តំណាងឱ្យឃុំកូវកែ ខេត្តវិញឡុង ចូលរួមពានរង្វាន់ប្រណាំងទូក-ងក្នុងក្របខណ្ឌទិវាវប្បធម៌វៀតណាម និងបុណ្យអកអំបុក ឆ្នាំ២០២៦ ក្រុមទូក-ងវត្តរតនសាគរ (ព្រើម) ដែលមានឈ្មោះថា “ហនុមានកំពង់ស្ពានមានឫទ្វិ” កំពុងហ្វឹកហាត់យ៉ាងសកម្ម។ កីឡាករ កីឡាការិនី ព្រមទាំងអ្នកគាំទ្រសុទ្ធតែមានការរំភើប និងរំពឹងទុកថា ក្រុមនឹងប្រកួតទទួលបានលទ្ធផលល្អក្នុងការប្រណាំងលើដងព្រែកឡាងថេ។

ក្រុមទូក-ងវត្តព្រើម ហ្វឹកហាត់យ៉ាងសកម្ម ប្តេជ្ញាចិត្តខ្ពស់ ដណ្តើមយកលទ្ធផលល្អក្នុងរដូវប្រណាំងឆ្នាំនេះ។
លោក ស៊ើងថាញថាយ ប្រធានក្រុមទូក-ងវត្តរតនសាគរ (ព្រើម) បានឱ្យដឹង៖ ក្រុមមានកីឡាករ កីឡាការិនីសរុប ១០៥ នាក់ ក្នុងនោះមានបុរស ៧៥ នាក់ និងនារី ៣០ នាក់ ដោយផ្តោតការហ្វឹកហាត់ក្នុងរយៈពេល ១៥ ថ្ងៃមុនពេលប្រកួត។ សមាជិកទាំងអស់បានចូលរួមយ៉ាងសកម្ម និងខិតខំហ្វឹកហាត់ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់រដូវប្រណាំងថ្មី។ ការប្រណាំងនៅលើដងព្រែកឡាងថេ ឃុំប៊ិញភូ គឺជាក្តីរីករាយ ព្រមទាំងជួយបង្កកម្លាំងបន្ថែមដើម្បីឱ្យបុគ្គលម្នាក់ៗខិតខំក្នុងរាល់ពេលហ្វឹកហាត់។ ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់មាមីងក៏បានជំរុញបន្ថែមស្មារតីដល់កីឡាករ កីឡាការិនីមុនថ្ងៃប្រណាំងផងដែរ។

កីឡាការិនីនៃក្រុមទូក-ងវត្តព្រើម ហ្វឹកហាត់យ៉ាងសកម្ម ដើម្បីដណ្តើមលទ្ធផលល្អក្នុងរដូវកាលប្ររណាំងឆ្នាំ២០២៦។
ក្នុងចំណោមសមាជិកទាំងអស់ អ្នកមីង ថាច់ធីធា កើតឆ្នាំ ១៩៦៣ គឺជាកីឡាការិនីដែលមានវ័យចំណាស់ជាងគេក្នុងក្រុម។ ផ្សារភ្ជាប់ជិត ១០ ឆ្នាំហើយ តែអ្នកមីងនៅតែរីករាយចូលរួមហ្វឹកហាត់ ដោយសង្ឃឹមថានឹងបានរួមជាមួយមិត្តរួមក្រុមបញ្ចេញកម្លាំងក្នុងរដូវកាលប្រណាំងឆ្នាំនេះ។ អ្នកមីងធា បានចែករំលែក៖ បានចូលរួមក្នុងក្រុមទូក-ងគឺជាក្តីរីករាយផ្ទាល់ខ្លួន។ ឆ្នាំនេះ អ្នកមីងរួមជាមួយសមាជិកដទៃទៀតផ្តុំកម្លាំងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីប្រកួតដណ្តើមយកពានរង្វាន់ខ្ពស់។ ចំពោះអ្នកមីង មិនថាលទ្ធផលយ៉ាងណានោះទេ ការមានវត្តមានក្នុងថ្ងៃបុណ្យ និងព្រួតដៃរក្សាវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិ ជាការប្រសើរណាស់ហើយ។ ព្រោះក្តីរីករាយនោះហើយបានធ្វើឱ្យអ្នកមីងរក្សាការផ្សារភ្ជាប់ជាមួយក្រុមអស់រយៈកាលជាច្រើនឆ្នាំ។ មិនត្រឹមតែកីឡាករ កីឡាការិនីប៉ុណ្ណោះទេ អ្នកគាំទ្រក៏មានការរំជើបរំជួលរង់ចាំក្រុមឈានដល់ថ្ងៃប្រណាំងដែរ។ បង ត្រឹងជិញណៀង ប្រជាជននៅកូវកែ បានឱ្យដឹង៖ បងបានតាមដាន ជំរុញទឹកចិត្ត និងរួមចំណែកថវិកាមួយផ្នែកដើម្បីជួយឧបត្ថម្ភដល់ក្រុមទូក-ងស្រុកកូវកែ (ចាស់) បច្ចុប្បន្នគឺជាក្រុមទូក-ងវត្តព្រើម។ រាល់រដូវកាលប្រកួត បងតែងតែទៅតាមលើកទឹកចិត្តស្មារតីដល់កីឡាករ កីឡាការិនី។ ឆ្នាំនេះ បងនឹងបន្តរួមដំណើរ សង្ឃឹមថាក្រុមនឹងពង្រីកបទពិសោធន៍ ប្រកួតប្រជែងដោយសាមគ្គីភាព និងដណ្តើមយកលទ្ធផលខ្ពស់។
តាមលោក ស៊ើងថាញថាយ ក្រុមធ្លាប់បានដណ្តើមយកមេដាយមាសលើចម្ងាយ ១.០០០ ម៉ែត្រ កាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២២ រង្វាន់លេខពីរក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត។ ត្រៀមខ្លួនសម្រាប់រដូវកាលប្រកួតថ្មី ក្រុមទទួលបានការយកចិត្តទុកដាក់ និងបង្កលក្ខណៈពីគណៈកម្មាធិការប្រជាជនឃុំកូវកែ បណ្តាគណៈ ផ្នែក អង្កការមហាជននិងការសហការគ្នារវាងវត្តនានាក្នុងឃុំ។ តំណាងឱ្យភូមិភាគចូលរួមប្រកួត សមាជិកទាំងឡាយកាន់តែមានកម្លាំងចិត្តថែមទៀតក្នុងការខិតខំហ្វឹកហាត់ និងប្តេជ្ញាសម្រេចបានលទ្ធផលល្អ។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់កីឡាករ កីឡាការិនី ព្រមទាំងការរួមដំណើររបស់វត្ត និងប្រជាជន ក្រុមឆ្ពោះទៅកាន់រដូវកាលប្រកួតថ្មីក្នុងស្មារតីសាមគ្គី រួមចំណែកអភិរក្ស និងពង្រីកវិញ្ញាសាកីឡាប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
ទីទុយ - មេងលី