បង្កើនការយាមល្បាតបង្ការទប់ស្កាត់បទល្មើស ប្ដូរផ្ដាច់បង្ក្រាបបាបគ្រោះគ្រឿងញៀន និងលើកកម្ពស់ជាងទៀតស្មារតីបម្រើប្រជាជន គឺជាសំណើរ ក្នុងអង្គសន្និបាត “នគរបាលស្តាប់មតិយោបល់ប្រជាជន” ឆ្នាំ២០២៦ របស់ឃុំភូឡុក ទីក្រុងកឹងធើ។ រាល់យោបល់ចូលរួមដោយត្រង់ៗរបស់ប្រជាជន បានក្លាយជាមូលដ្ឋានដើម្បីកម្លាំងនគរបាលលើកកម្ពស់ប្រសិទ្ធភាពការងារ រក្សាខ្ជាប់ភាពសុខសាន្តនៅភូមិឋាន ។
នៅក្នុងអង្គសន្និបាតសន្ទនា ក្រៅពីការក្តោបក្តាប់លទ្ធផលការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ ប្រជាជនឃុំភូឡុកបានបើកចំហ ឆ្លុះបញ្ចាំងបញ្ហាលេចធ្លោជាច្រើនដែលផ្តើមចេញពីជីវភាពជាក់ស្តែង។ ជាពិសេសគឺស្ថានភាពលួចប្លន់ទ្រព្យសម្បត្តិនៅតំបន់ជាប់ព្រំប្រទល់ និងហានិភ័យបង្កប់ខ្លួនអំពីគ្រឿងញៀន។ អ្នកមីង ផាង ធីង៉ុក ប្រជាជននៅភូមិ ២ បានស្នើឱ្យកម្លាំងសមត្ថកិច្ចគប្បីម្ចាស់ការផែនការបង្ការទប់ស្កាត់ និងបង្កើនការព្រមានចំពោះបទល្មើសគ្រឿងញៀន។ អ្នកមីង ង៉ុក ចែករំលែក៖ “ដោយសារភូមិនៅជាប់ព្រំប្រទល់ឃុំជាច្រើន ផ្លូវថ្នល់តភ្ជាប់គ្នាងាយស្រួលធ្វើដំណើរ ដូច្នេះអំពើលួចប្លន់ងាយកើតមានណាស់ ប្រជាជនអ្នកណាក៏ព្រួយបារម្ភដែរ។ ក្រៅពីប្រជាជនស្វ័យការពារទ្រព្យសម្បត្តិ កម្លាំងនគរបាលគប្បីបង្កើនការយាមល្បាត បោសសម្អាតរាល់បទល្មើស។ ទន្ទឹមនឹងនោះ សព្វថ្ងៃបាបគ្រោះគ្រឿងញៀនកំពុងវិវត្តយ៉ាងស្មុគស្មាញ គប្បីផ្តុំកម្លាំងដោះស្រាយឱ្យដាច់ស្រឡះ ដាច់ខាតមិនទុកឱ្យមុខសញ្ញាអាក្រក់អូសទាញសិស្សានុសិស្ស ដែលជាវ័យងាយរងឥទ្ធិពលបានឡើយ”។

លោក ប៊ូយ ថាញ់ស៊ឺ នៅភូមិត្រឿងហៀង ផ្តល់មតិយោបល់ក្នុងអង្គសន្និបាត។
ក្រៅពីកង្វល់អំពីសណ្តាប់ធ្នាប់សង្គម ប្រជាជនភូមិភាគបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់កម្លាំងនគរបាលក្រោយពេលដាក់ឱ្យដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ ថ្វីដ្បិតតែបរិមាណការងារច្រើន ភូមិសាស្ត្រទូលាយក៏ដោយ ប៉ុន្តែកម្មាភិបាល យុទ្ធជន នគរបាលនៅតែខិតខំច្បាមខ្ជាប់មូលដ្ឋាន អស់ពីចិត្តដោះស្រាយនូវបែបបទរដ្ឋបាលពេញមួយថ្ងៃ ទាំងឈប់សម្រាក ថ្ងៃបុណ្យ បង្កលក្ខណៈងាយស្រួលជូនប្រជាជនធ្វើអត្តសញ្ញាណប័ណ្ណ និងចុះបញ្ជីទោចក្រយានយន្ត។ ផ្តើមពីភាពជាក់ស្តែងនោះ លោក ប៊ូយថាញ់ស៊ឺ នៅភូមិត្រឿងហៀង បានស្នើឱ្យ នគរបាលបន្តរឹតបន្តឹងពិនិត្យការស្នាក់នៅបណ្តោះអាសន្ន គ្រប់គ្រងចំនួនប្រជាជន និងប្តូរផ្តាច់បង្ក្រាបឱ្យអស់រាល់សកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន បាបគ្រោះសង្គម។ មានទស្សនៈដូចគ្នានោះដែរ លោក តូ យឹង នៅភូមិយ៉ុងចួ បានឱ្យដឹង៖ “ខ្ញុំពេញចិត្តខ្លាំងណាស់ចំពោះការអស់ពីចិត្ត និងការទទួលខុសត្រូវរបស់កម្មាភិបាលនគរបាលក្នុងការទទួលនិងដោះស្រាយបែបបទរដ្ឋបាល។ ទន្ទឹមនឹងនោះ ខ្ញុំក៏មានសំណើរឱ្យអង្គភាពជំរុញខ្លាំងក្លាការបង្ក្រាប កំទេចចោលឱ្យអស់ទីតាំង មុខសញ្ញាគ្រឿងញៀន កុំទុកឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន”។
