ជាច្រើនឆ្នាំកន្លង សាលាជនជាតិអន្តេវាសិកនៅលើភូមិឋានទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍវប្បធម៌អាននៅក្នុងសាលា ចាត់ទុកប្រការនេះជាភារកិច្ចចាំបាច់ ជួយបង្កើនចំណេះដឹង បំណិន អភិវឌ្ឍគំនិតអប់រំ និងលត់ដំបុគ្គលិកលក្ខណៈដល់ប្អូនៗសិស្សានុសិស្ស។

សិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ កំពុងអានសៀវភៅក្នុងម៉ោងឈប់សម្រាក។
ដោយលក្ខណៈពិសេសជាសាលាមានសិស្សជាកូនចៅជនជាតិភាគតិចជាង ៩៥%។ ជាច្រើនឆ្នាំកន្លង ដើម្បីអភិវឌ្ឍវប្បធម៌អាន នៅក្នុងសាលា សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ បានបំពាក់មូលដ្ឋានសម្ភារៈ គ្រប់គ្រាន់ ព្រមជាមួយនឹងមាតិកាសៀវភៅជាង ១០.០០០ ក្បាលដល់បណ្ណាល័យ មានសៀវភៅជាច្រើនប្រភេទ ដូចជា៖ វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រធម្មជាតិ រឿងរ៉ាវអំពីអ៊ំហូ កាសែតភាសាខ្មែរ ទស្សនាវដ្តីជនជាតិនិងតំបន់ភ្នំ បម្រើតម្រូវការអាន និងស្វែងរកឯកសាររបស់ប្អូនៗ។ ផ្តើមពីនោះ បានទាក់ទាញប្អូនៗមកបណ្ណាល័យនៅពេលទំនេរក្រោយពីម៉ោងរៀន។
តាមប្រសាសន៍បងស្រី ឡេធីង៉ា បុគ្គលិកបណ្ណាល័យសាលា តាំងពីដើមឆ្នាំសិក្សាថ្មីមក កម្មាភិបាល បណ្ណាល័យតែងពិនិត្យមាតិកាសៀវភៅ រាយការណ៍ជូនគណៈចាងហ្វាងសាលា ដើម្បីត្រៀមបម្រុងសៀវភៅថ្មី ឆ្លើយតបតម្រូវការអានរបស់ប្អូនៗ។ ប្អូន ឡឹមធីហ៊ុងញុង សិស្សថ្នាក់ទី ១០A២ ឱ្យដឹង៖ “ប្អូនយល់ឃើញការអានសៀវភៅមានប្រយោជន៍ច្រើន។ ពីព្រោះការអានសៀវភៅ ជួយឱ្យប្អូនយល់ដឹងបន្ថែម អំពីជីវភាពនៅជុំវិញយើង។ ក្នុងម៉ោងឈប់សម្រាក ប្អូនតែងទៅបណ្ណាល័យស្វែងរកសៀវភៅថ្មី ដើម្បីអានបង្កើនចំណេះដឹងក្នុងការសិក្សា និងលត់ដំបំណិនសិក្សាផ្ទាល់ខ្លួន”។
ដើម្បីសាយភាយវប្បធម៌អាន សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីទូ បានជំរុញការផ្សព្វផ្សាយដល់សិស្ស កម្មាភិបាលនិងគ្រូបង្រៀនយល់ដឹងពីតួនាទីនៃការអានសៀវភៅ។ រៀងរាល់ឆ្នាំ សាលាតែងចាត់តាំងសកម្មភាពក្រៅម៉ោងសិក្សា ដាស់ស្មារតីស្រឡាញ់សៀវភៅដល់សិស្ស ដូចជា៖ ប្រឡងនិទានរឿង ឧទ្ទេសនាមសៀវភៅដែលប្អូនចូលចិត្ត និងចាត់តាំងការអានសៀវភៅប្រមូលផ្តុំដល់សិស្ស។ លោកគ្រូ លីថាញប៊ិញ ចាងហ្វាងរងសាលា ឱ្យដឹង៖ “តាមរយៈការកៀកជិតចំណេះដឹងថ្មីនៅបណ្ណាល័យ ប្អូនៗទទួលបានស្នាដៃខ្ពស់ក្នុងការសិក្សា និងការប្រឡងសិស្សពូកែថ្នាក់ស្រុកនិងថ្នាក់ទីក្រុង។ ជាក់ស្តែងដូចឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្សចូលរួមប្រឡងនិងទទួលបានស្នាដៃជាច្រើន រួមមាន៖ រង្វាន់លេខមួយថ្នាក់ខេត្តចំនួន០១ និងចំណែកថ្នាក់ឃុំ ទទួលបានរង្វាន់លេខ មួយចំនួន០៤ រង្វាន់លេខពីរចំនួន៣ និងរង្វាន់ លេខបីចំនួន២; សិស្សមានលទ្ធផលសិក្សាសម្រេច ១០០% គ្មានសិស្សនៅចាំថ្នាក់ទេ”។
ការផ្សព្វផ្សាយវប្បធម៌អាន មិនត្រឹមតែជួយកំណត់ជារូបរាងការយល់ដឹង អាកប្បកិរិយាក្នុងការទទួលយក ស្វែងយល់ផ្តល់និងចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ថែមទាំង បើកឱកាសចេញទៅពិភពខាងក្រៅ បង្កើតគំនិតជឿនលឿនជឿជាក់ក្នុងការសម្របខ្លួន។ ទម្លាប់អានសៀវភៅប្រចាំថ្ងៃ គឺជាបុព្វបទដ៏សំខាន់ដើម្បីបង្កើនចំណេះដឹងអភិវឌ្ឍគំនិតអប់រំ និងលត់ដំបុគ្គលិកលក្ខណៈជួយបង្កើនប្រជាបញ្ញានិងគុណភាពធនធានមនុស្ស រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕
ថាញវ៉ាង - វិមាន