នៅភូមិស្រមោច ឃុំត្រាកូង ខេត្តវិញឡុង មានជនជាតិខ្មែររស់នៅជិត ៧០% នៃចំនួនប្រជាជនសរុប។ កាលពីមុន ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការដាំដុះ ចិញ្ចឹមសត្វនិងធ្វើការឈ្នួល ម្ល៉ោះហើយជីវភាពនៅជួបការលំបាកច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយការយកចិត្តទុកដាក់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តគោលនយោបាយគាំទ្រនានារបស់រដ្ឋ គ្រួសារជាច្រើនមានឱកាសអភិវឌ្ឍការផលិតនិងឈានឡើងចាកពីភាពក្រីក្រ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងភូមិ បានយកចិត្តទុកដាក់វិនិយោគកសាងនិងបង្កើនកម្រិត។ បណ្តាញផ្លូវគមនាគមន៍បានកសាងយ៉ាងស្អាតបាត ប្រព័ន្ធ ធារាសាស្ត្រជាសារវន្តបានឆ្លើយតបតាមតម្រូវការស្រោចស្រពនិងបង្ហូរទឹកពេញមួយឆ្នាំ ចំណែកអគ្គិសនីនិងទឹកស្អាតប្រើប្រាស់បានគ្របដណ្តប់ទូទាំងភូមិឋាន។ បរិស្ថាននិងទិដ្ឋភាពជនបទកាន់តែមានភាពភ្លឺ បៃតង ជ្រះ ស្អាត បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ដោះដូរទំនិញ និងអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ប្រជាជនក៏ទទួលបានការឧបត្ថម្ភផ្នែកលំនៅឋាន បុលទុនមានអត្រាការប្រាក់ទាប ពូជសត្វចិញ្ចឹម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាជំហានៗជួយឱ្យពួកគាត់អាចបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព។

បងថាច់ខន យកចិត្តទុកដាក់ថែទាំហ្វូងគោ ដែលបានរួមចំណែកក្នុងការ
អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
គ្រួសាររបស់បង ថាច់ខន គឺជាគំរូជាក់ស្តែងមួយ។ កាលពីមុន គ្រួសាររបស់គាត់ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ផ្ទះសម្បែងមានសភាពទ្រុឌទ្រោម ខ្វះដើមទុនសម្រាប់ផលិត ដីស្រែ ៥ កុងរបស់គ្រួសារបានឱ្យអ្នកផ្សេងជួល។ បងខន ចាកចេញពីភូមិកំណើតទៅធ្វើកម្មករនៅខេត្តប៊ិញយឿង ចំណែកប្រពន្ធគាត់នៅផ្ទះមើលថែកូនតូច។ ឆ្នាំ ២០១៩ គ្រួសារបងទទួលបានការឧបត្ថម្ភសង់ផ្ទះមួយខ្នង មានតម្លៃ ៤០ លានដុង និងគោញីមួយក្បាលសម្រាប់បន្តពូជ។ ផ្តើមពីប្រភពជំនួយនេះ បងបានពង្រីកការចិញ្ចឹមសត្វ សន្សែសន្សំដើមទុនដើម្បីលោះដីស្រែរបស់ខ្លួនមកវិញ ហើយទិញដីបន្ថែម ១.៥០០ ម៉ែត្រការ៉េសម្រាប់សាងសង់ផ្ទះ។
បច្ចុប្បន្ន គ្រួសារបងមានគោចំនួន ៥ ក្បាលក្នុងក្រោល ហើយកាលពីពេលថ្មីៗនេះ បងទើបលក់គោមួយក្បាលជាមួយតម្លៃ ៤០ លានដុង។ ក្រៅពីនេះ គ្រួសាររបស់បងលួសបានដីស្រែ៥កុង មកវិញ ដោយផលិតស្រូវ ៣ រដូវក្នុងមួយឆ្នាំ។ ចំណែកកូនរបស់គាត់បានទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈកម្មវិធីបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ក៏បានរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ដោយសារការខិតខំប្រឹងប្រែងប្រកបរបររកស៊ី គ្រួសាររបស់បងបានសាងសង់ផ្ទះថ្មីមួយខ្នងយ៉ាងសមរម្យនិងឈានឡើងចាកផុតពីភាពក្រីក្រ។ បងខន ចែករំលែក៖ "ដោយសារការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជួយឧបត្ថម្ភសាងសង់លំនៅឋាននិងគោពូជ ទើបគ្រួសារខ្ញុំមានឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយឈានឡើងចាកផុតពីភាពក្រីក្រ។ ប្តីប្រពន្ធខ្ញុំតែងខិតខំប្រឹងប្រែងប្រកបការងាររកស៊ី និងសន្សំសំចៃដើម្បីឱ្យជីវភាពកាន់តែបានស្ថិរភាព"។
