ជីវិតមមាញឹកនិងប្រញាប់ប្រញាល់ភាគច្រើនគេគ្រាន់តែញ៉ាំអាហារយ៉ាងប្រញាប់ ញ៉ាំក្នុងពេលដើរ បើមិនដូច្នោះទេក៏ញ៉ាំទាំងបើកអេក្រង់ទូរស័ព្ទ កុំព្យូទ័រឬមើលទូរទស្សន៍។ ប៉ុន្តែការញ៉ាំតាមរបៀបនេះអាចប៉ះពាល់អាក្រក់ដល់សុខភាព។ ការញ៉ាំយឺតៗនិងផ្តោតអារម្មណ៍ជួយឱ្យដំណើរការរំលាយអាហារកាន់តែប្រសើរ អនុញ្ញាតឱ្យរាងកាយនិងខួរក្បាលចាប់បានទាន់នូវបរិមាណអាហារបរិភោគនិងអាចជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរជាង។

រូបថតជាឧទាហរណ៍។
លោកស្រី Caitlin Beale អ្នកជំនាញខាងអាហារូបត្ថម្ភនៅក្រុមហ៊ុនថែទាំសុខភាព Signos (សហរដ្ឋអាមេរិក) បានចង្អុល បង្ហាញអំពីអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យនៃការញ៉ាំយឺតៗ។
ជួយកាត់បន្ថយទម្ងន់
ការញ៉ាំយឺតៗអាចជួយឱ្យមានអារម្មណ៍ឆ្អែតលឿនជាង ហេតុនេះក៏ស្រូបយកកាឡូរីតិចជាង។ សញ្ញានៃការចង់ញ៉ាំនិងការឆ្អែតបានផ្ញើទៅខួរក្បាល ដើម្បីបញ្ជាថាញ៉ាំបន្តឬឈប់ញ៉ាំ ឧទាហរណ៍ប្រភេទ អរម៉ូននានាប្រាប់ខួរក្បាលថាឆ្អែតដល់កម្រិតណា។
ការញ៉ាំលឿនពេកអាចរារាំងវិធីដែលខួរក្បាលទទួលសញ្ញាទាំងនេះ។ ការញ៉ាំយឺតៗសំខាន់ណាស់ ព្រោះវាជួយឱ្យអរម៉ូនទាំងនេះមានពេលវេលាដំណើរការ កាត់បន្ថយអារម្មណ៍ឃ្លាននិងចង់ញ៉ាំ ដូច្នេះនឹងញ៉ាំតិចជាង។
ការសិក្សាមួយនៅឆ្នាំ២០១៧ របស់សាកលវិទ្យាល័យ Kyushu (ប្រទេសជប៉ុន) បង្ហាញថា អ្នកញ៉ាំយឺតៗនឹងរំលាយអាហារបានប្រសើរជាងនិងមានអារម្មណ៍ឆ្អែតលឿនជាង។ ជាមធ្យម អ្នកញ៉ាំយឺតជាងមានចង្កេះតូចជាងនិងសន្ទស្សន៍ម៉ាស់រាងកាយទាបជាង តាមគេហទំព័រព័ត៌មានសុខភាព Eating Well។
ការសិក្សាមួយទៀតពីសមាគមបេះដូងអាមេរិក បង្ហាញថា អ្នកញ៉ាំលឿនមានលទ្ធភាពមានរោគ សញ្ញារំលាយអាហារខ្ពស់ជាង១១% បង្កើនហានិភ័យកើតបញ្ហាសុខភាពធ្ងន់ធ្ងរ។
កែលម្អការរំលាយអាហារ
ការញ៉ាំយឺតៗជួយឱ្យប្រព័ន្ធរំលាយអាហារមានពេលវេលាគ្រប់គ្រាន់ដំណើរការបានល្អនិងបំបែកអាហារទៅជាថាមពលនិងសារធាតុចិញ្ចឹម។ ការទំពាឱ្យបានល្អក៏គាំទ្រការរំលាយអាហារ។ អាហារបានទំពាតូចជាងនឹងងាយរំលាយជាង។
ហើយការសិក្សាចង្អុលបង្ហាញថា ការទំពាច្រើន ក៏បង្កើនលំហូរឈាមទៅកាន់ក្រពះនិងពោះវៀន ដូច្នេះអ្វីៗគ្រប់យ៉ាងដំណើរការបានប្រសើរជាង។
ជួយដល់ការភ្លក្សរសជាតិអាហារ
ការញ៉ាំយឺតៗជួយឱ្យអ្នកមានពេលវេលាភ្លក្សរសជាតិអាហារនិងវាយតម្លៃរសជាតិ ព្រមទាំងដឹងពីអារម្មណ៍ពេលញ៉ាំ។ ការញ៉ាំយឺតៗជួយឱ្យដឹងកាន់តែច្បាស់អំពីបរិមាណអាហារកំពុងញ៉ាំ ដឹងលឿននៅពេលណាឆ្អែតនិងភ្លក្សរសជាតិឆ្ងាញ់របស់អាហារ។
ការញ៉ាំយឺតជួយឱ្យអ្នកមានពេលវេលាផ្អាកនិងពិនិត្យអារម្មណ៍របស់ខ្លួន ដូច្នេះមានលទ្ធភាពតិចជាងក្នុងការញ៉ាំច្រើនពេក។
ដំបូន្មានជាក់ស្តែងដើម្បីញ៉ាំយឺតៗ
តាមអ្នកជំនាញ Beale មានវិធីសាស្ត្រដ៏ប្រសិទ្ធភាពមួយចំនួនជួយឱ្យញ៉ាំយឺតជាង រួមមាន៖
ទំពាយ៉ាងតិច២០ដងមុននឹងលេប។ រឿងនេះស្តាប់ទៅហាក់ដូចជាចម្លែក ប៉ុន្តែការសិក្សាបង្ហាញថា ការទំពាអាហារច្រើនជួយកាត់បន្ថយបាន១៥% នៃបរិមាណអាហារបរិភោគ។ ការទំពាច្រើនក៏អាច ជួយបញ្ជៀសការទល់ពោះឬបញ្ហារំលាយអាហារផ្សេងទៀត។ ការទំពាច្រើនជាវិធីទូទៅដើម្បីញ៉ាំយឺតជាងនិងជួយកាត់បន្ថយទម្ងន់ តាមគេហទំព័រជំនាញខាងសុខភាព Signos។
បិទអេក្រង់។ រឿងនេះជួយឱ្យអ្នកអាចយកចិត្តទុកដាក់បន្ថែមទៅលើអាហារដែលនៅចំពោះមុខ។
រួមបញ្ចូលប្រភេទចំណីអាហារពិបាកញ៉ាំ។ អាហារសម្បូរជាតិសរសៃឬអាហារសម្រន់ស្រួយអាចធ្វើឱ្យអ្នកពិបាកញ៉ាំបន្តិច ដូច្នេះពួកវាអាចជួយអ្នករៀនវិធីញ៉ាំយឺតជាង។ ការសិក្សាមួយបង្ហាញថា រចនាសម្ព័ន្ធអាហាររឹងជាងកាត់បន្ថយថាមពលសរុបស្រូបចូលបាន១៦%និងកាត់បន្ថយល្បឿនញ៉ាំបាន៣២%ធៀបនឹងអាហារទន់។
សាកល្បងញ៉ាំដោយស្មារតីដឹងខ្លួន (សមាសតិ)។ មានន័យថាដឹងអំពីរូបភាពអាហារ រសជាតិនិងអារម្មណ៍ពេលទំពារ៕
ប្រភព៖ thanhnien.vn - សុផន