ផ្ដើមពីគល់ឈើដែលគេគិតថាអាចត្រឹមតែធ្វើអុស យុវជនថាច់សីលា នៅភូមិផ្សារ ឃុំផុងថាញ់ ខេត្តវិញឡុង បានបញ្ចេញទេពកោសល្យនិងភាពប៉ិនប្រសប់របស់ខ្លួន ច្នៃគល់ឈើទាំងនោះឱ្យក្លាយជាស្នាដៃចម្លាក់ដ៏មានតម្លៃ។ ដោយមានការតស៊ូ អំណត់ព្យាយាម និងចិត្តស្រឡាញ់លើមុខរបរនេះ សីលាបានចាប់ផ្តើមកសាងជីវភាពស្ថិរភាពបន្តិចម្តងៗ ព្រមទាំងរួមចំណែកបង្កការងារជូនយុវជនក្នុងភូមិ។

ថាច់សីលា កំពុងផ្ចិតផ្ចង់ឆ្លាក់និងច្នៃរូបរាងនៅលើគល់ឈើ។
នៅមូលដ្ឋានចម្លាក់ឈើ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៣ មានស្នាដៃចម្លាក់ជាច្រើនដែលបានច្នៃនិងឆ្លាក់យ៉ាងផ្ចិតផ្ចង់ ទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន។ វណ្ណកម្មដែលលេចធ្លោមានដូចជា រូបសត្វឥន្ទ្រីមានកម្ពស់ជិត ២ ម៉ែត្រ រូបសត្វតំណាងឆ្នាំទាំង ១២ និងចម្លាក់ "នាគហង្សជុំគ្នា" ព្រមទាំងរូបសត្វតំណាងជំនឿជាច្រើនប្រភេទដែលមានទំហំតូចៗ សម្រាប់ដាក់តាំងបង្ហាញនិងតុបតែងលម្អ។
តាមការរៀបរាប់របស់សីលា វត្ថុធាតុដើមជាសំខាន់គឺគល់គគីរ អង្កោលនិងអំពិលបារាំងដែលមានភាពរឹងមាំនិងធន់បានយូរ។ បន្ទាប់ពីជ្រើសរើសបានគល់ឈើសមស្របហើយ ជាងចម្លាក់ត្រូវសង្កេតមើល ភិនភាគធម្មជាតិរបស់គល់ឈើដើម្បីកំណត់រូបរាងស្នាដៃ ដោយបញ្ចូលនូវវណ្ណកម្មចម្លាក់ទៅលើសាច់ឈើឱ្យមានប្រសិទ្ធភាព។ អាស្រ័យលើទំហំនិងភាពស្មុគស្មាញ ផលិតផលនីមួយៗត្រូវចំណាយពេលពី ១៥ ទៅ ២០ ថ្ងៃ ខណៈស្នាដៃដែលមានទំហំខ្លះត្រូវចំណាយពេលប្រមាណ ២ ទៅ ៣ ខែ ទើបអាចសម្រេចរួចរាល់។ ដើម្បីមានជំនាញដូចសព្វថ្ងៃនេះ សីលាបានឆ្លងកាត់ដំណើរការសិក្សារៀនសូត្រ និងសន្សំបទពិសោធន៍ដោយឥតឈប់ឈរ។
ឆ្នាំ ២០១២ ក្នុងអំឡុងពេលស្នាក់នៅបួសរៀននៅវត្តជោវ័នសង្វាមាស សីលាបានដឹងសិល្បៈចម្លាក់ពីគល់ឈើ ហើយក៏បានទៅវត្តកំពង់ពោធិព្រឹក្ស ដើម្បីសុំរៀនសូត្របទពិសោធន៍ពីលោកគ្រូគឹមថា។ បន្ទាប់ពីរៀនចម្លាក់អស់រយៈពេល ៣ ឆ្នាំ សីលាបានត្រឡប់មកវត្តកំណើតវិញនិងបានលាចាកសិក្ខាបទ ហើយធ្វើដំណើរទៅខេត្តបារៀ-វុងតាវ ដើម្បីធ្វើការនៅមូលដ្ឋានចម្លាក់ឈើមួយកន្លែង ក្នុងគោលបំណងបន្តពង្រឹងនិងលើកកម្ពស់ជំនាញរបស់ខ្លួន។
ឆ្នាំ២០១៧បងសម្រេចវិលមកស្រុកដើម្បីបង្កើតអាជិពជាមួយរបរដែលបានរៀន។ដំណាក់កាលដំបូងដោយសារខ្វះដើមទុន សីលាត្រូវទៅធ្វើការងារសំណង់បន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយក៏ឆ្លៀតពេលស្វែងរកវត្ថុធាតុដើមនិងធ្វើការចម្លាក់នៅពេលដែលទំនេរ។ ស្នាដៃដំបូងដែលសីលាលក់បាន គឺផលិតផលចម្លាក់ធ្វើពីគល់អង្កោលដែលអ្នកភូមិឱ្យ លក់ក្នុងតម្លៃ ៧៥ លានដុង។ ទោះបីត្រូវចំណាយប្រាក់ ៨ លានដុងសម្រាប់ជួលឈ្នួលដឹកជញ្ជូនក៏ដោយ ប៉ុន្តែការលក់លើកនេះបានផ្តល់កម្លាំងចិត្តបន្ថែមដល់សីលា ក្នុងការចាប់យកអាជីពចម្លាក់គល់ឈើនេះ។

