05/11/2026 - 04:20

សា​លា​បឋម​សិក្សា​ង៉ុក​តូ អនុ​វត្ត​ល្អ​ការ​បង្រៀន​និង​រៀន​ 

ច្រើន​ឆ្នាំ​កន្លង សា​លា​បឋម​សិក្សា​ង៉ុក​តូ (សា​ខា​ថាម​ដូង នៅ​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ​) តែង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​អប់​រំ អនុ​វត្ត​ល្អ​ភារ​កិច្ច​បង្រៀន​និង​រៀន រួម​ចំ​ណែក​កសាង​បរិស្ថាន​អប់រំ​សុវត្ថិ​ភាព ស្និទ្ធ​ស្នាល និង​ប្រ​សិទ្ធ​ភាព។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមូហ​ភាព​កម្មា​ភិបាល គ្រូ​បង្រៀន បុគ្គ​លិក ព្រម​ជា​មួយ​នឹង​ស្មារតី​ឧស្សាហ៍​ព្យា​យាម លុះ​ក្នុង​ដំ​បូន្មាន​និង​ការ​ខិត​ខំ​រៀន​របស់​សិស្ស​សា​លា​បាន​លើក​កម្ពស់​គុណ​ភាព​អប់រំ​គ្រប់​ជ្រុង​ជ្រោយ​ជា​បណ្តើរៗ។

 គ្រូ​និង​សិស្ស​សា​លា​បឋម​សិក្សា​ង៉ុក​តូ (សា​ខា​ថាម​ដូង) នៅ​ឃុំ​ង៉ុក​តូ ក្នុង​ម៉ោង​រៀន។

ដើម្បី​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​ក្នុង​ឆ្នាំ​សិក្សា គណៈ​ចាង​ហ្វាង​សា​លា​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​គ្រប់​គ្រង ចង្អុល​ការ​មុខ​ជំ​នាញ កសាង​ផែន​ការ​បង្រៀន​ឱ្យ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង។ កង​ជួរ​គ្រូ​បង្រៀន​សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន និង​អនុ​វត្ត​ទ្រង់​ទ្រាយ​បង្រៀន ដោយ​ភាព​បត់​បែន ដើម្បី​ជំ​រុញ​ភាព​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​សិស្ស។ ម៉ោង​រៀន​បាន​ចាត់​តាំង​តាម​ទិស​ដៅ​យក​សិស្ស​ជា​មជ្ឈ​មណ្ឌល ជួយ​ឱ្យ​ប្អូនៗ​អភិ​វឌ្ឍ សមត្ថ​ភាព​អត្ត​ចរិត និង​អនុ​វត្ត​ចំ​ណេះ​ដឹង​ទៅ​ក្នុង​ភាព​ជាក់​ស្តែង។

ទន្ទឹម​នឹង​នោះ សា​លា​តែង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​មុខ​ជំ​នាញ ចូល​រួម​សង្កេត​ការណ៍​ក្នុង​ម៉ោង​បង្រៀន តាម​ដាន​សកម្ម​ថ្នាក់​នី​មួយៗ​និង​ដោះ​ដូរ​បទ​ពិ​សោធន៍​រវាង​គ្រូ​បង្រៀន ដើម្បី​លើក​កម្ពស់​កម្រិត​មុខ​ជំ​នាញ​និង​វិជ្ជា​ជី​វៈ។ ការ​ពិ​និត្យ​វាយ​តម្លៃ​សិស្ស​បាន​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់ ធា​នា​សត្យា​នុម័ត យុត្តិ​ធម៌​និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការវិ​វឌ្ឍ​របស់​សិស្ស​ម្នាក់ៗ។ ចំ​ពោះ​សិស្ស​ដែល​នៅ​មាន​ការ​លំ​បាក​ក្នុង​ការ​រៀន​សូ​ត្រ គ្រូ​បង្រៀន​តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​ណែ​នាំ​ឱ្យ​បាន​ទាន់​ពេល​វេលា ជួយ​ឱ្យ​ប្អូនៗ​ពង្រឹង​ចំ​ណេះ​ដឹង និង​កាន់​តែ​ជឿ​ជាក់​ជាង​ទៀត​ក្នុង​ការ​រៀន​សូត្រ។

