17/11/2026 - 06:03

តឹង​ថាញ់ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​ 

ជា​មួយ​ទិស​ស្លោក​យក​ប្រ​ជា​ជន​ជា​ស្នូល រយៈ​ពេល​កន្លង ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​នូវ​គោលន​យោ​បាយ​សុខុ​មាល​ភាព​សង្គម គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​លំ​នៅ​ឋាន​បាន​សាង​សង់​ឡើង មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​មាន​កន្លែង​នៅ​លំ​នឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ទំនុក​ចិត្ត​និង​កម្លាំង​ចលករ​បន្ថែម​ដើម្បី​គ្រួ​សារ​នី​មួយៗ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ទៀត​ផង។

 កម្មា​ភិបាល​ឃុំ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ពូ​ស៊ើង​បេ ( ទី​៣​រាប់​ពី​ស្តាំ ) នៅ​ភូមិ​តឹង​លិត
 ឃុំតឹងថាញ់។

ផ្តើម​ពី​កម្ម​វិធី គោល​ន​យោ​បាយ​ជន​ជាតិ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​សម្រាប់​ជន​ជាតិ​ភាគ​តិច នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​យ៉ាង​ធំ​ធេង ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​យ៉ាង​ច្បាស់។ នៅ​ភូមិ​តឹង​លិត ពូ​ស៊ើង​បេ ជា​គ្រួ​សារ​ក្រ​មាន​ស្ថាន​ភាព​លំ​បាក គ្មាន​ដី​បង្ក​បង្កើន​ផល ជីវ​ភាព​សំ​ខាន់​ពឹង​លើ​ការ​ស៊ី​ឈ្នួល; ហើយ​ប្រ​ពន្ធ​ថែម​ទាំង​មាន​ជំងឺ​ជា​ប្រ​ចាំ ម្ល៉ោះ​ហើយ​ការ​គិត​គូរ សង់​ផ្ទះ​ឱ្យ​បាន​រឹង​មាំ​គឺ​ជា​ការ​លំ​បាក។ ហេតុ​ដូច្នេះ ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ គ្រួ​សារ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ តាម​សម្តី​ពូ ការ​ឧបត្ថម្ភ​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​មាន​ផ្ទះ​រស់​នៅ​រឹង​មាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ចល​ករ​ដើម្បី​លំ​នឹង​ជីវ​ភាព​សន្សឹមៗ​ឆ្លង​ផុត​ការ​លំ​បាក។ ពូ​ស៊ើង​បេ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​បង្ក​បង្កើន​ផល មាន​តែ​ដី​មួយ​ចំ​ណែក​តូច​សម្រាប់​សង់​ផ្ទះ ម្ល៉ោះ​ហើយ​ជីវ​ភាព​នៅ​មាន​ការ​លំ​បាក​ច្រើន។ ឆ្នាំ ២០២៤ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ថវិកា ៦០ លាន​ដុង​ដើម្បី​សង់​ផ្ទះ ព្រម​ទាំង​ខ្ចី​បន្ថែម​ពី​សាច់​ញាតិ ទើប​គ្រួ​សារ​មាន​លក្ខណៈ​សង់​បាន​ផ្ទះ​រឹង​មាំ​ដូច្នេះ។ មាន​ផ្ទះ​រឹង​មាំ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ មិន​បា​រម្ភ​រឿង​ភ្លៀង​ខ្យល់ ហើយ​មាន​កម្លាំង​បន្ថែម​ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង រក​ស៊ី លំ​នឹង​ជីវ​ភាព។ ក្រៅ​ពី​ឧបត្ថម្ភ​លំ​នៅ​ឋាន រដ្ឋ​នៅ​ទាំង​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​គោ​ញី​មួយ​ក្បាល​ដើម្បី​បន្ត​ពូជ ឥឡូវ​បាន​កើន​ឡើង​៣ ក្បាល ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​មើល​ថែ កាត់​ស្មៅ​គោ ចំ​ណែក​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ឱ្យ​មា​មីង​អ្នក​ស្រុក បាន​ពី ២៥០​.០០០ - ៣០០​.០០០ ដុង​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ”។

ជា​មួយ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​អនុ​វត្ត​ទាន់​ពេល ប្រ​ជា​ជន​មាន​លក្ខណៈ​បន្ថែម​ដើម្បី​លំ​នឹង​ជីវ​ភាព មោះ​មុត​អភិវឌ្ឍន៍​ផលិត​កម្ម។ ផ្តើម​ពី​នោះ ទិដ្ឋ​ភាព​ភូមិ ស្រុក ក៏​បាន​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជីវ​ភាព សម្ភារៈ និង​ស្មារតី​របស់​មា​មីង​បាន​លើក​កម្ពស់​បន្តិច​ម្តងៗ។ លោក​ត្រឹង​វ៉ាំង​ហ្គឹម ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​តឹង​លិត ឃុំ​តឹង​ថាញ់ ឱ្យ​ដឹង៖ “បច្ចុប្បន្ន ក្នុង​ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ  ១១ គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ ១២ គ្រួ​សារ​ប៉ុណ្ណោះ។ ពិ​សេស​គឺ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​មា​មីង​ជន​ជាតិ​ភាគ​តិច ដូច​ការ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន ឧបត្ថម្ភ​ចិញ្ចឹម​សត្វ ផ្តើម​ពី​នោះ​មា​មីង​ក៏​មាន​លក្ខណៈ​ប្រ​កប​ការ​ងារ​រក​ស៊ី អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​សង់​ផ្ទះ​សម្បែង​សម​រម្យ ដើម្បី​លំ​នឹង​ជីវ​ភាព”។

អា​ស្រ័យ​គោ​លន​យោ​បាយ និង​ការ​អស់​ពី​ចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច មក​ដល់​ពេល​នេះ តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៃ​ឃុំ​តឹង​ថាញ់ កំ​ពុង​ផ្លាស់​ថ្មី​គ្រប់​ផ្នែក។ មិន​ត្រឹម​តែ​ជីវ​ភាព​សេដ្ឋ​កិច្ច​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​ថែម​ទាំង​លើក​កម្ពស់​ស្មារតី​មហា​សាមគ្គី​ជន​ជាតិ ព្រួត​ដៃ​រួម​កម្លាំង​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​ប្រ​ជា​ជន តាំង​ទី​លំ​នៅ​កាន់​តែ​អភិវឌ្ឍ​ផង​ដែរ៕   

ដា​លីន - លី​សៀ

ចែករំលែកអត្ថបទ