មូលដ្ឋានចម្លាក់គល់ឈើរបស់ថាច់សីលា បានបង្កការងារនិងផ្តល់ឱកាសបន្ថែមដល់យុវជនក្នុងភូមិដើម្បីរៀនជំនាញនិងពង្រីកសេដ្ឋកិច្ច។
ចាប់ពីពេលនោះមក សីលាបានចាប់ផ្តើមវិនិយោគលើឧបករណ៍ប្រើប្រាស់បន្តិចម្តងៗ និងបង្កើតមូលដ្ឋានចម្លាក់នៅផ្ទះរបស់ខ្លួន។ ក្រៅពីការដាក់បង្ហាញផលិតផលដោយផ្ទាល់ សីលាក៏បានប្រើប្រាស់បណ្តាញសង្គម ដូចជា Zalo, Facebook និង TikTok ដើម្បីផ្សព្វផ្សាយផលិតផលនិងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ ដោយសារការផ្សព្វផ្សាយនេះ ទើបផលិតផលសិប្បកម្មរបស់សីលា បានអតិថិជននៅខេត្តវិញឡុង កឹងធើ ឡុងអាង ដុងថាបនិងកាម៉ៅ ស្គាល់កាន់តែច្រើន។ មិនត្រឹមតែពង្រីកមុខរបររបស់ខ្លួនប៉ុណ្ណោះទេ សីលាថែមទាំងបានទទួលបង្រៀនជំនាញដោយឥតគិតថ្លៃដល់យុវជនក្នុងភូមិ ២ នាក់។ បន្ទាប់ពីបានសិក្សារៀនសូត្រ និងហ្វឹកហាត់ជំនាញមួយរយៈយុវជនទាំងពីរនាក់នេះ ទទួលបានការងារធ្វើលំនឹងនៅមូលដ្ឋានចម្លាក់ឈើក្នុងខេត្តឡុងអាងនិងប៊ិញយឿង។
សីលាមានគម្រោងបន្តពង្រីកមូលដ្ឋាន និងរៀបចំកន្លែងតាំងបង្ហាញផលិតផល ដើម្បីឱ្យអតិថិជនអាចចូលមកទស្សនា និងជ្រើសរើសផលិតផលតាមចំណង់ចំណូលចិត្ត។ សីលា ចែករំលែក៖ "ដោយសារខ្ញុំបានខិតខំរៀនសូត្រកាលនៅជាសង្ឃ ទើបខ្ញុំមានជំនាញមួយនេះនៅក្នុងដៃ"។ លោកត្រឹងវ៉ាំងទឹង អនុប្រធានគណៈប្រជាជនភូមិផ្សារ ឱ្យដឹង៖ "ថាច់សីលា ជាយុវជនម្នាក់ដែលមានការឧស្សាហ៍ព្យាយាម ស្ថិតក្នុងគ្រួសារដែលមានជីវភាពលំបាក។ ដោយសារការខិតខំរៀនជំនាញ និងឆន្ទៈក្នុងការតស៊ូឈានឡើង សីលាបានបង្កើតមុខរបរមួយប្រកបដោយស្ថិរភាព ព្រមទាំងរួមចំណែកដោះស្រាយការងារធ្វើជូនពលករក្នុងភូមិភាគ"។
ផ្ដើមពីគល់ឈើដែលមើលទៅហាក់ដូចជាគ្មានតម្លៃ ប៉ុន្តែសីលាបានច្នៃបង្កើតជាផលិតផលសិល្បៈប្រណីតៗ និងមានលក្ខណៈពិសេស ដោយបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនសម្រាប់អាជីពនេះបន្តិចម្តងៗ។ ដំណើរនៃការបង្កើតមុខរបររបស់យុវជនថាច់សីលា គឺជាសក្ខីភាពបង្ហាញពីស្មារតីតស៊ូព្យាយាម ជម្នះការលំបាក ខិតខំប្រឹងប្រែងរៀនសូត្រ និងការបំប្លែងនូវចំណង់ចំណូលចិត្តឱ្យទៅជាមុខរបរចិញ្ចឹមជីវិតនៅលើភូមិកំណើតរបស់ខ្លួន៕
ពេជ្រ សឿន