ច្រើនឆ្នាំមកនេះ ក្រៅពីយកចិត្តទុកដាក់បណ្តាចលនាប្រឡងប្រណាំង “បង្រៀនល្អ រៀនល្អ” បណ្តាសាលារៀននៅលើភូមិឋានទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់អប់រំសីលធម៌ របៀបរស់នៅជូនសិស្សានុសិស្ស តាមរយៈវេទិកា “កសាងមិត្តភាពល្អ និយាយថាទេចំពោះអំពើហិង្សាក្នុងសាលារៀន” ដោយមានសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ជាច្រើនសម្រាប់ប្អូនៗសិស្សានុសិស្ស។

សិស្សានុសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ជាមួយឈុតសម្តែង “កសាងមិត្តភាពល្អ និយាយថាទេចំពោះអំពើហិង្សាក្នុងសាលារៀន”។
ជួនកាល គ្រាន់តែទាស់ទែងខ្វែងគំនិត្តគ្នាបន្តិចបន្តួច ដោយខ្វះភាពអត់ធ្មត់និងចង់ឈ្នះចាញ់នៃវ័យក្មេង ធ្វើឱ្យសិស្សមួយចំនួនដោះស្រាយបញ្ហាដោយប្រើកម្លាំង ឬអុជអាលគ្នាដោយសម្តីមិនសមរម្យ។ ប្រការនេះនាំឱ្យមានផលវិបាកមិនអាចស្មាន អាចប៉ះពាល់ដល់ដំណើរសិក្សារបស់សិស្សទាំងស្រុង។ ចំពោះមុខស្ថានភាពជាក់ស្តែងនេះ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ តែងតែផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងអំពើហឹង្សាក្នុងសាលារៀនជាប្រចាំ តាមរយៈសកម្មភាពក្រៅម៉ោងសិក្សានិងការប្រជុំថ្នាក់។ ជាពិសេស បានសហការជាមួយសម្ព័ន្ធយុវជនឃុំញូយ៉ា ចាត់តាំងវេទិកា “កសាងមិត្តភាពល្អ និយាយថាទេចំពោះអំពើហិង្សាក្នុងសាលារៀន” តាមទម្រង់ឈុតសម្តែង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ប្អូនៗបានចងក្រងវណ្ណកម្ម លើកជារឿងរ៉ាវនិងបង្ហាញអំពីការយល់ដឹងរបស់ខ្លួនតាមរយៈសំណួរ ស្ថានភាពអំពើហិង្សាក្នុងសាលារៀន ដើម្បីសម្តែងជូនភ្ញៀវអញ្ជើញនិងលោកគ្រូអ្នកគ្រូទស្សនា។ ខ្លឹមសារឈុតសម្តែងមានលក្ខណៈជាក់ស្តែង ជាចម្ងល់ដែលសិស្សានុសិស្សមិនទាន់រកឃើញវិធីដោះស្រាយសមស្រប ឥឡូវបានលោកគ្រូអ្នកគ្រូ និងភ្ញៀវអញ្ជើញដោះស្រាយយ៉ាងយកចិត្តទុកដាក់និងងាយយល់។ តាមនោះ បានជួយលើកកម្ពស់ការយល់ដឹងរបស់ប្អូនៗអំពីការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន សកម្មភាពនេះបានរួមចំណែកជួយសាលារៀនបន្ថយបានស្ថានភាពអំពើហិង្សាក្នុងសាលារៀន ប្អូនៗសិស្សានុសិស្សមានការសាមគ្គីគ្នាជាងមុន និងរៀនសូត្រសម្រេចបានលទ្ធផលល្អ។ ប្អូនកាវធីប៊ិចភឿង សិស្សថ្នាក់ ១១A២ បានចែករំលែក៖ “អំពើហិង្សាក្នុងសាលារៀនគឺជាបញ្ហាក្តៅគគុក ដូច្នេះពួកប្អូនយកចិត្តទុកដាក់ខ្លាំងណាស់។ រាល់ពេលដែលសាលារៀនចាត់តាំង ខ្ញុំតែងចូលរួមវេទិកា ព្រោះបានដោះដូរនូវប្រការវិជ្ជមាន ពេលរួមគ្នាកសាងសាលារៀនរីករាយ និងបានយល់ដឹងបន្ថែមចំណេះដឹងច្បាប់ជាច្រើនពាក់ព័ន្ធនឹងអំពើហិង្សាក្នុងសាលារៀន ក៏ដូចជារបៀបបង្ការទប់ស្កាត់”។
នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យវ៉ាំងង៉ុកជិញ បរិយាកាសវេទិកា “កសាងមិត្តភាពល្អ និយាយថាទេចំពោះអំពើហិង្សាក្នុងសាលារៀន” ក៏ប្រព្រឹត្តឡើងយ៉ាងផុសផុល តាមរយៈការសន្ទនា និងសំណួរ-ចម្លើយផ្ទាល់អំពីសញ្ញាជាទូទៅនៃអំពើហិង្សាក្នុងសាលារៀន មូលហេតុនិងផលវិបាកផ្លូវចិត្ត អាកប្បកិរិយាចំពោះសិស្សានុសិស្ស។ ចំណុចលេចធ្លោនៃការផ្សព្វផ្សាយ គឺការណែនាំបំណិនជាក់ស្តែងជូនសិស្សានុសិស្សអំពីវិធីដោះស្រាយស្ថានភាពទំនាស់ បំណិនការពារខ្លួនជាមូលដ្ឋាន ជួយដល់មិត្តភក្តិពេលមានហានិភ័យរងការធ្វើបាប និងវិធីផ្តល់ដំណឹងទាន់ពេលវេលាជូនសាលារៀន លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលដើម្បីទទួលបានការអន្តរាគមន៍ទាន់ពេល។

ប្អូនៗសិស្សានុសិស្ស មានក្ដីរីករាយចូលរួមដោះដូរនិងឆ្លើយសំណួរអំពីស្ថានភាព។
ទន្ទឹមនឹងនោះ វេទិកាក៏ជាកន្លែងដើម្បីប្អូនៗសិស្សានុសិស្សពិភាក្សា និងចែករំលែកទស្សនៈអំពីការកសាងបរិស្ថានសិក្សាមានភាពជិតស្និទ្ធ និងគ្មានហឹង្សា។ ផ្ដើមពីនោះ ជំរុញប្អូនៗបង្កើតទំនាក់ទំនងមិត្តភក្តិល្អប្រសើរ ចេះស្រឡាញ់ គោរព និងការពារគ្នាទៅវិញទៅមក។ ឆ្ពោះដល់ទិសដៅកសាងសហគមន៍សិស្សសាមគ្គី ចេះអាណិតអាសូរ ចែករំលែក បង្កបរិយាកាសសិក្សាល្អប្រពៃ ជាកន្លែងដែលរាល់ថ្ងៃមករៀន គឺជាថ្ងៃសប្បាយ និងជាកម្លាំងចិត្តឱ្យប្អូនៗអភិវឌ្ឍខ្លួនគ្រប់ជ្រុងជ្រោយ ទាំងចំណេះដឹងនិងគុណធម៌។
អាចបញ្ជាក់ថា វេទិកា "កសាងមិត្តភាពល្អ និយាយថាទេចំពោះអំពើហិង្សាក្នុងសាលារៀន" បានរួមចំណែកដាស់ភ្ងោកស្មារតីទទួលខុសត្រូវរបស់សិស្សានុសិស្សចំពោះខ្លួនឯងនិងសង្គម រួមចំណែកបង្កបរិស្ថានអប់រំប្រកបដោយភាពស៊ីវិល័យ សុវត្ថិភាព និងពោរពេញដោយមនុស្សធម៌៕
ថាញវ៉ាង-ថាច់ធី