ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យអកអំបុក នៅលើដងព្រែក Maspero សំឡេងហ៊ោអបអរសាទរនៃពិធីបុណ្យប្រណាំងទូក ងបានបន្លឺឡើងយ៉ាងកងរំពង។ ប៉ុន្តែ រួមដំណើរជាមួយទូក ងលឿនលយជ្រែកទឹក ប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយក៏មានចំណាប់អារម្មណ៍ចំពោះទូកគែហ៊ៅដែលបានរចនាក្បូរក្បាច់រំលេចពណ៌យ៉ាងប្រណីតផងដែរ។ មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកប៉ុណ្ណោះទេ ទូកគែហ៊ៅនៅទាំងជានិមិត្តរូបនៃភាពស្រស់ស្អាត ប្រកបដោយលក្ខណៈសិល្បៈនិងជំនឿវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។
ស្នាដៃសិល្បៈដ៏ឆ្នើមលើដងព្រែក
ទូកគែហ៊ៅបានបោះពីដើមឈើធំទាំងមូលតាមទម្រង់"ទូកលុង"ដោយមានផ្នែកក្បាលទូកនិងកន្សៃទូក ងខ្ទើត។ ទូកគែហ៊ៅនីមួយៗគឺជាវណ្ណកម្មសិល្បៈដ៏ប្រណិត ដែលបានតភ្ជាប់និងតុបតែងស្អិតស្អាងយ៉ាងផ្ចិតផ្ចង់ដោយស្នាដៃចម្លាក់ គំនូររំលេចពណ៌ស្រស់ស្អាត ប្រកបដោយលក្ខណៈវប្បធម៌ខ្មែរណាមបូ។ រចនាសម្ព័ន្ធទូកគែហ៊ៅចែកជា៣ផ្នែកដោយមានមុខងារផ្សេងៗគ្នា។ ផ្នែកក្បាលទូកបានរចនាភ្នែកមួយគូ ជាកន្លែងដាក់ច្រវានិងព្យួរប្រដាប់ប្រដាជាចាំបាច់។ ចំណុចលេចធ្លោជាងគេគឺផ្នែកកណ្តាលជាកន្លែងបានតុបតែងដូចជាបន្ទប់មួយ ដោយមានជញ្ជាំងឈើព័ទ្ធជុំវិញឆ្លាក់ក្បូរក្បាច់រចនា នោះគឺជាកន្លែងសម្រាប់ព្រះចៅអធិការវត្តនិងលោកតាអាចារ្យគង់ អង្គុយ។ ចុងក្រោយបង្អស់ គឺកន្សៃទូកក៏បានតុបតែងជាកន្លែងសម្រាប់អ្នកកាន់ចង្កូត។
ប្រសិនបើទូក ង បានចាត់ទុកជាទូកអុំមានល្បឿនលឿន ដូច្នេះ ទូកគែហ៊ៅគឺជា "ទូកបញ្ជាការ"ពិតប្រាកដ។ ពីដើម ទូកនេះជាមធ្យោបាយសម្រាប់ដឹកព្រះសង្ឃនិងអ្នកមានប្រិយភាពដើម្បីបញ្ជាការក្រុមទូក ង ព្រមទាំងដឹកស្បៀងអាហារ ភេសជ្ជៈបម្រើកីឡាករទូក ង។ សម្រាប់មាមីងជនរួមជាតិខ្មែរ ទូកគែហ៊ៅផ្សារភ្ជាប់នឹងការចងចាំមិនអាចបំភ្លេចបាន។ លោកតាំងកិញ តំណាងគណៈកម្មការវត្តសិរីកណ្តាល សង្កាត់វិញភឿក ទីក្រុងកឹងធើ ចែករំលែក៖ "ទូកគែហ៊ៅរបស់វត្តយើងខ្ញុំ ពីដើមបោះសម្រាប់បម្រើពេលចេញទៅអុំប្រណាំងជារៀងរាល់ឆ្នាំ។ ពេលប្រមូលស្រូវផលរួចរាល់ ឈានដល់រដូវកាលប្រណាំងទូក យើងខ្ញុំត្រៀមលក្ខណៈដើម្បីទៅចូលរួម"។

ទូកគែហ៊ៅវត្តសិរីកណ្តាលបានរចនាក្បូរក្បាច់រំលេចពណ៌យ៉ាងប្រណីត។
មិនត្រឹមតែបម្រើក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក ងប៉ុណ្ណោះទេ ទូកគែហ៊ៅពីមុនក៏ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ក្នុងជីវភាពសាសនា។បកស្រាយបន្ថែមពីប្រការនេះ លោកចូវយឿង សមាជិកគណៈកម្មការវត្តបទុមរង្សី ទំនប់ ឃុំអាងនិញ ទីក្រុងកឹងធើ ឱ្យដឹង៖ "ពីដើមពេលផ្លូវទៅមកមិនបានងាយស្រួលដូចសព្វថ្ងៃ ព្រះចៅអធិការវត្តចង់និមន្តទៅណាម្តងម្កាល គឺប្រើប្រាស់ទូកគែហ៊ៅជាមធ្យោបាយ។ ពេលដល់រដូវកាលប្រណាំងទូក ង វត្តនឹងប្រើមធ្យោបាយនេះសម្រាប់ដឹកព្រះចៅអធិការវត្ត គណៈកម្មការវត្តនិងស្បៀងអាហារ ភេសជ្ជៈសម្រាប់បម្រើក្រុមកីឡាករទូក ង"។
