ដោយបានកៀកជិតប្រភពទុនឧបត្ថម្ភរបស់រដ្ឋ ទើបគ្រួសារខ្មែរជាច្រើននៅទីក្រុងកឹងធើ បានមោះមុតវិនិយោគផលិត បង្កើតទម្រង់រកស៊ីចិញ្ចឹមជីវិតសមស្រប បង្កប្រភពចំណូលលំនឹង។ ដោយឆន្ទៈប្តូរផ្តាច់ និងខិតខំប្រឹងប្រែង ហេតុនោះមានគ្រួសារជាច្រើនបានឈានឡើងធូរធារ កែលម្អជីវភាព និងគិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវ។
ប្រហែលជា ២០ ឆ្នាំមុន នៅពេលទើបរៀបការរួច គ្រួសារបងលីតៀង និងបងស្រីស៊ើងធីថាញហ្វា នៅភូមិ B១ ឃុំតឹងឡុង ជាគ្រួសារក្រលំបាក គ្មានដីផលិត។ ជីវភាពគ្រួសារផ្អែកលើប្រាក់ធ្វើការឈ្នួលជាសំខាន់ ហើយប្រាក់ចំណូលមិនលំនឹងទៀតផង។ ចំពោះមុខស្ថានភាពនោះ រដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់ ជ្រើសឧបត្ថម្ភគ្រួសារគាត់បុលទុនអភិវឌ្ឍការផលិត។ ផ្តើមពីប្រភពទុនបានឧបត្ថម្ភនោះ ប្តីប្រពន្ធបងស្រីហ្វា សម្រេចចិត្តវិនិយោគចិញ្ចឹមក្របី។ បងស្រីថាញហ្វា ឱ្យដឹង៖ "ឆ្នាំ ២០១៣ គ្រួសារខ្ញុំបានរដ្ឋឱ្យបុលប្រាក់ ២០ លានដុង ខ្ញុំទិញក្របីអស់ ១៥ លានដុង នៅសល់ ៥ លានដុងគ្រួសារខ្ញុំសង់ទ្រុង។ ពីមុនខ្ញុំក៏ធ្លាប់ចិញ្ចឹមហើយ ហេតុនោះពេលបានឧបត្ថម្ភ ខ្ញុំជ្រើសចិញ្ចឹមក្របីជារបររកស៊ីចិញ្ចឹមជីវិត ដើម្បីចិញ្ចឹមកូនរៀនសូត្រ និងផ្គត់ផ្គង់ជីវភាពគ្រួសារ"។

បងលីតៀង និងបងស្រីស៊ើងធីថាញហ្វា នៅភូមិ B១ ឃុំតឹងឡុង កំពុងឱ្យចំណីក្របី។
ដោយសារមានបទពិសោធន៍ ព្រមទាំងខិតខំប្រឹងប្រែង ទ្រាំលំបាករបស់ពីរនាក់ប្តីប្រពន្ធ ទើបចំនួនក្របីកាន់តែកើនឡើងជាលំដាប់។ មានពេលខ្លះកើនឡើងដល់ជាង ១០ ក្បាលឯណោះ។ ដើម្បីម្ចាស់ការប្រភពចំណីឱ្យក្របី គ្រួសារគាត់បានទិញចំបើងស្តុកទុកផង និងដាំស្មៅផង។ ពេលត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព ប្តីប្រពន្ធគាត់លក់ក្របីពីរបីក្បាលដើម្បីលៃលក។
ពិសេស ប៉ុន្មានឆ្នាំមកនេះ ប្រភពចំណូលពីលក់ក្របី គ្រួសារគាត់ជួលដីស្រែបានជាង ១០ កុង ដើម្បីផលិតស្រូវ ពង្រីកការរកស៊ីចិញ្ចឹមជីវិត និងបង្កើនប្រាក់ចំណូល។ ហេតុនោះ ជីវភាពកាន់តែលំនឹង កូនៗបានបន្តការរៀនសូត្រ។ បងស្រីហ្វា ឱ្យដឹងបន្ថែម៖ "ទម្រង់ចិញ្ចឹមក្របីនេះ ផ្តល់សេដ្ឋកិច្ចល្អបង្គួរ។ នៅពេលមានអ្នកបញ្ចាំដីស្រែ ខ្ញុំយកប្រាក់លក់ក្របីជួលដីស្រែរបស់មាមីង ដើម្បីរកចំណូលបន្ថែមជូនគ្រួសារ"។
