08/10/2026 - 08:27

សា​លាម​តេ្តយ្យ​ទុយ​ង៉ុក សម្រេច​បទ​ដ្ឋាន​ជាតិ​ 

សា​លាម​ត្តេយ្យ​ទុយ​ង៉ុក (សា​ខា​ទី១) ទី​តាំង​ស្ថិត​នៅ​អនុ​សង្កាត់​ទី​៧ សង្កាត់​ង្វៀកហ្វា ខេត្ត​វិញ​ឡុង បច្ចុប្បន្ន មាន​កុមារ​កំ​ពុង​រៀន ២៦៧ ក្មួយ ក្នុង​នោះ​មាន​កុមារ​ជន​ជាតិ​ខ្មែរ ១៦៤ ក្មួយ។ សា​លា​បាន​ចាត់​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​នៅ​គ្រប់​ថ្នាក់​រៀន ជួយ​ក្មួយៗ​ងាយ​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង ជា​ជំ​ហានៗ​ថ្នឹក​នឹង​ភា​សា​វៀត និង​ជឿ​ជាក់​លើ​ខ្លួន។

 សា​លាម​តេ្តយ្យ​ទុយ​ង៉ុក (សា​ខា​ទី​១) បាន​កសាង​រឹង​មាំ។

សា​លាម​ត្តេយ្យ​ទុយ​ង៉ុក បាន​ចាប់​ផ្តើម​ក​សាង​នៅ​ខែ​មក​រា ឆ្នាំ ២០២៤ និង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​២០២៥។ សំ​ណង់​មាន​ពីរ​ជាន់ រួម​មាន​៩​បន្ទប់ បន្ទប់​មុខ​វិជ្ជា​ចំ​នួន ៣ បន្ទប់​មុខ​ងារ​ចំ​នួន ៨ មណ្ឌល​ផ្ទះ​បាយ​និង​អា​ហា​រដ្ឋាន ដោយ​មាន​ផ្ទៃ​ដី​សរុប​ប្រ​ហែល ២.៤១​០,៥៧ ម៉ែត្រ​កា​រ៉េ។ ពី​មូល​ដ្ឋាន​ចាស់​ផ្លាស់​មក​មូល​ដ្ឋាន​ថ្មី បាន​បង្ក​លក្ខណៈ​ដើម្បី​សា​លា​ចាត់​តាំង​សកម្ម​ភាព ថែ​ទាំ និង​អប់​រំ​កុមារ​បាន​ល្អ​ប្រ​សើរ។ ដោយ​មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​លើ​ភូមិ​ឋាន ការ​ដែល​សា​លា​នៅ​ជិត​ផ្ទះ និង​គិត​គូរ​ពេល​បាយ​សម្រាក​នៅ​ពេល​ថ្ងៃ​ត្រង់ ជួយ​ឱ្យ​អា​ណា​ព្យា​បាល​ស្ងប់​អា​រម្មណ៍​ទៅ​ធ្វើ​ការ។ បង​ស្រី ថាច់​ធី​ធូ​ហឿង នៅ​អនុ​សង្កាត់​ទី ៧ សង្កាត់​ង្វៀក​ហ្វា ចែក​រំលែក៖ “កូន​បាន​ហូប​ចុក​សម្រាក​នៅ​សា​លា​រៀន រសៀល​ទើប​ទៅ​ទទួល ម្ល៉ោះ​ហើយ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ទៅ​ធ្វើ​ការ។ សា​លា​ស្អាត​បាត មាន​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​និយាយ​ជា​មួយ ដូច្នេះ​កូន​ងាយ​យល់។ ខ្ញុំ​សង្ឃឹម​ថា ពេល​ចូល​រៀន​ថ្នាក់​ទី ១ កូន​នឹង​យល់​បាន​ភា​សា​វៀត​កាន់​តែ​ល្អ​ប្រ​សើរ”។