បណ្តាមតិយោបល់របស់ប្រជាជនក្នុងអង្គសន្និបាត បានឆ្លុះបញ្ចាំងត្រឹមត្រូវតាមភាពជាក់ស្តែងនៃការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិឋាន។ គិតដល់ថ្ងៃទី ៣០-តុលា-២០២៦ ទូទាំងឃុំភូឡុកកើតមានបទល្មើសអំពីសន្តិសុខសណ្តាប់ធ្នាប់សង្គមចំនួន ១៩ ករណី (បន្ថយ ៦ ករណីបើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥)។ កម្លាំងនគរបាលឃុំបានរកឃើញ ៥ ករណីជាមួយនឹង ១៤ មុខសញ្ញាប្រព្រឹត្តល្មើសច្បាប់អំពីគ្រឿងញៀន; ៣ ករណី ៣ មុខសញ្ញាប្រព្រឹត្តល្មើសច្បាប់អំពីបរិស្ថាន; បង្ក្រាប ៣ ករណី ១០ មុខសញ្ញាលេងល្បែងស៊ីសង។ អង្គភាពបានចាត់តាំងការយាមល្បាតចំនួន ២១២ លើក ដោយមានកម្មាភិបាល យុទ្ធជនចូលរួមចំនួន ៩៣៦ នាក់។ ឈរលើសមរភូមិកំណែទម្រង់រដ្ឋបាល នគរបាលឃុំបានទទួលសំណុំឯកសារស្នាក់នៅចំនួន ៧.៤១៤ ច្បាប់ ផ្ដល់អត្តសញ្ញាណប័ណ្ណជូន ៩.១៣១ ករណី និងដំឡើងអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ សម្រាប់ ៦.៤០៩ ករណី។

អ្នកតំណាងចូលរួមអង្គសន្និបាត “នគរបាលស្តាប់មតិយោបល់ប្រជាជន”។
វរសេនីយ៍ឯកបម្រុង វ៉ូថាញ់វៀត ប្រធាននគរបាលឃុំភូឡុក បានអះអាងថា បណ្តាមតិយោបល់របស់ប្រជាជនគឺជាមូលដ្ឋានសំខាន់ដើម្បីកម្លាំងនគរបាលវាយតម្លៃស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ កំណត់ដឹងនូវបញ្ហាដែលនៅសេសសល់ និងដាក់ចេញនូវវិធានការជាក់ស្តែង។ ក្នុងពេលខាងមុខ នគរបាលឃុំនឹងម្ចាស់ការសហការជាមួយបណ្តាស្ថាប័ន ផែ្នក អង្គការមហាជន ជំរុញខ្លាំងក្លាការងារយាមល្បាត ត្រួតពិនិត្យតាមដងផ្លូវ ភូមិសាស្ត្រជាប់ព្រំប្រទល់; ប្ដេជ្ញាចិត្តវាយលុក បង្ក្រាបបទល្មើសលួចប្លន់ និងបាបគ្រោះគ្រឿងញៀន; ទន្ទឹមនឹងនោះ រក្សាខ្ជាប់វិន័យ ឥរិយាបថអស់ពីចិត្ត កសាងរូបភាពយុទ្ធជននគរបាល “ជិតស្និទ្ធប្រជាជន ប្រកៀកប្រជាជន ដើម្បីប្រជាជនបម្រើ”។
សន្និបាត “នគរបាលស្តាប់មតិយោបល់ប្រជាជន” មិនត្រឹមតែជាវេទិកាសន្ទនាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ពង្រឹងទំនុកចិត្តរវាងកម្លាំងនគរបាលជាមួយប្រជាជនទៀតផង។ ផ្តើមពីការឆ្លុះបញ្ចាំងជាក់ស្តែងរបស់ប្រជាជនរហូតដល់ស្មារតីទទួលយកមតិ សកម្មភាពរបស់កម្លាំងសមត្ថកិច្ច ការឯកភាពគ្នារវាងរដ្ឋអំណាចនិងប្រជាជនមួយថ្ងៃកាន់តែបានពូនជ្រុំ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីនគរបាលឃុំភូឡុកកសាងយុទ្ធសាស្រ្ត សន្តិសុខប្រជាជនយ៉ាងរឹងមាំ រក្សាភាពសុខសាន្តនៅមូលដ្ឋាន៕
យ្វីអាញ-វ៉ាន់តឹន