មិនត្រឹមតែគ្រួសារបងតៀងនិងបងស្រីហ្វានោះទេ ផ្តើមពីប្រភពឧបត្ថម្ភរបស់រដ្ឋ គ្រួសារខ្មែរលំបាកជាច្រើនទៀតនៅឃុំតឹងឡុង ក៏ជ្រើសបានទម្រង់ផលិតសមស្របដើម្បីឈានឡើងធូរធារផងដែរ តួយ៉ាងដូចគ្រួសារបងស្រីយ័ញធីហុង នៅភូមិ A២ ឃុំតឹងឡុង បានជ្រើសទម្រង់ចិញ្ចឹមជ្រូក។ ពីមុនគ្រួសារបងស្រីហុង ក៏គ្មានសម្ភារៈផលិតដែរ ជីវភាពពឹងផ្អែកទាំងស្រុងទៅលើប្រាក់ធ្វើជាងកំបោររបស់ប្តី។ ផ្តើមពីប្រភពទុនឧបត្ថម្ភ គាត់បានវិនិយោគចិញ្ចឹមជ្រូក។ ជ្រូកមួយល្បាស់ៗមានរយៈពេលប្រមាណ ៤ ខែ ទើបលក់ចេញម្តង។ ជាក់ស្តែង ក្រោយពីសន្សំសំចៃពីការចិញ្ចឹមជ្រូកជាច្រើនល្បាស់ ទើបសេដ្ឋកិច្ចគ្រួសារបានកែលម្អជាបណ្តើរៗ។ បច្ចុប្បន្ន ក្រៅពីជ្រូកសាច់ បងស្រីក៏ចិញ្ចឹមជ្រូកមេពីរក្បាលដើម្បីមានប្រភពកូនពូជចិញ្ចឹមបន្ត។ មើលជ្រូកដែលទើបចិញ្ចឹមប្រហែលពីរខែ បងស្រីហុង ឱ្យដឹងដោយក្តីរីករាយ៖ "ដោយសារចិញ្ចឹមជ្រូក ទើបខ្ញុំសង់បានផ្ទះក្រោយ និងចិញ្ចឹមកូនរៀនសូត្រ។ កូនច្បង រៀនចប់ថ្នាក់ទី ១២ ក៏ឈប់រៀន ទើបទៅធ្វើការនៅវ៉ុងតាវបានពីរបីខែ រីឯកូនស្រីតូចកំពុងរៀនថ្នាក់ទី ១២"។

បងស្រីយ័ញធីហុង នៅភូមិ A២ ឃុំតឹងឡុង កំពុងថែទាំជ្រូករបស់គ្រួសារ។
តាមប្រសាសន៍លោក ថាច់ហឿង ប្រធានសមាគមកសិករឃុំតឹងឡុង ក្រោយពីរួមបញ្ចូលឃុំ ជនរួមជាតិខ្មែរស្រូបអត្រាជាង ២០% នៃចំនួនប្រជាជនទូទាំងឃុំ។ ប្រជាជនប្រកបរបរកសិកម្មជាសំខាន់ ក្នុងនោះមានធ្វើស្រែ ចិញ្ចឹមសត្វ និងវារីវប្បកម្ម។ លោក ថាច់ហឿង បញ្ជាក់៖ "ពេលខាងមុខ សមាគមកសិករឃុំនឹងបន្តត្រួតពិនិត្យទម្រង់នេះ និងវាយតម្លៃគុណភាព ប្រសិទ្ធភាពជាក់ស្តែងរបស់ទម្រង់បន្ទាប់ពីវិនិយោគ ដើម្បីមានវិធានការពង្រីក។ ទន្ទឹមនឹងនោះ មានវិធានការបន្តឧបត្ថម្ភគ្រួសារដែលមានលក្ខណៈគ្រប់គ្រាន់ និងមានតម្រូវការកៀកជិតប្រភពទុនបុលពីធនាគារគោលនយោបាយ ដើម្បីបន្តអភិវឌ្ឍទម្រង់ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់កម្រិតរស់នៅជូនប្រជាជន"។
ផ្តើមពីដើមទុនឧបត្ថម្ភដំបូង ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ទ្រាំលំបាក និងប្តេជ្ញាចិត្តឈានឡើងរបស់មាមីង មានគ្រួសារខ្មែរជាច្រើននៅឃុំតឹងឡុង ទីក្រុងកឹងធើ បង្កើតបានទម្រង់រកស៊ីចិញ្ចឹមជីវិតសមស្រប រកបានប្រាក់ចំណូល លំនឹងជីវភាពជាបណ្តើរៗ។ តាមរយៈនោះ បង្ហាញឱ្យឃើញថា ពេលប្រភពទុនគោលនយោបាយបានប្រគល់ចំមុខសញ្ញា រួមផ្សំនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន និងការរួមដំណើររបស់រដ្ឋអំណាចភូមិភាគ នឹងក្លាយជាកម្លាំងចលករសំខាន់ ជួយឱ្យមាមីងអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព៕
ដាលីន - វិមាន