អ្នក​គ្រូ ង្វៀង​ធី​អាញ់​ឡង ចាង​ហ្វាង​សា​លាម​ត្តេយ្យ​ទុយ​ង៉ុក ឱ្យ​ដឹង នៅ​ថ្ងៃ​ដំ​បូង​ដែល​មក​សា​លា​ក្មួយៗ​ជន​ជាតិ​ខ្មែរ​មួយ​ចំ​នួន​នៅ​ចម្លែក មិន​ទាន់​ចេះ​ស្ដាប់​និង​យល់​ភា​សា​វៀត​បាន​ល្អ ម្ល៉ោះ​ហើយ​ទើប​អៀន​ខ្មាស​ពេល​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​គ្រូ និង​មិត្ត​ភ័ក្តិ។ អា​ស្រ័យ​ហេតុ​នោះ សា​លា​បាន​ចាត់​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ម្នាក់​ក្នុង​មួយ​ថ្នាក់ គ្រូ​បង្រៀន​ទាំង​ភា​សា​វៀត និង​ភា​សា​ខ្មែរ​ដើម្បី​ណែ​នាំ​រាល់​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ ជួយ​ឱ្យ​ក្មួយៗ​ងាយ​យល់​ពាក្យ​សម្តី​របស់​អ្នក​គ្រូ ហ៊ាន​បង្ហាញ​ពី​តម្រូវ​ការ​និង​ថ្នឹក​ជា​មួយ​បរិ​ស្ថាន​រៀន​សូត្រ។ ម្យ៉ាង​ទៀត គ្រូ​បង្រៀន​ដែល​ចេះ​ភា​សា​ខ្មែរក៏​ងាយ​ស្រួល ពេល​ដោះ​ដូរ​ជា​មួយ​អា​ណា​ព្យា​បាល​អំ​ពី​សុខ​ភាព ការ​រស់​នៅ​និង​ការ​ជឿន​លឿន​របស់​កុមារ​ផង​ដែរ។ ផ្តើម​ពី​នោះ កុមារ​សន្សឹមៗ​មាន​ទំ​នុក​ចិត្ត​ប្រា​ស្រ័យ ទាក់​ទង​ចុះ​សម្រុង​ជា​មួយ​មិត្ត​ភ័ក្តិ​និង​បង្កើត​បាន​ជា​បំ​ណិន​ចាំ​បាច់​មុន​នឹង​ចូល​រៀន​ថ្នាក់​ទី ១។

បច្ចុប្បន្ន សា​លា​មាន​កម្មា​ភិ​បាល គ្រូ​បង្រៀន និង​បុគ្គ​លិក ២៧ នាក់។ ទន្ទឹម​នឹង​នោះ ជួយ​ឱ្យ​កុមារ​ថ្នឹក​នឹង​ភា​សា​វៀត សា​លា​ផ្តោត​លើ​ការ​រៀប​ចំ​ពេល​បាយ តាម​ដាន​សុខ​ភាព និង​ហ្វឹក​ហាត់​ឱ្យ​ក្មួយៗ​មាន​ទម្លាប់​រក្សា​អនា​ម័យ បម្រើ​ដោយ​ខ្លួន​ឯង។ ក្នុង​ម៉ោង​រៀន​និង​ម៉ោង​លេង គ្រូ​បង្រៀន​លើក​ទឹក​ចិត្ត​កុមារ​ឱ្យ​ចេះ​សង្កេត ចោទ​ជា​សំ​ណួរ ចូល​រួម​សកម្ម​ភាព​ក្រុម និង​ចែក​រំលែក​ជា​មួយ​មិត្ត​ភ័ក្តិ។ ព្រម​ជា​មួយ​នោះ សា​លា​ក៏​បាន​គ្រប់​គ្រង ប្រើ​ប្រាស់ មូល​ដ្ឋាន​សម្ភារៈ​បំ​ពាក់​បរិក្ខារ ដើម្បី​បម្រើ​ដល់​ការ​ងារ​ថែ​ទាំ​និង​អប់​រំ​កុមារ។

អ្នក​គ្រូ​ អាញ់​ឡង ឱ្យ​ដឹង​បន្ថែម ក្នុង​ឆ្នាំ​សិក្សា ២០២៦​-២០២៧ សា​លា​មត្តេយ្យ​ទុយ​ង៉ុក បន្ត​បំ​ប៉ន​មុខ​ជំ​នាញ​ដល់​គ្រូ​បង្រៀន ផ្លាស់​ថ្មី​វិធី​សាស្ត្រ​អប់​រំ​តាម​ទិស​ដៅ​យក​កុមារ​ជា​មជ្ឈ​មណ្ឌល រក្សា​ខ្ជាប់​បទ​ដ្ឋាន​ជាតិ​កម្រិត​ទី ១ និង​ខិត​ខំ​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត ២។ ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​កុមារ​ចាប់​ពី​កម្រិត​មត្តេយ្យ រួម​ចំ​ណែក​ជួយ​ឱ្យ​ក្មួយៗ​អភិវឌ្ឍ​ភា​សា​បំ​ណិន​និង​ជឿ​ជាក់​លើ​ខ្លួន​ឯង ឈាន​ចូល​កម្រិត​បឋម​សិក្សា៕

 ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