ថ្មីៗនេះ ក្រុមការងារសហការជាមួយសហព័ន្ធអង្គការមិត្តភាពខេត្តកាម៉ាវ អង្គការ ActionAid - AFV ព្រមទាំងតំណាងបណ្តាស្ថាប័នគ្រប់គ្រងនិងក្រុមអ្នកស្រាវជ្រាវ បានអញ្ជើញទៅទស្សនានិងពិនិត្យភូមិសាស្ត្រជាក់ស្តែងបណ្តាទម្រង់ថាមពលបង្កើតឡើងវិញ គ្រប់គ្រងកាកសំណល់ក្នុងការចិញ្ចឹមសត្វនិងវារីវប្បកម្មនៅសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ។
អញ្ជើញចូលរួមជាមួយក្រុមការងារមានលោកពុងក្វាងកិត អនុប្រធានសហព័ន្ធអង្គការមិត្តភាពខេត្តកាម៉ាវ អនុប្រធានគណៈគ្រប់គ្រងគម្រោង ធ្វើជាប្រធានក្រុម លោកតាវៀតអាញ ប្រធានមូលនីធិ AFV ចំណែកថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វា មានលោក តូថាញញី ប្រធានការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចលនាសម្ព័ន្ធនិងនគរូបនីយកម្ម ចុះទៅពិនិត្យភូមិសាស្ត្រជាក់ស្តែងនៅសហករណ៍វារីវប្បកម្មថាញ់ផាក់ ជាគ្រួសារធ្វើអាជីវកម្មនិងផលិតបានទទួលផលពីគម្រោង "បង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញនិងគ្រប់គ្រងកាកសំណល់ដើម្បីបរិស្ថានចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង"។

ក្រុមការងារចុះទៅពិនិត្យភាពជាក់ស្តែងនៅសហករណ៍វារីវប្បកម្មថាញ់ផាក់ នៅសង្កាត់ខាញ់ហ្វា។
ការចុះទៅពិនិត្យបានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា ប្រសិទ្ធភាពជាក់ស្តែងនិងលក្ខណៈចីរភាពនៃទម្រង់រកស៊ីចិញ្ចឹមជីវិត; បញ្ហាលំបាកក្នុងដំណើរការនិងការរក្សាគម្រោង; តួនាទីរបស់នារីនិងយុវជនក្នុងការការពារបរិស្ថាន; ការរាំងស្ទះផ្នែកគោលនយោបាយពេលពង្រីកទម្រង់។ នៅពេលពិនិត្យ អ្នកតំណាងទាំងឡាយ ក្រុមអ្នកស្រាវជ្រាវ ក៏បានពិភាក្សាយ៉ាងច្បាស់អំពីបញ្ហាដែលជាប់ពាក់ព័ន្ធ។
តាមរយៈនោះ គម្រោង "បង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញនិងគ្រប់គ្រងកាកសំណល់ដើម្បីបរិស្ថានចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង" បានឧបត្ថម្ភកសាងឡឧស្ម័នចំនួន៤១០ ជូនគ្រួសារចិញ្ចឹមសត្វ ៥០ គ្រួសារ និង១២០គ្រួសារវារីវប្បកម្មនៅលើភូមិឋានសង្កាត់ខាញ់ហ្វា។ ឡឧស្ម័ននីមួយៗមានតម្លៃប្រមាណ ១២ លានដុង ក្នុងនោះ គម្រោងឧបត្ថម្ភ ៩០% នៃថ្លៃចំណាយ ប្រជាជនចំណាយ១០%ទុនបដិភាគ។ បន្ទាប់ពីអនុវត្តនិងដាក់ឱ្យប្រើប្រាស់ គម្រោងបាននាំមកផលប្រយោជន៍ជាក់ស្តែង ដោះស្រាយបានបញ្ហាកខ្វក់បរិស្ថាន។ បងស្រីដងធីយេម នាយិកាសហករណ៍វារីវប្បកម្មថាញ់ផាក់ ជាអ្នកបានទទួលផលពីគម្រោង ចែករំលែក៖ "ពីមុន ពេលមិនទាន់បានគម្រោងឧបត្ថម្ភ ខ្ញុំចំណាយពេលនិងថ្លៃចំណាយច្រើនសម្រាប់ការប្រព្រឹត្តិកម្មកាកសំណល់ពីការច្នៃជលផលនៅសហករណ៍របស់ខ្លួន ប្រាក់ចំណាយសម្រាប់ប្រព្រឹត្តិកម្មកាកសំណល់មួយខែៗប្រមាណ៥លានដុង។ ប៉ុន្តែចាប់តាំងពីទទួលបានការឧបត្ថម្ភពីគម្រោង ខ្ញុំសន្សំសំចៃបានច្រើន ចំណាយត្រឹមតែ១លានដុងក្នុងមួយខែ ដើម្បីទិញថ្នាំប្រព្រឹត្តិកម្មកាកសំណល់ ក្រៅពីនោះ គឺបង្ហូរចូលឡឧស្ម័នដើម្បីប្រព្រឹត្តិកម្ម ថែមទាំងមានឧស្ម័នសម្រាប់ដុតប្រើប្រាស់ក្នុងគ្រួសារទៀងផង"។
