អំបុកគឺជាអាហារប្រពៃណីពេញនិយមរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក។ នៅភូមិព្រះស្រែ ឃុំសុងឡុក អ៊ំថាច់សាង នៅតែបន្តរក្សារបរបុកអំបុកដែលបន្សល់ទុកពីដូនតា។ រាល់ដំណាក់ការទាំងអស់សុទ្ធតែធ្វើដោយដៃ ទាមទារភាពហ្មច់ចត់ ប៉ិនប្រសប់ និងកម្លាំងកាយជាច្រើន។

ស្រូវដំណើបបានលីងក្នុងឆ្នាំងដីត្រៀមបុកអំបុក។
មកកាន់ភូមិព្រះស្រែ សួររកអ្នកបុកអំបុក មានអ្នកជាច្រើនស្គាល់អ៊ំថាច់សាង កើតឆ្នាំ ១៩៥៤។ យោងតាមសម្តីអ៊ំ កាលពីមុន ក្នុងឱកាសពិធីបុណ្យអកអំបុកប្រពៃណី គ្រួសារខ្មែរជាច្រើនតែងបុកអំបុក។ ការងារនេះបានផ្សាភ្ជាប់ជាមួយគ្រួសារអ៊ំតាំងពីជំនាន់ដូនតាមកម្ល៉េះ។ តាមរយៈអំបុកមួយគ្រាប់ៗ អ៊ំទទួលបានបទពិសោធន៍ដើម្បីរក្សារសជាតិដែលពេញនិយមនៃអាហារដ៏សាមញ្ញនេះ។ អ៊ំឱ្យដឹង៖ ចង់បានអំបុកឆ្ងាញ់ ត្រូវយកចិត្តទុកដាក់ចាប់ពីការជ្រើសរើសស្រូវដំណើប ត្រាំ លីង បុក រហូតដល់ការរែង អុំ និងច្របល់គ្រឿងផ្សំមុនពេលទទួលទាន។ បើតាមអ៊ំសាង ដើម្បីបុកអំបុក ដំបូងត្រូវជ្រើសរើសស្រូវដំណើបថ្មី រួចយកមកត្រាំទឹកប្រហែល ១២ ម៉ោង ដើម្បីឱ្យគ្រាប់ស្រូវដំណើបទន់ល្មមសមស្រប។ រយៈពេលត្រាំល្មមគួរសម ពីព្រោះត្រាំយូរពេកនឹងធ្វើឱ្យអំបុកទន់ជ្រាយ រីឯត្រាំមិនគ្រប់ម៉ោងវិញ គឺអំបុកងាយនឹងរឹងស្រួយ។ ទោះបីគ្រាន់តែជាជំហានរៀបចំក៏ដោយ ប៉ុន្តែដំណាក់ការនេះប៉ះពាល់ដល់គុណភាពគ្រាប់អំបុក ទាមទារអ្នកបុកត្រូវចេះលៃលកពេលវេលាដោយប្រុងប្រយ័ត្ន។

អ៊ំថាច់សាង និងកូនស្រីបុកអំបុក។
ក្រោយពេលត្រាំរួច ស្រូវដំណើបបានដាក់ចូលទៅក្នុងឆ្នាំងដីលីង កូរឱ្យស្មើដៃ ដើម្បីឱ្យស្រូវដំណើបឆ្អិនស្មើគ្នា។ យោងតាមបទពិសោធន៍របស់អ៊ំសាង នៅពេលឮសំឡេងផ្ទុះប្រែះៗ ជាសញ្ញាថាស្រូវដំណើបឆ្អិនហើយ អាចយកមកបុកបាន។ នៅពេលនេះ អ្នកបុកត្រូវប្រញាប់ចាក់ចូលក្នុងត្បាល់ ឆ្លៀតពេលដែលគ្រាប់ដំណើបនៅក្តៅ។ ពីរនាក់សហការគ្នាបុកឱ្យលឿន ស្មើដៃក្នុងរយៈពេលប្រហែលពីរនាទី ដើម្បីឱ្យគ្រាប់អំបុកស្ពៀតស្មើនិងជ្រុះសំបកចេញ។ នេះគឺជាដំណាក់ការត្រូវបុកឱ្យស៊ីចង្វាក់គ្នានិងកម្លាំងកាយ។ ប្រសិនបើទុកគ្រាប់ដំណើបត្រជាក់ គ្រាប់នឹងឡើងរឹង ពិបាកបុកឱ្យរាបស្មើ ប៉ះពាល់ដល់ផលិតផលសម្រេច។ បន្ទាប់ពីបុករួច អំបុកបានផ្ទេរទៅកញ្ចែ្រងដើម្បីរែង អុំជម្រះអង្កាមចេញ។ អ្នកបុកត្រូវមានកាយវិការប៉ិនប្រសប់ ឆ្កៀសស្មើដៃដើម្បីសម្អាតផ្នែកសំបកដែលនៅចម្រុះខាងក្នុង ទុកតែគ្រាប់អំបុកប៉ុណ្ណោះ។ រាល់ដំណាក់ការទាំងអស់សុទ្ធតែធ្វើដោយដៃ ម្ល៉ោះហើយអំបុកមួយគ្រាប់ៗសុទ្ធតែផ្ទុកដោយកម្លាំងកាយយ៉ាងច្រើន។ ចាប់ពីលៃលកពេលវេលាត្រាំ សម្គាល់គ្រាប់ដំណើបឆ្អិនពេលលីង រហូតដល់សហការគ្នាបុក រែង អុំជម្រះ ដំណាក់ការណាក៏ត្រូវយកចិត្តទុកដាក់ និងភាពអត់ធ្មត់របស់អ្នកបុកដែរ។ ជំហានចុងក្រោយ គឺការច្របល់អំបុកជាមួយសាច់ដូងខ្ចី ស្ករ និងអំបិលបន្តិច រួចទើបបរិភោគ។
អ៊ំសាង ឱ្យដឹង៖ បន្ទាប់ពីច្របល់រួច គួរតែទុកចោលប្រហែលពីរទៅបីម៉ោង ដើម្បីឱ្យអំបុកទន់ ជ្រាបចូលគ្នានូវគ្រឿងផ្សំ រួចចាំពិសាកាន់តែមានរសជាតិឆ្ងាញ់។ ក្លិនក្រអូបនៃដំណើបថ្មីលាយឡំជាមួយរសជាតិម្លាន់នៃសាច់ដូង រសជាតិផ្អែមនៃស្ករ និងរសជាតិប្រៃតិចៗនៃអំបិល បង្កបានជារសជាតិដ៏ពិសេសរបស់អំបុក។ តាមរយៈការរក្សារបរដែលដូនតាបានបន្សល់ទុកមក អ៊ំថាច់សាង រួមចំណែករក្សាវីធីសាស្រ្តបុកអំបុកដោយដៃ រក្សាអាហារប្រពៃណីដែលផ្សាភ្ជាប់ជាមួយជីវភាពវប្បធម៌ និងពិធីបុណ្យរបស់ជនរួមជាតិខ្មែរ៕
ទីទុយ - លីសៀ