយកចិត្តទុកដាក់របស់ធនាគាររដ្ឋសាខាតំបន់ ១៤ និងធនាគារពាណិជ្ជកម្មនានា បើកទូលាយឥណទានតាមទិសដៅត្រឹមត្រូវ។ មន្ទីរហិរញ្ញវត្ថុនឹងធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនទីក្រុង ឆ្លៀតប្រើប្រាស់ប្រភពដើមទុនវិនិយោគរបស់រដ្ឋ បង្កលំហូរសាច់ប្រាក់ដល់ធនាគារប្រមូលទុន។ ជាក់ស្តែង ជាមួយផែនការទុនដែលរដ្ឋវិនិយោគឆ្នាំ ២០២៦ ចំនួន ២១.០០០ ពាន់លានដុង (បច្ចុប្បន្ន ផ្តល់ផ្ទេរបានប្រមាណ៦០%) មន្ទីរហិរញ្ញវត្ថុនឹងធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនទីក្រុង សំណូរពរឱ្យអ្នកម៉ៅការពេលបើកប្រាក់មុនរបស់គម្រោង ត្រូវបើកគណនីដាក់ប្រាក់នៅធនាគារពាណិជ្ជកម្មលើភូមិឋានទីក្រុងកឹងធើ។ ជាមួយនឹងទឹកប្រាក់ប៉ាន់ស្មានប្រមាណពី ៥.០០០ - ៧.០០០ ពាន់លានដុង នឹងបង្កប្រភពទុនយ៉ាងច្រើន ដើម្បីប្រព័ន្ធធនាគារបន្តធ្វើហិរញ្ញប្បទានឡើងវិញដល់ខឿនសេដ្ឋកិច្ច។
លោក ហ្វិញថាញសឺ នាយករងមន្ទីរឧស្សាហ-ពាណិជ្ជកម្មទីក្រុងកឹងធើ ឱ្យដឹង៖ ក្នុងខែតុលានេះ មន្ទីរឧស្សាហ-ពាណិជ្ជកម្មនឹងត្រួតពិនិត្យនូវអាជីវកម្មលើវិស័យថាមពល នីហរ័ណ ព្រមជាមួយនឹងវិស័យមួយចំនួនទៀតដែលមានតម្រូវការដើមទុនពិតប្រាកដ ក៏ដូចជាមានលទ្ធភាពកៀកជិតដើមទុន ដើម្បីផ្ញើធនាគាររដ្ឋសាខាតំបន់ ១៤ ជូនដំណឹងដល់ធនាគារពាណិជ្ជកម្មនានាពិនិត្យផ្ទៀងផ្ទាត់ឆ្លើយតប។ មន្ទីរក៏បានស្នើ ជំនួសឱ្យការចាត់តាំងសិក្ខាសាលា ឬកិច្ចប្រជុំ នឹងប្តូរទៅទម្រង់អនឡាញពី ៣ - ៥ អាជីវកម្ម និងធនាគារមួយចំនួន ដើម្បីមានទិសដៅពិភាក្សាជាក់ស្តែងអំពីកំណត់តម្លៃទ្រព្យសម្បត្តិ កម្រិតបុលប្រាក់ និងអត្រាការប្រាក់ ដើម្បីដោះស្រាយបញ្ហាជាប់ជំពាក់ទាក់ទងដល់ការកៀកជិតដើមទុន។
លោក វឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បញ្ជាក់៖ អង្គការឥណទាននានាត្រូវតែអនុវត្តម៉ឺងម៉ាត់ទិសដៅកំណើនឥណទាន ធ្វើពិពិធកម្មទម្រង់ប្រមូលដើមទុន ប្រិតសំចៃការចំណាយ ដើម្បីបន្ថយអត្រាការប្រាក់ឱ្យបុល។ ប្រមូលដើមទុនសម្រាប់កម្មវិធីអនុគ្រោះ វិស័យអាទិភាព ដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ ថាមពលបង្កើតឡើងវិញ លំនៅឋានសង្គម ដោះស្រាយការលំបាកអំពីតារាងតម្លៃដីដល់គម្រោងអចលនទ្រព្យ ដើម្បីអាជីវកម្មសម្រេចកាតព្វកិច្ចហិរញ្ញវត្ថុ។ ពង្រីកឥណទានត្រូវដើរទន្ទឹមនឹងបន្ថយអត្រាការប្រាក់ និងសុវត្ថិភាពប្រព័ន្ធ។ ធនាគាររដ្ឋសាខាតំបន់ ១៤ ពង្រឹងការធ្វើអធិការកិច្ច ត្រួតពិនិត្យ ឃ្លាំមើលកម្រិតអត្រាការប្រាក់ប្រមូល និងឱ្យបុល ធានាគុណភាពឥណទាននៅលើភូមិឋានគ្រប់គ្រង៕
មិញហ្វៀង - វិមាន