ចែករំលែកជាមួយក្រុមការងារមកពីខេត្តកាម៉ាវ លោកតូថាញញី ប្រធានការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចលនាសម្ព័ន្ធនិងនគរូបនីយកម្ម ឱ្យដឹង៖ "គម្រោង "បង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញនិងគ្រប់គ្រងកាកសំណល់ដើម្បីបរិស្ថានចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង" ពេលបានផ្សព្វផ្សាយអនុវត្តនៅសង្កាត់ខាញ់ហ្វា បានធ្វើឱ្យផ្លាស់ប្តូរឥរិយាបទប្រជាជន ពីការបង្ហូរជាតិកខ្វក់មកឆ្លៀតយកផលប្រយោជន៍ពីកាកសំណល់បង្កើតជាឧស្ម័ន បម្រើដល់ជីវភាពប្រចាំថ្ងៃឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងបានជួយគ្រួសារវារីវប្បកម្មនិងចិញ្ចឹមសត្វជាច្រើនលើភូមិឋានសន្សំសំចៃលើការចំណាយសម្រាប់ប្រព្រឹត្តិកម្មកាកសំណល់ ធានាកត្តាបរិស្ថាននិងរួមចំណែកអភិវឌ្ឍដោយចីរភាពមុខរបររកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជន"។

ក្រុមការងារប្រជុំពិភាក្សាខ្លឹមសារលម្អិតអំពីភាពងាយស្រួលនិងបញ្ហាប្រឈមជាក់ស្តែង។
"គម្រោងបង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញនិងគ្រប់គ្រងកាកសំណល់ដើម្បីបរិស្ថានចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង ជាគម្រោងមួយក្នុងចំណោមគម្រោងដែលមានអត្ថន័យសំខាន់ៗចំពោះបរិស្ថាននិងការអភិវឌ្ឍដោយចីរភាព បន្ទាប់ពីបានទៅទស្សនានិងស្តាប់ការចែករំលែកពីថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វា យើងខ្ញុំក៏ក្តាប់បានព័ត៌មានបន្ថែមដ៏មានប្រយោជន៍ ដើម្បីយកទៅអនុវត្តជាក់ស្តែងនៅភូមិភាគ" លោកពុងក្វាងកិត បានចែករំលែកដូច្នេះ។
បន្ទាប់ពីបានទៅទស្សនាភាពជាក់ស្តែងនិងស្តាប់ការចែករំលែកយ៉ាងច្បាស់លាស់ពីថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វា ក្រុមការងារបានកត់សម្គាល់នូវភាពងាយស្រួលនិងបញ្ហាប្រឈមជាក់ស្តែង ដើម្បីស្វែងរកទិសដៅជួយឧបត្ថម្ភ។ តំណាងគណៈគ្រប់គ្រងគម្រោង បញ្ជាក់៖ ការតភ្ជាប់រវាងបទពិសោធន៍របស់ប្រជាជន ទស្សនៈរបស់ក្រុមអ្នកវិទ្យាសាស្ត្រ គឺជាកត្តាស្នូល។តាមរយៈនោះ កម្មវិធីរំពឹងថានឹងដោះស្រាយចំណុចរាំងស្ទះអំពីយន្តការ បង្កជាសន្ទុះពង្រីកវិសាលភាពទម្រង់មុខរបររកស៊ីចិញ្ចឹមជីវិតបៃតង បម្រើយុទ្ធសាស្ត្រអភិវឌ្ឍដោយចីរភាពនៅភូមិភាគនានានៃតំបន់វាលរាបទន្លេគឺវឡុង៕
ថាញហ៊ុង-មុនី