នៅក្នុងពិធីគោរពទង់ សាលាបានបំផុសចលនាសកម្មភាពសម្អាតបរិស្ថាន ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងនិងបណ្តុះស្មារតី ទង្វើការពារបរិស្ថានដល់សិស្សានុសិស្ស។
ចាប់ពីខែមិថុនា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន សាលាបានបន្តអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន។ ជារៀងរាល់រសៀលថ្ងៃព្រហស្បតិ៍ សិស្សានុសិស្សបានចូលរួមបោសសម្អាតបរិវេណសាលា ប្រមូលសំរាម ថែទាំដើមