ជាមួយនឹងវិធានការដំណាលគ្នាជាច្រើនអំពីសុខុមាលភាពសង្គម ថែទាំសុខភាព អប់រំ និងការពារសិទ្ធិកុមារ ទីក្រុងកឹងធើកំពុងកសាងបរិស្ថានរស់នៅសុវត្ថិភាព មានប្រយោជន៍ជាបណ្តើរៗ បង្កលក្ខណៈឱ្យកុមារគ្រប់រូបអភិវឌ្ឍគ្រប់ជ្រុងជ្រោយ បំផុតគឺកុមារដែលមានស្ថានភាពលំបាក។

ទីក្រុងកឹងធើអនុវត្តគោលនយោបាយជាក់ស្តែងជាច្រើន ធានាសិទ្ធិអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់កុមារ។
កុមារថ្ងៃនេះជាអនាគតរបស់ប្រទេសជាតិ ជាជំនាន់ស្នងបន្តបុព្វហេតុកសាង និងការពារមាតុភូមិ។ ជ្រួតជ្រាបទស្សនៈរបស់បក្ស និងរដ្ឋអំពីអាទិភាពវិនិយោគដល់សុខុមាលភាពសង្គម ទីក្រុងកឹងធើតែងកំណត់ការងារការពារ ថែទាំ និងអប់រំកុមារជាភារកិច្ចនយោបាយសំខាន់ ប្រកបដោយលក្ខណៈមនុស្សធម៌ដ៏ជ្រាលជ្រៅ។ បច្ចុប្បន្ន ទូទាំងទីក្រុង មានកុមារប្រមាណ ៧១២.០០០នាក់ ស្រូបអត្រា១៩%នៃចំនួនប្រជាជន ក្នុងនោះកុមារមានស្ថានភាពលំបាកខ្លាំងប្រមាណ៦.០០០នាក់ និងមានហានិភ័យធ្លាក់ចូលស្ថានភាពលំបាកពិសេសជាង៥៣.៣០០ នាក់។ នេះគឺជាក្រុមមុខសញ្ញាតែងបានរដ្ឋអំណាចគ្រប់ថ្នាក់យកចិត្តទុកដាក់យ៉ាងខ្លាំង ឧបត្ថម្ភសម្ភារៈ និងស្មារតីទាន់ពេល ដើម្បីធានានូវសិទ្ធិជាសារវន្តតាមច្បាប់កំណត់។
ប្រព័ន្ធសុខុមាលភាពសង្គមបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងពង្រីកប្រសិទ្ធភាពជាក់ស្តែងនៅមូលដ្ឋាន។ បច្ចុប្បន្ន ទីក្រុងរក្សាឧបត្ថម្ភប្រចាំខែដល់កុមារ៦.០២១នាក់ដែលស្ថិតក្នុងក្របខណ្ឌគាំពារសង្គម។ បណ្តាញមូលដ្ឋានចិញ្ចឹម គាំពាររដ្ឋ និងឯកជន រួមជាមួយវត្តអារាម និងគ្រឹះស្ថានសាសនា កំពុងថែទាំកុមារកំព្រា និងកុមារគ្មានទីពឹងរាប់រយនាក់យ៉ាងហ្មត់ចត់។ រួមជាមួយថវិការដ្ឋ ភូមិភាគសកម្មកៀរគរប្រភពធនធានក្នុងសង្គម ដើម្បីជូនអាហារូបករណ៍រាប់ពាន់ចំណែក និង ឧបករណ៍សិក្សា មធ្យោបាយទៅសាលា ជួយជំរុញកម្លាំងចិត្តឱ្យកុមារទៅសាលា បើកឱកាសដល់អនាគតភ្លឺស្វាង។
លើវិស័យសុខាភិបាល ការងារថែទាំសុខភាពផ្សារភ្ជាប់នឹងលក្ខណៈជាក់ស្តែងនៃតំបន់នីមួយៗ។ វេជ្ជបណ្ឌិត លីមិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ឱ្យដឹង៖ “ថ្មីៗនេះ ដំណាក់សុខាភិបាលម្ចាស់ការកសាង និងអនុវត្តផែនការពិនិត្យសុខភាពតាមកាលកំណត់ដល់សិស្ស និងកុមារអាយុក្រោម៦ឆ្នាំ។ តាមរយៈនោះ ជួយតាមដានជិតដិតស្ថានភាពកាយសម្បទា ដើម្បីឆាប់ប្រទះឃើញនូវបញ្ហាខាងអាហារូបត្ថម្ភ រោគសាស្រ្ត ដើម្បីពិគ្រោះ ណែនាំគ្រួសារសហការព្យាបាលបានទាន់ពេល។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយ ណែនាំឪពុកម្តាយអនុវត្តវិធានការបង្ការជំងឺ រក្សាអនាម័យ និងថែទាំអាហារូបត្ថម្ភត្រឹមត្រូវដល់កុមារ"។

