06/11/2026 - 09:15

បរិ​យា​កាស​ហាត់​សម​នៃ​ក្រុម​កី​ឡា​ករ​ទូក​ ង វត្ត​ពាម​បួន​ថ្មី​ 

បន្ទាប់​ពី​អវត្ត​មាន​អស់​រយៈ​ពេល ២១ ឆ្នាំ ទូក ង វត្ត​ពាម​បួន​ថ្មី នៅ​សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ បាន​វិល​ត្រ​ឡប់​មក​កាន់​ខ្សែ​ទឹក​ប្រ​ណាំង​ឡើង​វិញ។ ជា​ទូក ង​ដែល​ទើប​បោះ​ថ្មី ដោយ​ការ​ចូល​រួម​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​សប្បុរស​ជន បាន​បំ​ពេញ​តាម​គោល​បំ​ណង​របស់​មា​មីង​ខ្មែរ​នៅ​ទី​នេះ។ នៅ​រដូវ​កាល​ឆ្នាំ​២០២៦​នេះ ទូក​ ងរបស់​វត្ត​មិន​ត្រឹម​តែ​វិល​មក​ចូល​រួម​អុំ​ប្រ​ណាំង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​វិល​មក​នៃ​ស្មារតី​សាមគ្គី​ មោទ​នភាព​ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃ​ណី​ និង​ក្តី​ប្រាថ្នា​ក្នុង​ការ​ដណ្តើ​មយក​ជ័យ​ជម្នះ​លើ​ខ្សែ​ទឹក​ប្រ​ណាំង​សា​ជា​ថ្មី​។

​ ​បរិយាកាស​ហាត់​សម​នៃ​ក្រុម​កី​ឡា​ករ​ទូក​ ងវត្ត​ពាម​បួន​ថ្មី​។

ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​កាល​អុំ​ប្រ​ណាំង​ឆ្នាំ​នេះ ក្រុម​កី​ឡា​ករ​ទូក ង វត្ត​ពាម​បួន​ថ្មី កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​សម​នៅ​រាល់​ពេល​ហាត់​សម​មិន​ត្រឹម​តែ​ជា​ការ​ពង្រឹង​កាយ​សម្ប​ទា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ដំ​ណាក់​ការ​ហាត់​ឱ្យ​ថ្នឹក​នឹង ចង្វាក់​អុំ​ជា​មួយ​មិត្ត​រួម​ក្រុម និង​ស្គាល់​ពី​ទូក​ថ្មី​ទៀត​ផង។ បន្ទាប់​ពី​អវត្ត​មាន​អស់​រយៈ​ពេល ២១ ឆ្នាំ មាន​កី​ឡា​ករ​ជា​ច្រើន​មិន​ធ្លាប់​ចូល​រួម​អុំ​នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង​។ ដូច្នេះ អ្វី​ដែល​សំ​ខាន់​បំ​ផុត​នៅ​ពេល​នេះ គឺ​ការ​បង្កើត​ឱ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​កី​ឡា​ករ​ចំ​ណុះ​ទូក។ “ជា​ច្រើន​ថ្ងៃ​មក​នេះ ក្រោយ​ពេល​បញ្ចប់​ពី​កិច្ច​ការ​ងារ ខ្ញុំ​តែង​ប្រ​ញាប់​មក​ហាត់​សម​ចាប់​ពី​ម៉ោង ៥ ល្ងាច រហូត​ដល់​ម៉ោង ៧ យប់។ មាន​បង ប្អូន​មួយ​ចំ​នួន​ទើប​តែ​ចូល​រួម​ហាត់​ដំ​បូង មិន​ទាន់​ស៊ាំ​នៅ​ឡើយ ដូច្នេះ​គ្រូ​បង្វឹក​គាត់​បាន​ណែ​នាំ​បន្តិច​ម្តងៗ។ ឥ​ឡូវ​នេះ បង​ប្អូន​ចាប់​ផ្តើម​ស៊ាំ​នឹង​គ្នា​ជា​បណ្តើរៗ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្តេជ្ញា​ថា​នឹង​ប្រឹង​ប្រែង​ដើម្បី​ឈាន​ចូល​រង្វង់​ក្នុង​នៃ​ការ​ប្រ​កួត”។ បង ថាច់​សៀន កី​ឡា​ករ​ទូក ង​វត្ត​ពាម​បួន​ថ្មី បាន​ឱ្យ​ដឹង ដូច្នេះ។

