ចំពោះសិស្សានុសិស្សជាច្រើនដែលមានជីវភាពលំបាក ការបានទៅរៀនមិនត្រឹមតែជាដំណើរស្វែងរកចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីផ្លាស់ ប្តូរអនាគតទៀតផង។ សាលាវប្បធម៌នគរបាលប្រជាជន III ទីក្រុងកឹងធើ បានកសាងនិងបង្កើតឡើងក្នុងគោលបំណងក្លាយជាដំបូលផ្ទះរួម ជាកន្លែងដែលប្អូនៗបានរៀនសូត្រ ថែទាំ ចិញ្ចឹមបីបាច់ និងលត់ដំក្នុងបរិយាកាសសុវត្ថិភាព មានវិន័យ ប៉ុន្តែពោរពេញដោយក្តីស្រឡាញ់។ ផ្តើមពីនេះ ក្តីសុបិននៃវ័យកុមារកំពុងបានបង្កលក្ខណៈ ដើម្បីប្អូនៗមានក្តីជឿជាក់លើខ្លួនឯងឆ្ពោះទៅអនាគត។

សាលាវប្បធម៌នគរបាលប្រជាជន III ទីក្រុងកឹងធើ។
ប្អូនយ័ញធីមីដងត្រាង កើតធំដឹងក្តីក្នុងគ្រួសារ មួយដែលជួបការលំបាក។ ការងាររបស់ឪពុកម្តាយប្អូនគឺធ្វើកម្មករសំណង់ ប្រាក់ចំណូលមិនទៀងទាត់ ហេតុនោះត្រូវសន្សំសំចៃ ខ្វល់ខ្វាយជានិច្ច។ ចំពោះប្អូនត្រាង បានជ្រើសរើសចូលរៀននៅ សាលាវប្បធម៌នគរបាលប្រជាជន III គឺជាឱកាសមួយដ៏មានតម្លៃដើម្បីប្អូនបន្តដំណើររៀនសូត្រ ចិញ្ចឹមក្តីស្រមៃ និងឆ្ពោះទៅរកអនាគតភ្លឺស្វាង។ ប្អូនយ័ញធីមីដងត្រាង សិស្សថ្នាក់ទី៧ សាលាវប្បធម៌នគរបាលប្រជាជន III ឱ្យដឹង៖ “ប្អូននឹងខិតខំរៀនសូត្រ ថ្ងៃក្រោយជួយសម្រាលបន្ទុកគ្រួសារ ដើម្បីកុំឱ្យឪពុកម្តាយប្អូននឿយហត់ទៀត”។ មានស្ថានភាពលំបាកដូចគ្នា ប្អូនត្រឹងឡឹមសាងសិស្សថ្នាក់ទី៨ សាលាវប្បធម៌នគរបាលប្រជាជន III ក៏មានក្តីរីករាយ ពេលបានជម្រើសចូលរៀនសាលាវប្បធម៌នគរបាលប្រជាជន III ។ សម្រាប់ប្អូនសាលារៀនថ្មីមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងបើកឱកាសដើម្បីប្អូនមានចំណេះដឹងបន្ថែម មានមុខរបរលំនឹង ហើយថ្ងៃក្រោយអាចនឹងគិតគូរដល់គ្រួសារទៀតផង។ ប្អូនត្រឹងឡឹមសាង រៀបរាប់៖ “ចាប់តាំងពីថ្ងៃចូលរៀនមក លោកគ្រូអ្នកគ្រូតែងយកចិត្តទុកដាក់ជួយទំនុកបម្រុង។ អ្វីដែលប្អូនមិនដឹង មិនច្បាស់ សុទ្ធតែបានលោកគ្រូអ្នកគ្រូពន្យល់យ៉ាងច្បាស់លាស់ និងអស់ពីចិត្តពីថ្លើម”។
