ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយ៉ុង បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតទូទាំងប្រទេសអំពីជំរុញការចងចម្ព័ន្ធរវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យជាមួយសហគមន៍អាជីវកម្ម ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អ្នកតំណាងចូលរួមនៅទីតាំងតភ្ជាប់ទីក្រុងកឹងធើ។
លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងបណ្តាមន្ទីរ ផ្នែក វិទ្យាស្ថាន សាកលវិទ្យាល័យ និងអាជីវកម្មលើភូមិឋានទីក្រុង អញ្ជើញចូលរួមនៅទីតាំងតភ្ជាប់ទីក្រុងកឹងធើ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីរបត់អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថលជាតិ ប្រព័ន្ធគោលនយោបាយស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រតិដ្ឋ មានការផ្លាស់ប្តូរយ៉ាងសំខាន់ បើកទូលាយសិទ្ធិម្ចាស់ការ និងប្រភពធនធានសម្រាប់ការចងសម្ព័ន្ធនិងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិងអាជីវកម្ម។ មានទម្រង់មួយចំនួនបង្កើតបាននូវបច្ចេកវិទ្យា ផលិតផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព (Viettel) និងសាកលវិទ្យាល័យបច្ចេកវិទ្យា សាកលវិទ្យាល័យជាតិហាណូយ បានប្រគល់និងអនុវត្តលទ្ធផលនៃភារកិច្ចចំនួន ៣ រួមមាន៖ ជំនួយការសរសេរកម្មវិធី CoDev, ទម្រង់ភាសាទូរគមនាគមន៍ TelcoLLM និងមូលដ្ឋានគ្រឹះ AI Platform; ក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើង និងបំពង់ទឹករ៉ាងដុង សហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយតាមរយៈបន្ទប់ពិសោធន៍ និងរោងជាងពិសោធន៍ជាក់ស្តែង រួមចំណែកដល់ការផលិតសម្ភារៈក្នុងប្រទេស និងការអភិវឌ្ឍបច្ចេកវិទ្យា LED; វិទ្យាស្ថានស្រូវតំបន់វាលរាបទន្លេគឺវឡុង បានផ្ទេរពូជស្រូវជូនសម្ព័ន្ធក្រុមហ៊ុន ឡុកទ្រើយ ជាមួយនឹងកម្រិតបង់ប្រាក់ជូនវិទ្យាស្ថាន ២០០ ដុង/គីឡូក្រាម ចំពោះពូជស្រូវដែលបានលក់ចេញ សម្រាប់ពូជ OM ១៨ និង OM ៩៥៧៧ ផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ពីភាគីស្រាវជ្រាវជាមួយនឹងលទ្ធផលប្រើប្រាស់...
ថ្វីដ្បិតតែទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ដោយ ប៉ុន្តែការចងសម្ព័ន្ធរវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យជាមួយសហគមន៍អាជីវកម្មក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅតែមិនទាន់ស្អិតល្មួត និងមិនទាន់មានប្រសិទ្ធភាពជាក់ស្តែងនៅឡើយ។ តម្រូវការជាច្រើនមិនទាន់ក្លាយជាលិខិតបញ្ជាទិញ ហើយលទ្ធផលស្រាវជ្រាវជាច្រើនក៏មិនទាន់បានសុក្រឹតដើម្បីយកទៅអនុវត្ត និងធ្វើពាណិជ្ជកម្មនៅឡើយ។ ប្រធានបទ និងភារកិច្ចស្រាវជ្រាវជាច្រើន មិនទាន់ផ្តើមចេញពីតម្រូវការជាក់ស្តែងនៃខឿនសេដ្ឋកិច្ច និងតម្រូវការរបស់អាជីវកម្ម ទីផ្សារ។
ថ្លែងបូកសរុបក្នុងអង្គសន្និបាត ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយ៉ុង បានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពនៃកាចងសម្ព័ន្ធរវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិងអាជីវកម្ម មិនត្រឹមតែវាយតម្លៃតាមរយៈចំនួនកិច្ចសន្យា ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្ហាញតាមរយៈចំនួនបច្ចេកវិទ្យាដែលបានផ្ទេរជូន ផលិតផលដែលបានធ្វើពាណិជ្ជកម្ម និងតម្លៃបន្ថែមដែលបានបង្កើតឡើងសម្រាប់ខឿនសេដ្ឋកិច្ច។ បណ្តាក្រសួង ផ្នែក និងភូមិភាគគប្បីតម្រង់ទិសបញ្ជីរាយនាមបច្ចេកវិទ្យា អាទិភាពផ្តើមចេញមកពីសមត្ថភាព និងតម្រូវការអភិវឌ្ឍន៍របស់ផ្នែក និងភូមិភាគរបស់ខ្លួន។ បណ្តាវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ គប្បីម្ចាស់ការទំនាក់ទំនងជាមួយអាជីវកម្ម។ ផ្ទុយទៅវិញ អាជីវកម្មក៏ត្រូវមានភាពក្លាហាន ម្ចាស់ការនិងទទួលខុសត្រូវដោយខ្លួនឯងលើសកម្មភាពស្រាវជ្រាវ ការអនុវត្តបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មលើផលិតផល។ រដ្ឋនឹងដើរតួនាទីជាអ្នកអមដំណើរ គាំទ្រ និងទទួលយកហានិភ័យជាមួយអាជីវកម្មក្នុងគម្រោងស្រាវជ្រាវ សាកល្បង និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ៕
មីថាញ - វ៉ាន់តឹន