តាមរយៈរូបភាពដែលឃោសនាជិតដិតសមស្របទៅតាមវ័យសម្ព័ន្ធយុវជនឃុំកូវឡាវយុង ទីក្រុងកឹងធើ រួមចំណែកបញ្ចូលចំណេះដឹងផ្នែកច្បាប់ស្តីពីកុមារដល់សិស្សានុសិស្ស។ ខ្លឹមសារផ្តោតលើការផ្សព្វផ្សាយអំពីសិទ្ធិនិងករណីយកិច្ចរបស់កុមារ បំណិនការពារខ្លួន បង្ការចៀសវាងអំពើហិង្សានិងកសាងបរិស្ថានសាលារៀនជិតស្និទ្ធ។

សម្ព័ន្ធយុវជនឃុំកូវឡាវយុង ផ្សព្វផ្សាយច្បាប់កុមារនិងសិទ្ធិចូលរួមរបស់កុមារនៅសាលាបឋមសិក្សាកូវឡាវយុង។
រយៈពេលកន្លង សម្ព័ន្ធយុវជនឃុំកូវឡាវយុង បានចាត់តាំងឃោសនាច្បាប់ស្តីពីកុមារនៅតាមសាលារៀនជាប្រចាំ រួមចំណែកលើកកម្ពស់ស្មារតីផ្នែកច្បាប់ បំប៉នចំណេះដឹង និងបំណិនចាំបាច់ដល់សិស្សានុសិស្ស។ រាល់សកម្មភាពបានចាត់តាំងឡើងដោយខ្លឹមសារខ្លីៗ ងាយយល់ផ្សារភ្ជាប់នឹងស្ថានការណ៍ជិតស្និទ្ធិក្នុងការរៀនសូត្រ ប្រជុំជីវភាព ជួយឱ្យប្អូនៗចាប់យកចំណេះដឹងនិងអនុវត្តទៅក្នុងជីវភាពប្រចាំថ្ងៃ។
នៅសាលាបឋមសិក្សាកូវឡាវយុង កម្មវិធីឃោសនាច្បាប់ស្ដីពីកុមារនិងសិទ្ធិចូលរួមរបស់កុមារ បានរួមបញ្ចូលក្នុងពេលគោរពទង់ជាតិ ទាក់ទាញសិស្សានុសិស្សចូលរួមជាង ២០០ នាក់។ តាមរយៈរូបភាព បង្រៀនចំណេះដឹងដែលសមស្របនឹងចិត្តសាស្រ្តតាមវ័យ ប្អូនៗបានស្វែងយល់នូវខ្លឹមសាជាមូលដ្ឋាននៃច្បាប់ស្ដីពីកុមារក្រុមសិទ្ធិជាមូលដ្ឋាន សិទ្ធិទទួលបានថែទាំការអប់រំការការពារ និងសិទ្ធិចូលរួមក្នុងបញ្ហាដែលពាក់ព័ន្ធនឹងខ្លួនឯង។ ពិសេស ខ្លឹមសារឃោសនាបានសង្កត់ធ្ងន់លើសិទ្ធិបញ្ចេញមតិ បំណងទទួលបានការស្តាប់ និងការគោរពនៅក្នុងគ្រួសារសាលារៀននិងសហគមន៍។ តាមរយៈនោះ ជួយសិស្សានុសិស្សយល់ដឹង ព្រមទាំងទទួលបានការការពារការថែទាំនិងបង្កលក្ខណៈអភិវឌ្ឍន៍ ប្អូនៗក៏មានករណីយកិច្ចរៀនសូត្រ លត់ដំ គោរពអ្នកដទៃ និងអនុវត្តនូវការងារដែលសមស្របតាមវ័យ។ ប្អូនថាច់យ៉ី សិស្សថ្នាក់ទី ៥A សាលាបឋមសិក្សាកូវឡាវយុង ចែករំលែក៖ “តាមរយៈការឃោសនា ប្អូនយល់បន្ថែមទៀតអំពីសិទ្ធិទទួលបានការរៀនសូត្រការថែទាំ ការការពារនិងការបញ្ចេញមតិរបស់កុមារ។ ប្អូនក៏ដឹងថា នៅពេលជួបប្រទះស្ថានភាពគ្រោះថ្នាក់ ត្រូវរាយការណ៍ជូនឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ដើម្បីទទួលបានជំនួយ”។
បងង៉ោហ្វាងភុក អនុលេខាសម្ព័ន្ធយុវជនឃុំកូវឡាវយុង ឱ្យដឹង៖ “ចាប់ពីដើមឆ្នាំមកទល់ពេលនេះ សម្ព័ន្ធយុវជនឃុំបានចាត់តាំងការឃោសនាចំនួន ២ លើក។ តាមរយៈការឃោសនាទាំងនេះ យើងខ្ញុំមានបំណងជួយសិស្សានុសិស្សយល់កាន់តែច្បាស់អំពីសិទ្ធិនិងករណីយកិច្ចរបស់កុមារ ព្រមទាំងបំប៉នបំណិនចាំបាច់ដើម្បីប្អូនៗចេះការពារខ្លួន ឯងចំពោះហានិភ័យនៃការបំពាននិងអំពើហិង្សា។ រយៈពេលខាងមុខ សម្ព័ន្ធយុវជនឃុំបន្តសហការជាមួយសាលារៀន ចាត់តាំងសកម្មភាពឃោសនា ច្បាប់អប់រំបំណិនជីវិតដែលសមស្របទៅតាមវ័យ លើកទឹកចិត្តប្អូនៗឱ្យក្លាហានបញ្ចេញមតិ រួមចំណែកកសាងបរិស្ថានរៀនសូត្រសុវត្ថិភាពនិងវិជ្ជមាន”។
តាមរយៈរាល់សកម្មភាពជាក់ស្តែង សម្ព័ន្ធយុវជនឃុំកូវឡាវយុង រួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់គ្រួសារ សាលារៀននិងសហគមន៍ ក្នុងការថែទាំនិងការពារកុមារ។ តាមនោះ បង្កលក្ខណៈដើម្បីប្អូនៗបានរស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព ទទួលបានការស្តាប់ ការគោរពនិងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ៕
ហុងទើ - លីសៀ