សាលាវប្បធម៌នគរបាលប្រជាជន បានបង្កើតឡើងក្នុងគោលបំណងកសាងទម្រង់អប់រំឯកទេសដោយឡែក ថែទាំចិញ្ចឹម ប្រៀនប្រដៅ និងធានាសុវត្ថិភាពសម្រាប់កុមារដែលជាកូនគ្រួសារគោលនយោបាយ កុមារជនជាតិភាគតិចមានជីវភាពលំបាក និងកុមារឋិតក្នុងក្របខណ្ឌមុខសញ្ញាធានារ៉ាប់រងសង្គមតាមបទប្បញ្ញត្តិ។ គោលដៅគឺផ្តល់ឱកាស ដើម្បីប្អូនៗបានរៀនសូត្រអភិវឌ្ឍដោយសមភាព; បានបំប៉នចំណេះដឹង បំណិន និងមូលដ្ឋានគ្រឹះចាំបាច់ដើម្បីវិវឌ្ឍន៍ខ្លួន។
លោកវរសេនីយ៍ឯកបម្រុង ត្រឹងវ៉ាំងតៀង នាយកសាលាវប្បធម៌នគរបាលប្រជាជន III ឱ្យដឹង៖ “គោលបំណងធំបំផុតរបស់សាលាវប្បធម៌នគរបាលប្រជាជន III គឺក្លាយជាដំបូលផ្ទះរួម ផ្ដល់ក្តីស្រឡាញ់ ជាកន្លែងដែលប្អូនៗមានជីវភាពលំបាកខ្លាំងបានថែទាំអប់រំ និងលត់ដំគ្រប់ជ្រុងជ្រោយ; ជួយប្អូនៗបំពេញនូវភាពខ្វះខាតសេចក្ដីស្រឡាញ់ ចិញ្ចឹមបំប៉នក្តីទំនុកចិត្ត ក្តីប្រាថ្នា និងសម្ពាយដើម្បីប្អូនៗមានភាពជឿជាក់នាពេលអនាគត ក្លាយជាពលរដ្ឋមានប្រយោជន៍ដល់សង្គមជាតិ។ ចំពោះប្អូនៗសិស្សានុសិស្សជនជាតិខ្មែរវិញ នេះជាលើកដំបូងដែលប្អូនៗឃ្លាតឆ្ងាយ ពីភូមិស្រុកឆ្ងាយពីយាយតា ឆ្ងាយពីសាច់ញាតិដើម្បីមករៀនក្នុងបរិយាកាសថ្មី។ ហេតុដូច្នេះ អ្វីដំបូងដែលយើងខ្ញុំចង់ផ្តល់ជូនប្អូនៗគឺក្តីស្រឡាញ់ ភាពស្និទ្ធស្នាល ឱ្យប្អូនៗមានអារម្មណ៍នឹងនរ ដូចជាកំពុងនៅក្នុងគ្រួសារខ្លួនដែរ។ សាលានឹងយកចិត្តទុកដាក់ដល់ប្អូនៗម្នាក់ៗ ពិសេសក្នុងអំឡុងពេលដំបូង បង្កលក្ខណៈឱ្យប្អូនរាប់អានមិត្តភក្តិ សម្របខ្លួននិងស្ងប់អារម្មណ៍រៀនសូត្រ”។
ឆ្នាំសិក្សាដំបូងនៃសាលាវប្បធម៌នគរបាលប្រជាជន III បើកចេញដំណាក់កាលថ្មីមួយ។ ដំណាក់កាលមួយ ដែលសិស្សានុសិស្សមានជីវភាពលំបាក បានផ្តល់ឱកាសរៀនសូត្រ បានចិញ្ចឹមក្តីស្រមៃ និងភាពជឿជាក់ទៅអនាគត។ ផ្តើមចេញពីសាលានេះ ក្តីស្រមៃដ៏តូចនោះនឹងបានបង្កលក្ខណៈ ដើម្បីថ្ងៃក្រោយប្អូនៗជឿជាក់លើខ្លួនឯងកសាងជីវភាព ក្លាយជាពលរដ្ឋមានប្រយោជន៍ដល់គ្រួសារនិងសង្គមជាតិ៕
ដាលីន - លីសៀ