លើ​ខ្សែ​ទឹក​ប្រ​ណាំង​កម្លាំង​គឺ​ជា​កត្តា​សំ​ខាន់​មែន ប៉ុន្តែ​មិន​មែន​ជា​កត្តា​សម្រេច​នោះ​ទេ។ សម្រាប់​ទូក ង វត្ត​ពាម​បួន​ថ្មី​យុទ្ធ​សាស្ត្រ​និង​ការ​សហ​ការ​គ្នា​រវាង​កី​ឡា​ករ​ គឺ​ជា​ចំ​ណុច​ដែល​ក្រុម​កំ​ពុង​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​ដំ​ណាក់​កាល​ដំ​បូង​នៃ​ការ​ហាត់​សម។ តួ​នា​ទី​របស់​កី​ឡា​ករ​ម្នាក់ៗ​ត្រូវ​បាន​គិត​គូរ​យ៉ាង​ម៉ត់​ចត់ ដើម្បី​ពង្រីក​សមត្ថ​ភាព​និង​កម្លាំង​របស់​កី​ឡា​ករ​ម្នាក់ៗ​ឱ្យ​បាន​ខ្ពស់​បំ​ផុត។ ពិ​សេស​គឺ​ចង្វាក់​នៃ​ការ​អុំ ត្រូវ​តែ​ស៊ី​សង្វាក់​គ្នា រក្សា​កម្លាំង​តាម​ដំ​ណាក់​កាល​ដែល​ចាំ​បាច់ និង​បង្កើន​ល្បឿន​ឱ្យ​ចំ​ពេល​វេលា។ លោក​ថាច់​ថាញ​យ៉ុង កី​ឡា​ករ​ទូក ង​វត្ត​ពាម​បួន​ថ្មី ចែក​រំលែក៖ “ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជួយ​បោះ​ទូក​ថ្មី ខ្ញុំ​មាន​ការ​សា​ទរ​យ៉ាង​ខ្លាំង ហើយ​បាន​ហៅ​បង​ប្អូន​ឱ្យ​ចូល​រួម​ប្រ​មាណ ១០០ នាក់។ ដំ​បូង យើង​ខ្ញុំ​ហាត់​ពង្រឹង​កម្លាំង​កាយ​នៅ​លើ​គោក បន្ទាប់​មក​ហាត់​លើ​បន្ទា រួច​ទើប​ចុះ​ទូក​ហាត់​សម។ ឃើញ​ថា បង​ប្អូន​គ្រប់​គ្នា​មាន​ភាព​សប្បាយ​រីក​រាយ​និង​ខិត​ខំ​ហាត់​សម ដើម្បី​ដណ្តើ​មជ័យ​ជម្នះ លើ​ខ្សែ​ទឹក​ប្រ​ណាំង បន្ទាប់​ពី​អវត្ត​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ”។

នៅ​ពី​ក្រោយ​ការ​ហាត់​សម គឺ​មាន​ការ​រួម​ដំ​ណើរ​ដោយ​ស្ងៀម​ស្ងាត់​ពី​សំ​ណាក់​អ្នក​ដែល​ចង់​ឱ្យ​ទូក​មាន​លក្ខណៈ​ល្អ​បំ​ផុត។ ចាប់​តាំង​ពី​ការ​រៀប​ចំ​ម្ហូប​អា​ហារ ការ​ចម្អិន​អា​ហារ​រហូត​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ កី​ឡា​ករ​ក្រោយ​ពេល​ហ្វឹក​ហាត់ ម្នាក់ៗ​បាន​រួម​ចំ​ណែក ក្នុង​កម្លាំង​កាយ​ចិត្ត​រៀងៗ​ខ្លួន ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ដល់​ក្រុម​កី​ឡា​ករ។ អ្នក​មីង ស៊ើង​ធី​សួន​ ស្នាក់​នៅ​មណ្ឌល​ក្វាង​ខួង សង្កាត់​ភូ​ឡើយ ឱ្យ​ដឹង៖ “រៀង​រាល់​ល្ងាច ខ្ញុំ​និង​បង​ប្អូន ៧ នាក់​ទៀត តែង​ទៅ​វត្ត​ជួយ​ចម្អិន​មី និង​គុយ​ទាវ​ជូន​កី​ឡា​ករ។ សង្ឃឹម​ថា បង​ប្អូន​កី​ឡា​ករ​នឹង​មាន​សុខ​ភាព​ល្អ និង​កម្លាំង​គ្រប់​គ្រាន់ ដើម្បី​ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ​បំ​ផុត”។

នៅ​ពេល​អុំ​ប្រ​ណាំង​យើង​អាច​នឹង​ជួប​គូ​ប្រ​កួត​ខ្លាំងៗ ហើយ​ការ​អុំ​ប្រ​ណាំង​ទាម​ទារ​ឱ្យ​មាន​កាយ​សម្ប​ទា បច្ចេក​ទេស និង​ភាព​អង់​អាច ប៉ុន្តែ​សម្រាប់​ទូក ង​វត្ត​ពាន​បួន​ថ្មី ការ​វិល​ត្រ​ឡប់​មក​វិញ​លើក​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ចង​ចាំ។ ព្រោះ​ថា​រាល់​ការ​ហាត់​សម​និង​ការ​ចូល​រួម​អុំ​ប្រ​ណាំង​ឆ្នាំ​នេះ គឺ​មាន​ការ​រួម​ចំ​ណែក​ពី​រដ្ឋ​អំ​ណាច សប្បុរស​ជន ព្រះ​សង្ឃ និង​មា​មីង​ចំ​ណុះ​ជើង​វត្ត​ទាំង​មូល ដែល​កំ​ពុង​រួម​គ្នា ឆ្ពោះ​ទៅ​កាន់​រដូវ​កាល​ថ្មី។ នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង នា​ពេល​ខាង​មុខ ទូក ង វត្ត​ពាម​បួន​ថ្មី នឹង​រួម​គ្នា​បញ្ចេញ កម្លាំង​យុវ​វ័យ​ស្មារតី​សាមគ្គី និង​មោទ​នភាព​ចំ​ពោះ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ៕

                           ថាញ​វ៉ាង​ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