ឆ្ពោះដល់ពិធីបុណ្យអកអំបុកឆ្នាំ២០២៦ ក្នុងប៉ុន្មានថ្ងៃនេះ គ្រួសារកសិករខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ កំពុងយកចិត្តទុកដាក់ថែទាំនូវកសិផលពិសេសៗបម្រើទីផ្សារពិធីបុណ្យ។ នេះមិនត្រឹមតែជាឱកាស ដើម្បីមាមីងត្រៀមតង្វាយឱ្យបានហ្មត់ចត់សម្រាប់ពិធីបូជាព្រះចន្ទតាមប្រវេណីប៉ុណ្ណោះទេ ថែមទាំងជាឱកាសបង្កើនតម្លៃនៃការផលិត លើកកម្ពស់ប្រាក់ចំណូលជូនគ្រួសារផង។

បងថាច់យឺ កំពុងមើលថែចម្ការដំឡូង ។
សម្រាប់មាមីងខ្មែរណាមបូ ពិធីបុណ្យអកអំបុកជាពិធីបុណ្យប្រវេណីមួយធំក្នុងឆ្នាំ។ ពិធីបុណ្យមានអត្ថន័យអំណរគុណចំពោះព្រះចន្ទនិងធម្មជាតិដែលបានផ្តល់ឱ្យភ្លៀងធ្លាក់ស្មើ ដំណាំបានផលច្រើន ទន្ទឹមនឹងនោះអធិដ្ឋានឱ្យជីវភាពភូមិស្រុកមានភាពសម្បូរសប្បាយ សុភមង្គល។ ក្នុងស្ពកតង្វាយបូជា ក្រៅពីអំបុក ដូងខ្ចី ចេកទុំ មិនអាចខ្វះប្រភេទមើមឈើដូចជា ដំឡូងជ្វា ដំឡូងបាស ត្រាវជាដើម។ នេះមិនត្រឹមតែជាផលិតផលធម្មតាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការបង្កើតបានមកពីព្រះធរណី ជាភោគផលនៃការខិតខំពលកម្មរបស់កសិករក្នុងរយៈពេលមួយឆ្នាំ។
នៅភូមិស៊ើងតន ឃុំគូឡាវយុង តាំងពីព្រឹកព្រលឹម បងថាច់យឺបានមកដល់ចម្ការដើម្បីដកស្មៅ លើកដីទប់រងចម្ការដំឡូងជ្វានិងដំឡូងបាស។ ព្រមទាំងពិនិត្យសំណើមដីហ្មត់ចត់ដើម្បីធានាឱ្យមើមដំឡូងលូតលាស់មូលស្មើគ្នា គ្មានដង្កូវចោះស៊ីឬរលាត់រលាច បងថាច់យឺក៏បានឱ្យដឹងដោយរីករាយ៖ "សម្រាប់មាមីងខ្មែរយើង មើមដំឡូងដាក់សែនក្នុងរាត្រីសែនព្រះចន្ទត្រូវតែគ្មានខូចខាត ស្អាតបាតបរិសុទ្ធ ទើបបង្ហាញពីការគោរពដឹងគុណពិតៗ។ ខ្ញុំដាំដំឡូងជ្វានិងដំឡូងបាសជាច្រើនឆ្នាំមកហើយតាមទិសស្លោកយកកម្លាំងធ្វើដើម្បីមានប្រាក់ចំណេញ ឆ្លៀតយកដីចម្ការរបស់ខ្លួនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្នតម្លៃលក់ឡើងចុះពី១០.០០០ - ២០.០០០ដុងក្នុងមួយគីឡូក្រាម អាស្រ័យលើប្រភេទនិងពេលវេលានីមួយៗ។ ខ្ញុំកំពុងថែទាំយ៉ាងយកចិត្តទុកដាក់ដើម្បីទាន់ពេលប្រមូលផលក្នុងឱកាសពិធីបុណ្យ សង្ឃឹមថាទីផ្សារលក់ចេញងាយស្រួលជួយឱ្យគ្រួសារមានប្រភពចំណូលបន្ថែមបម្រើជីវភាព"។