ពិនិត្យសុខភាពតាមកាលកំណត់ដល់កុមារ រួមចំណែកតាមដាន និងថែទាំសុខភាពបានល្អតាំងពីកុមារភាព។
ទន្ទឹមនឹងនោះ ការបង្ការទប់ស្កាត់គ្រោះថ្នាក់ របួសស្នាម និងការពារសិទ្ធិកុមារបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ទីក្រុងបានចាត់តាំងបណ្តុះបណ្តាលហែលទឹកឥតគិតថ្លៃដល់សិស្សជាង៤.០១៥នាក់ ដែលមានអាយុពី ៦ ដល់ ១៥ ឆ្នាំ នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាក ជួយបំពាក់បំណិនការរស់នៅ និងប្រតិកម្មសង្គ្រោះខ្លួនឯងចំពោះគ្រោះថ្នាក់លង់ទឹក។ ទន្ទឹមនឹងនោះ ទម្រង់ក្លឹបការពារខ្លួនឯងរក្សាបាន២៧ក្លឹប ដោយមានសមាជិកចូលរួម១.២៤០នាក់ ជួយលើកកម្ពស់ការយល់ដឹងបង្ការទប់ស្កាត់ដោយខ្លួនឯងនូវអំពើរំលោភបំពាន និងអំពើហិង្សា។ ស្ថាប័នសមត្ថកិច្ចមានបណ្តាញទូរស័ព្ទ ១៨០០៨០៦៥ តែងប្រចាំការទទួល ផ្ទៀងផ្ទាត់ និងធ្វើអន្តរាគមន៍ទាន់ពេលវេលាចំពោះករណីទាក់ទងនឹងអំពើហិង្សា រំលោភបំពានកុមារ។
ចំពោះមុខតម្រូវការផ្លាស់ថ្មីក្នុងការគ្រប់គ្រង ទីក្រុងកំពុងជំរុញអនុវត្តការផ្លាស់ប្តូរឌីជីថលលើវិស័យកុមារដោយមានទិន្នន័យកុមារជាង ៤៩១.៩១៦នាក់បានធ្វើបច្ចុប្បន្នភាព ស្រូបអត្រា៩២,៩%។ តាមប្រសាសន៍លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ពេលខាងមុខ ទីក្រុងនឹងបន្តជំរុញការផ្លាស់ប្តូរឌីជីថល ធ្វើឱ្យសុក្រឹតនូវទិន្នន័យកុមារ បង្កើនការផ្សារភ្ជាប់ បន្តទិន្នន័យរវាងផ្នែកនានា បម្រើការងារគ្រប់គ្រង និងឧបត្ថម្ភកុមារយ៉ាងមានប្រសិទ្ធភាព។ ទីក្រុងក៏ផ្តុំកម្លាំងត្រួតពិនិត្យមើល ដោះស្រាយការលំបាកក្នុងការចុះបញ្ជីកំណើតដល់កុមារ ធានាសិទ្ធិសិក្សា និងកៀកជិតសេវាចាំបាច់; ទន្ទឹមនឹងនោះ បង្កើតកំណត់ត្រាសុខភាពអេឡិចត្រូនិក លើកកម្ពស់គុណភាពថែទាំ ការពារ និងធានាផលប្រយោជន៍ស្របច្បាប់របស់កុមារ"។
ទន្ទឹមនឹងគោលនយោបាយជាក់ស្តែង ព្រមជាមួយនឹងការព្រួតដៃរបស់សហគមន៍ ទីក្រុងកឹងធើបន្តឆ្ពោះដល់កសាងបរិស្ថានរស់នៅសុវត្ថិភាព ស្និទស្នាល ធានាកុមារគ្រប់រូបសុទ្ធតែបានយកចិត្តទុកដាក់ ថែទាំ រៀនសូត្រ និងអភិវឌ្ឍន៍ដោយសមភាព រួមចំណែកកសាងជំនាន់ក្រោយមានសុខភាពល្អ មានចំណេះដឹង និងទទួលខុសត្រូវចំពោះភូមិស្រុក ប្រទេសជាតិ៕
ហុងទើ - វិមាន