ផ្សារភ្ជាប់នឹងទិសដៅអភិវឌ្ឍកសិកម្មសរីរាង្គ និងផលិតស្រូវគុណភាពខ្ពស់ ឃុំលីវទូ ទីក្រុងកឹងធើ បានបង្កើនការហ្វឹកហ្វឺន ណែនាំកសិករកែប្រែដី និងគ្រប់គ្រងដំណាំទូទៅ។ តាមរយៈនោះ បង្កើតជាវិធានការដាំដុះបន្ថយការចំណាយ បន្ថយប្រើប្រាស់សារធាតុគីមី និងលើកកម្ពស់តម្លៃអង្ករ។

កសិករឃុំលីវទូ ចូលរួមវគ្គហ្វឹកហ្វឺនលើកកម្ពស់ការកែប្រែដី និងគ្រប់គ្រងពូជដំណាំទូទៅ។
ឃុំលីវទូ ជាភូមិភាគមានឧត្តមភាពខាងផលិតកសិកម្ម ដោយមានផ្ទៃដីធ្វើស្រែប្រមាណ ៥.៣៧១ ហិកតា។ ថ្វីដ្បិតដូច្នេះក្តី ចំពោះមុខបរិការណ៍ថ្លៃសម្ភារៈកសិកម្មកើនឡើងខ្ពស់ អាកាសធាតុប្រែប្រួលស្មុគស្មាញ ហើយទីផ្សារទាមទារយ៉ាងតឹងរុឹងអំពីគុណភាពកសិផល ហេតុនោះភូមិភាគបានកំណត់ច្បាស់ការបង្វែរការផលិតបែបប្រពៃណីមកផលិតតាមបែបសុវត្ថិភាព និងចីរភាព គឺជាភារកិច្ចចាំបាច់។ ថ្មីៗនេះ មជ្ឈមណ្ឌលសេវាកម្មទូទៅឃុំលីវទូ បានសហការចាត់តាំងកិច្ចប្រជុំក្រោមប្រធានបទ “លើកកម្ពស់ការកែប្រែដី និងគ្រប់គ្រងពូជដំណាំទូទៅ (IPHM)” ឆ្នាំ ២០២៦ បានទាក់ទាញកសិករ សហករណ៍ និងក្រុមសហការនៅលើភូមិឋានចូលរួមជិត ១០០ នាក់។ កម្មវិធីនេះ សំដៅផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស និងផ្តល់ចំណេះដឹងមូលដ្ឋាន ដើម្បីជួយប្រជាជនម្ចាស់ការស្ដារដីធ្វើស្រែឡើងវិញ និងការពារប្រព័ន្ធអេកូឡូស៊ីវាលស្រែ។
នៅក្នុងកិច្ចប្រជុំនេះ អ្នកឯកទេសបានវិភាគជម្រៅពីតួនាទីជាស្នូលនៃធនធានដីចំពោះការលូតលាស់របស់ដំណាំស្រូវ ទន្ទឹមនឹងនោះបង្ហាញច្បាស់ពីផលវិបាកនៃទម្លាប់ប្រើប្រាស់ជីសរីរាង្គ និងថ្នាំការពាររុក្ខជាតិគីមីលើសកម្រិតក្នុងរយៈពេលយូរ។ តាមប្រសាសន៍របស់សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងខើយងៀ មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យកឹងធើ ដីធ្លីជាឧបករណ៍ផលិតពិសេស កំណត់សម្រេចដោយផ្ទាល់ដល់ទិន្នផល និងគុណភាពរដូវកាល។ ការផលិតហួសកម្រិត និងបាចជីគ្មានតុល្យភាព ញ៉ាំងឱ្យដីធ្វើស្រែថមថយចុះយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រែប្រួលលក្ខណៈនៃ គីមីនិងជីវសាស្ត្រ។ ប្រការគួរឱ្យបារម្ភជាងទៀតនោះ គឺតំបន់មួយចំនួននៅទាំងប្រឈមមុខនឹងហានិភ័យនៃការប្រមូលផ្តុំសារធាតុពុល សំណល់លោហធាតុធ្ងន់ និងបាត់បង់ប្រភពអតិសុខុមប្រាណមានប្រយោជន៍។ ដើម្បី “ព្យាបាល” ដល់ដី សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងខើយងៀ ផ្តល់អនុសាសន៍ដល់មាមីងកសិករ គប្បីម្ចាស់ការបំពេញបន្ថែមប្រភពសរីរាង្គដូចជា ចំបើងរលួយ ជីកំប៉ុក គ្រប់គ្រងទឹកដោយវិទ្យាសាស្ត្រទៅតាមដំណាក់កាលនីមួយៗ និងដាច់ខាតកាត់បន្ថយជីគីមី។ ដីល្អមិនត្រឹមតែជួយឱ្យប្រព័ន្ធឫសស្រូវលូតលាស់ពូកែ ស្រូបយកសារធាតុចិញ្ចឹមបានល្អប៉ុណ្ណោះទេ ថែមទាំងរក្សាតុល្យភាពអេកូឡូស៊ី ចិញ្ចឹមបណ្តាញអតិសុខុមប្រាណមានប្រយោជន៍ និងសត្វល្អិតមានប្រយោជន៍ ផ្តើមពីនោះបន្ថយកម្រិតខ្ពស់បំផុតការកើតជំងឺ។

កិច្ចប្រជុំបានរួមចំណែកលើកកម្ពស់ចំណេះដឹង បំណិនផលិតស្រូវសុវត្ថិភាព និងមានប្រសិទ្ធភាពជូនកសិករ។
ទន្ទឹមនឹងការបំប៉នឱ្យដី វិធានការគ្រប់គ្រងពូជដំណាំទូទៅ (IPHM) តាំងពីដើមរដូវ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតស្រូវសរីរាង្គ។ កសិករបានណែនាំបច្ចេកទេសជ្រើសរើសពូជបញ្ជាក់គុណភាពខ្ពស់ ពង្រោះរង្វើលដោយកម្រិតសមស្រប ដើម្បីដើមស្រូវបែកកូនច្រើន ដើមរឹង និងមិនសូវដួលរលំ។ ទន្ទឹមនឹងនោះ ទម្លាប់ទៅមើលស្រែជាប្រចាំ កំណត់ដឹងសត្វល្អិតបានទាន់ពេល ដើម្បីអាទិភាពអនុវត្តវិធានការជីវសាស្ត្រ គ្រឿងបំពុលពីរុក្ខជាតិ ការពារសត្វល្អិតដែលមានប្រយោជន៍ ក៏បានយកចិត្តទុកដាក់ជាចម្បង។ ការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ បានចាត់ទុកជាដំណោះស្រាយចុងក្រោយ នៅពេលសត្វល្អិតបំផ្លាញលើសកម្រិតសេដ្ឋកិច្ច។
លោក ឡឹមកឿន នាយកសហករណ៍កសិកម្ម ១/៥ ឱ្យដឹង៖ “ខ្លឹមសារហ្វឹកហ្វឺនមានភាពជិតដិត និងមានប្រយោជន៍ច្រើន។ យើងខ្ញុំយល់ច្បាស់ពីរបៀបដាក់ជីសរីរាង្គទ្រាប់បាត បច្ចេកទេសបង្ហូតជាតិជូរចេញពីដី និងរបៀបគ្រប់គ្រងកម្រិតទឹក ដើម្បីបន្ថយបំភាយឧស្ម័ន។ ផ្តើមពីនោះ មោះមុតបន្ថយបរិមាណពូជសាបព្រោះ បន្ថយប្រើប្រាស់ថ្នាំគីមី និងបង្វែរមកប្រើប្រាស់ផលិតផលជីវសាស្ត្រទាំងអស់វិញ។ មិនសូវបង់កម្លាំងថែទាំផង ប្រិតសំចៃបានការចំណាយផង ការពារសុខភាពដល់អ្នកធ្វើស្រែផង និងលើកកម្ពស់តម្លៃស្រូវផង"។
តាមរយៈវគ្គហ្វឹកហ្វឺន ឃុំលីវទូបន្តផ្ទេរវិទ្យាសាស្ត្របច្ចេកទេសកាន់តែជិតដិតដល់កសិករ ជំរុញផ្លាស់ប្តូរវិធានការផលិតតាមទិសដៅបៃតង សុវត្ថិភាព និងចីរភាព។ តាមរយៈនោះ រួមចំណែកការពារធនធានដី លើកកម្ពស់គុណភាពអង្ករ និងអ្នកធ្វើស្រែមានប្រាក់ចំណូលខ្ពស់៕
ហុងទើ - វិមាន