ទម្រង់ដាំត្រាវរបស់បងស្រីឡឹមធីលី នៅមណ្ឌលតឹងណាម សង្កាត់វិញភឿក។
ចំណែកនៅមណ្ឌលតឹងណាម សង្កាត់វិញភឿក បរិយាកាសពលកម្មនៅលើវាលដំណាំបម្រើរដូវពិធីបុណ្យក៏ផុលផុសមិនចាញ់ដែរ។ លើផ្ទៃដី៥០០ម៉ែត្រការ៉េដាំត្រាវ បងស្រីឡឹមធីលីកំពុងតែថែទាំដើម្បីឱ្យមើមមានគុណភាពល្អបំផុតនៅពេលប្រមូលផល។ បងស្រីឡឹមធីលី បានឱ្យដឹង៖ "ត្រាវដាំប្រមាណ៦ខែឱ្យផល ងាយដាំដុះណាស់ មិនចំណាយកម្លាំងថែទាំច្រើន។ រដូវកន្លងហើយ បន្ទាប់ពីទូរទាត់ប្រាក់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញគួរសមដែរ។ ឥឡូវ ខ្ញុំខិតខំថែទាំដើម្បីឱ្យត្រាវចូលម្សៅឆ្ងាញ់ មើមស្អាត សង្ឃឹមថាក្នុងឱកាសអកអំបុកមាមីងទិញច្រើន ទីផ្សារលក់ចេញងាយស្រួល"។ ទម្រង់របស់បងស្រីលីបង្ហាញឱ្យឃើញថា ការចេះប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពនិងជ្រើសរើសពូជដំណាំសមស្របទៅនឹងលក្ខណៈដីធ្លីនិងតម្រូវការទីផ្សារបានជួយកសិករមានប្រភពចំណូលបន្ថែមយ៉ាងជាក់ស្តែង។
តាមលោក ង្វៀងវ៉ាំងដែង ប្រធានសមាគមកសិករសង្កាត់វិញភឿក អនុវត្តកម្មវិធី គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ក្នុងរយៈពេលកន្លង សមាគមតែងកៀរគរសមាជិកជ្រើសរើសពូជមានគុណភាព អនុវត្តការដាំដុះសុវត្ថិភាពតាមទិសដៅសរីរាង្គដើម្បីលើកកម្ពស់តម្លៃកសិផល។ ជាពិសេស ចេះជ្រើសរើសរដូវកាលផលិតដើម្បីប្រមូលផលក្នុងឱកាសពិធីបុណ្យអកអំបុក សមាគមបានម្ចាស់ការណែនាំកសិករចាត់ចែងពេលវេលារដូវកាលតាមដំណាក់កាលនីមួយៗឱ្យសមស្រប ដើម្បីជៀសវាងស្ថានភាពទំនិញបានផល តម្លៃថោក; ទន្ទឹមនឹងនោះពង្រឹងការតភ្ជាប់ជាមួយឈ្មួញនៅផ្សារប្រវេណីនិងបណ្តាញលក់ចេញនៅភូមិភាគ ដើម្បីធានាទីផ្សារលក់ចេញមានស្ថិរភាពសម្រាប់មាមីង។
ការម្ចាស់ការថែទាំ ត្រៀមប្រភពកសិកផលបម្រើក្នុងរដូវពិធីបុណ្យបង្ហាញពីភាពប៉ិនប្រសព្វរបស់កសិករកឹងធើក្នុងការផ្សារភ្ជាប់ការផលិតជាមួយតម្រូវការវប្បធម៌ជំនឿ - ទីផ្សារ។ នេះក៏ជាទិសដៅជាក់ស្តែងសំដៅទាញយកអត្ថប្រយោជន៍ពីភាពខ្លាំងរបស់ភូមិភាគ លើកកម្ពស់តម្លៃកសិផលនិងជំរុញសេដ្ឋកិច្ចជនបទអភិវឌ្ឍប្រកបដោយចីរភាព៕
ហុងទើ - សុផន