មិនត្រឹមតែការជួយឧបត្ថម្ភលំនៅឋាននិងពូជសត្វប៉ុណ្ណោះទេ គោលនយោបាយផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្ដល់ឱកាសដល់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ គ្រួសាររបស់បង ថាច់សែងហួន គឺជាឧទាហរណ៍មួយ។ រៀបការហើយចេញនៅដោយឡែក បានឪពុកម្តាយចែកឱ្យដីស្រែ ៦ កុង ប៉ុន្តែដោយសារខ្វះដើមទុនសម្រាប់បង្កបង្កើនផល ប្តីប្រពន្ធបងត្រូវប្រកបរបរធ្វើការឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
នៅឆ្នាំ ២០០៦ បងបានបុលទុន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីលើករងដាំក្រូចពោធិ៍សាត់ ព្រមទាំងបានរៀនជំនាញជួសជុលគ្រឿងយន្តកសិកម្ម។ បន្ទាប់មក បងបានបុលប្រាក់បន្ថែមចំនួន ៥០ លានដុងទៀត ដើម្បីវិនិយោគទិញឧបករណ៍ ប្រមូលទិញគ្រឿងយន្តនិងម៉ាស៊ីនចាស់ៗ យកមកជួសជុល រួចលក់បន្ត។ បច្ចុប្បន្ន បងថែទាំចម្ការដំណាំ ជួសជុលគ្រឿងយន្ត និងផ្តល់សេវាកម្មបម្រើដល់ការផលិត។ ក្រៅពីនេះ គ្រួសារបងក៏បានវិនិយោគទិញម៉ាស៊ីនភ្ជួរដីចំនួន ២ គ្រឿង និងម៉ាស៊ីនកិនអង្ករខ្នាតតូច ១ គ្រឿង ដើម្បីបម្រើសេវាកម្មជូនប្រជាជនក្នុងភូមិ រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ដោយសារការខិតខំប្រឹងប្រែងប្រកបការងាររកស៊ី គ្រួសាររបស់បងបានឈានឡើងចាកផុតពីភាពក្រីក្រ សាងសង់បានផ្ទះរឹងមាំនិងមានលទ្ធភាពចិញ្ចឹមកូនទាំងពីរនាក់ឱ្យរៀនសូត្របានត្រឹមត្រូវ។ លោកហួន ឱ្យដឹង៖ "ប្រភពទុនបុលមានអត្រាការប្រាក់ទាប និងការបានរៀនជំនាញវិជ្ជាជីវៈ បានជួយឱ្យខ្ញុំមានឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយសារកត្តាទាំងនេះ ទើបជីវភាពគ្រួសារខ្ញុំនាពេលបច្ចុប្បន្ន មានភាពប្រសើរឡើងជាងមុនច្រើន"។

បងថាច់សែងហួន ក្បែរម៉ាស៊ីនភ្ជួរដីរបស់គ្រួសារដែលបានរួមចំណែកជួយធ្វើទំនើបកម្មគ្រឿងយន្តក្នុងការផលិតកសិកម្ម។
លោក ង្វៀងកៀងត្រុក ប្រធានគណៈប្រជាជនភូមិស្រមោច បានឱ្យដឹង បច្ចុប្បន្នក្នុងភូមិនៅមានគ្រួសារក្រីក្រ ១១ គ្រួសារ។ កាលពីឆ្នាំ ២០២៥ មាន ៣ គ្រួសារបានឈានឡើងចាកផុតពីភាពក្រីក្រ។ រដ្ឋអំណាចភូមិភាគ តែងបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនបានបុលដើមទុនដោយអត្រាការប្រាក់ទាប ព្រមទាំងជួយឧបត្ថម្ភលើការផលិត ការចិញ្ចឹមសត្វនិងការរៀនជំនាញវិជ្ជាជីវៈដើម្បីមាមីងមានលក្ខណះឈានឡើងក្នុងជីវភាព។
ភាពជាក់ស្តែងនៅភូមិស្រមោច បានបង្ហាញឱ្យឃើញថា នៅពេលគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ បានអនុវត្តស្របតាមតម្រូវការជាក់ស្តែង រួមជាមួយនឹងភាពម្ចាស់ការនិងការខិតខំប្រឹងប្រែងរបស់ប្រជាជន ប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រកាន់តែបង្ហាញឡើងយ៉ាងច្បាស់។ ចាប់ពីលំនៅឋានរឹងមាំ គំរូផលិតមានប្រសិទ្ធភាព រហូតដល់លក្ខណៈសិក្សារបស់កូនចៅដែលកាន់តែប្រសើរឡើង ជីវភាពរស់នៅរបស់មាមីងខ្មែរមានភាពរីកចម្រើនជាបណ្តើរៗ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ពេជ្រ សឿន