អ្នក​គ្រូ ម៉ា​ប៊ិញ​តឹម ចាង​ហ្វាង​រង​សា​លា​បឋម​សិក្សា​ង៉ុក​តូ (សា​ខា​ថាម​ដូង) ឱ្យ​ដឹង​៖ “ឆ្នាំ​សិក្សា ២០២៥​-២០២៦ សា​លា​មាន​សិស្ស ៤៥៧ នាក់ ក្នុង​នោះ​សិស្ស​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង ៩៧%។ ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ សា​លា​បាន​វិនិ​យោគ​ក​សាង​ស្អាត​បាត​ទាំង​មូល​ដ្ឋាន​សម្ភារៈ និង​ឧប​ករណ៍​បង្រៀន ធា​នា​សិស្ស​រៀន ២ ពេល​ក្នុង​មួយ​ថ្ងៃ តាម​កម្ម​វិធី​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​កំ​ណត់។

រយៈ​ពេល​កន្លង ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​បង្រៀន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។ ដោយ​ឡែក​នៅ​សា​លា​បឋម​សិក្សា​ង៉ុក​តូ (សា​ខា​ថាម​ដូង) នៅ​ឃុំ​ង៉ុក​តូ បច្ចុប្បន្ន​បាន​បំ​ពាក់​ទូរ​ទស្សន៍​គ្រប់​ថ្នាក់​រៀន បន្ទប់​កុំ​ព្យូទ័រ និង​បន្ទប់​រៀន​ពហុមុខ​ងារ ជួយ​ប្អូនៗ​កៀក​ជិត​មេ​រៀន​យ៉ាង​ងាយ​ស្រួល និង​មាន​ប្រ​សិទ្ធ​ភាព​ជាង។ លោក​គ្រូ​ខេន បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ង៉ុក​តូ (សា​ខា​ថាម​ដូង) ឱ្យ​ដឹង៖ “ក្នុង​ដំ​ណើរ​ការ​បង្រៀន ខ្ញុំ​តែង​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ ធ្វើ​លំ​ហាត់​ច្រើន ដើម្បី​ជួយ​ឱ្យ​ប្អូនៗ​ឆាប់​យល់។ តាម​រយៈ​ម៉ោង​សិក្សា ខ្ញុំ​សង្កេត​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ សិស្ស​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត សកម្ម​និង​ក្តាប់​បាន​មេ​រៀន”។

ទន្ទឹម​នឹង​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន សា​លា​បឋម​សិក្សា​ង៉ុក​តូ (សាខា​ថាម​ដូង) នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​អប់​រំ​សីល​ធម៌ បំ​ណិន​ការ​រស់​នៅ ស្មារតី​គោ​រព​លក្ខន្តិកៈ​សា​លា ថ្នាក់​រៀន និង​ស្មារតី​សាមគ្គី​របស់​សិស្ស។ សកម្ម​ភាព​អប់​រំ​ក្រៅ​ម៉ោង​សិក្សា សកម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍ និង​ចល​នា​ប្រ​ឡង​ប្រ​ណាំង​តែង​បាន​យក​ចិត្ត​ទុក​ដាក់​ចាត់​តាំង បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​សិស្ស​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ចំ​ណេះ​ដឹង បំ​ណិន និង​អត្ត​ចរិត។

ដោយ​ស្មារតី​សាម​គ្គី ទទួល​ខុស​ត្រូវ​និង​ការ​ខិត​ខំ ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ សា​លា​បឋម​សិក្សា​ង៉ុក​តូ (សាខា​ថាម​ដូង) ឃុំ​ង៉ុក​តូ ប្តេជ្ញា​ចិត្ត​អនុ​វត្ត ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​ក្នុង​ឆ្នាំ​សិក្សា រួម​ចំ​ណែក​លើក កម្ពស់​គុណ​ភាព​អប់​រំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​អប់រំ​នា​បច្ចុប្បន្ន និង​បង្ក​ទំ​នុក​ចិត្ត​ចំ​ពោះ​ឪ​ពុក​ម្តាយ​សិស្ស ក៏​ដូច​ជា​ភូមិ​ភាគ៕

 ដា​លីន - វិមាន​

ចែករំលែកអត្ថបទ