ពិសេស ទូកគែហ៊ៅជាច្រើននាបច្ចុប្បន្ន គឺជាបេតិកភណ្ឌបុរាណមានអាយុកាលរាប់រយឆ្នាំ បង្កប់នូវរឿងរ៉ាវនិងប្រវត្តិដ៏មានតម្លៃបានលោកតាអាចារ្យចងចាំច្បាស់លាស់។ ជាក់ស្តែងដូចនៅវត្តបទុមរង្សី ទំនប់ តាមឯកសារដែលបានរក្សាទុក ទូកគែហ៊ៅរបស់វត្តបានបោះកាលពីឆ្នាំ ១៨០២ ផ្តើមគំនិតដោយព្រះតេជព្រះគុណ ឡឹមកោះ ជាព្រះចៅអធិការវត្តជំនាន់ទី២។ ឆ្លងកាត់តាមសម័យកាលនីមួយៗ ទូកគែហ៊ៅបានថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ លុះដល់ឆ្នាំ១៩៥៤ បានរចនាឡើងមានរូបរាងដូចសព្វថ្ងៃ និងធ្លាប់បានទៅប្រកួតជាមួយក្រុមទូក ងរបស់វត្តទទួលបានជ័យលាភីជាច្រើនឆ្នាំបន្តបន្ទាប់។
ទិដ្ឋភាពថ្មីក្នុងបរិការណ៍សម័យទំនើប
តាមលំហូរនៃពេលវេលា ទូកគែហ៊ៅមិនបានបំភេ្លចឡើយ ថែមទាំងបានរំលេចរូបរាងដ៏ស្រស់ស្អាត។ ក្នុងជីវភាពសម័យទំនើប តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់របស់ជាងនៅតាមភូមិស្រុក ទូកគែហ៊ៅប្រពៃណីនេះបានរចនាក្បូរក្បាច់ដំឡើងភ្លើងពណ៌ស្រស់ស្អាត ចែងចាំងពន្លឺព្រោងព្រាតលើដងព្រែកនារាត្រីនៃកម្មវិធីបណ្តែតលយប្រទីប។ ការ"វិលមកវិញ"របស់ទូកគែហ៊ៅបុរាណជាភស្តុតាងបញ្ជាក់ច្បាស់ពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការថែរក្សាបេតិកភណ្ឌ។ សម្រេចបានលទ្ធផលទាំងនេះ សំខាន់គឺអាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគក្នុងការឧបត្ថម្ភថវិកាជួសជុលនិងអភិរក្ស។ តំណាងគណៈកម្មការវត្តបទុមរង្សី ទំនប់ លោកចូវយឿង បានសម្តែងនូវមោទនភាពនិងការរំភើបចិត្ត៖ "រដ្ឋមិនត្រឹមតែជំហរចាត់តាំងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងផ្តល់ថវិកាដើម្បីជួសជុលទូក។ យើងខ្ញុំជាជនរួមជាតិខ្មែរសប្បាយចិត្តខ្លាំងណាស់ ព្រោះបានបក្សនិងរដ្ឋយកចិត្តទុកដាក់ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ ។ យើងខ្ញុំអរគុណយ៉ាងជ្រាលជ្រៅ ព្រោះឆ្នាំណាក៏រដ្ឋឧបត្ថម្ភថវិកាជួសជុលទូក ងនិងទូកគែហ៊ៅបានទាន់ពេលដែរ"។

ទូកគែហ៊ៅចាំងពន្លឺក្នុងទឹកយ៉ាងស្រស់ស្អាតនារាត្រីពិធីបុណ្យអកអំបុក ប្រណាំងទូក ង។
ទោះបីឆ្លងកាត់ជាច្រើនខែឆ្នាំ ទូកគែហ៊ៅនៅតែ ចាំងពន្លឺក្នុងទឹកយ៉ាងស្រស់បំព្រោង។ ការវេញបញ្ចូលរវាងសិល្បៈចម្លាក់បុរាណនិងភ្លើងពណ៌ដ៏ស្រស់ស្អាតនៃសម័យទំនើប មិនត្រឹមតែលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កជាចំណុចលេចធ្លោដ៏ពិសេសដើម្បីអភិវឌ្ឍទេសចរណ៍ក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក ង ធ្វើឱ្យទូកគែហ៊ៅជាមោទនភាពរបស់ជនរួមជាតិខ្មែរណាមបូ៕
ថាញ់ហ៊ុង-មុនី