វត្តខ្មែរមិនត្រឹមតែជាកន្លែងធ្វើបុណ្យសុន្ទរ៍ទាន សកម្មភាពជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សា ផ្ទេរជូននូវតម្លៃវប្បធម៌ប្រពៃណីទៀតផង។ តួយ៉ាងដូចវត្តពាមបួនថ្មី នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានផ្តូចផ្តើមបើកថ្នាក់បង្រៀនភ្លេងពិណពាទ្យ និងបង្រៀនរាំដល់កូនចៅមាមីងខ្មែរ។ តាមរយៈនោះ តម្លៃវប្បធម៌ប្រពៃណីមិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានផ្ទេរជូនដល់យុវវ័យជំនាន់ក្រោយទៀតផង រួមចំណែកថែរក្សា “ព្រលឹង” វប្បធម៌ខ្មែរនៅក្នុងជីវភាពប្រចាំថ្ងៃ។

ប្អូនៗកំពុងរៀនប្រគំភ្លេងពិណពាទ្យនៅវត្តពាមបួនថ្មី។
មកកាន់វត្តអារាមខ្មែរ ភ្ញៀវទេសចរងាយនឹងប្រទះឃើញស្លាកស្នាមវប្បធម៌ខ្មែរតាមរយៈស្ថាបត្យកម្ម ក្បូរក្បាច់រចនា និងរូបចម្លាក់អណ្តែតបានតុបតែងយ៉ាងល្អប្រណីត បំពាក់នូវលក្ខណៈពិសេសដោយឡែករបស់ជនរួមជាតិខ្មែរណាមបូ។ បរិយាកាសវត្តអារាមមានភាពស្ងប់ស្ងាត់ផង និងស្និទ្ធស្នាលផង រួមចំណែកបង្កចំណុចលេចធ្លោក្នុងដំណើរស្វែងយល់វប្បធម៌ និងជំនឿសាសនារបស់ភូមិភាគ។ ដោយកំណត់ច្បាស់វប្បធម៌ត្រូវតែបានផ្ទេរដល់យុវវ័យជំនាន់ក្រោយរយៈពេលកន្លង វត្តពាមបួនថ្មីបានបើកថ្នាក់បង្រៀនរបាំនិងបង្រៀនភ្លេង ពិណពាទ្យដល់កូនចៅខ្មែរជាង ៦០ នាក់។ ផ្តើមពីថ្នាក់រៀននេះ ប្អូនៗមិនត្រឹមតែអភិវឌ្ឍទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់ និងផ្សារភ្ជាប់ជាមួយទម្រង់សិល្បៈប្រពៃណីរបស់ជនជាតិខ្លួនទៀតផង។
ប្អូនថាច់កែវមុនី រៀនប្រគំភ្លេងពិណពាទ្យនៅវត្ត បានឱ្យដឹង៖ “ប្អូនចូលចិត្តលេងភ្លេងពិណពាទ្យណាស់ ហេតុនោះពេលដឹងថាវត្តបើកថ្នាក់បង្រៀន ប្អូនក៏សូមឪពុកម្តាយមករៀនភ្លាម។ ដោយសារវត្តបានបើកថ្នាក់បង្រៀន ទើបឥឡូវប្អូនចេះលេងភ្លេងពិណពាទ្យបាន ១០ បទ។ ពិសេស វត្តនៅទាំងឱ្យក្រុមភ្លេងពិណពាទ្យលេងកំដរកម្មវិធីបុណ្យនៅក្នុងវត្ត និងបុណ្យទានតាមភូមិស្រុក ព្រមទាំងបានទៅលេងកំដរក្នុងព្រឹត្តិការណ៍នានានៅភូមិភាគ ហេតុនោះប្អូនចូលចិត្តណាស់។ កាន់តែរៀនប្អូនកាន់តែចូលចិត្ត ហេតុនោះប្អូននឹងរៀនបន្តដើម្បីចេះលេងឧបករណ៍ ភ្លេងជាច្រើនប្រភេទទៀត រួមចំណែកថែរក្សាវប្បធម៌ខ្មែរ”។
ទន្ទឹមនឹងនោះ វត្តនៅទាំងរួមចំណែករក្សាវិញ្ញាសាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ឆ្នាំ ២០២៦ ពេលបានរដ្ឋអំណាចឧបត្ថម្ភវត្តបោះទូក ងថ្មី បង្កលក្ខណៈឱ្យក្រុមកីឡាករទូក ងបានចូលរួមពិធីបុណ្យប្រពៃណីរបស់ជនជាតិ។ នេះមិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះការអភិរក្សនូវតម្លៃវប្បធម៌ កីឡាដ៏ពិសេសរបស់ជនរួមជាតិខ្មែរទៀតផង។ តាមថេរដីការរបស់ព្រះតេជព្រះគុណ ឌិញហ្វាងស៊ឺ ព្រះចៅអធិការវត្តពាមបួនថ្មី ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ វត្តតែងចាត់តាំងសកម្មភាពសិល្បៈ ដើម្បីពុទ្ធបរិស័ទមកលេងកម្សាន្តសប្បាយ។ ដើម្បីឱ្យយុវជនជំនាន់ក្រោយយល់ដឹងនិងស្រឡាញ់វប្បធម៌ជនជាតិ វត្តបានបើកថ្នាក់បង្រៀនរបាំ និងបង្រៀនភ្លេង ដើម្បីកូនចៅរៀនសូត្រ និងរក្សានូវតម្លៃវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជនជាតិបន្តរីកសាយភាយពីជំនាន់មួយទៅជំនាន់មួយ។
ផ្តើមពីសកម្មភាពជាក់ស្តែងទាំងនេះ វត្តពាមបួនថ្មីកំពុងពង្រីកតួនាទីជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌សហគមន៍។ ការអភិរក្សវប្បធម៌ស្ថិតក្នុងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់សង្កាត់ភូឡើយ។ ព្រះតេជព្រះគុណ ឌិញហ្វាងស៊ឺ មានថេរដីកា៖ “បច្ចុប្បន្ន ភូមិភាគកំពុងយកចិត្តទុកដាក់វិនិយោគ និងកសាងវត្តឱ្យក្លាយជាទីតាំងទេសចរណ៍ផ្សារភ្ជាប់នឹងអភិរក្សវប្បធម៌ខ្មែរជាបណ្តើរៗ។ នេះជាឱកាសដើម្បីវត្តផ្សព្វផ្សាយស្ថាបត្យកម្ម សិល្បៈ ពិធីបុណ្យ និងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស”៕
យ្វីអាញ - វិមាន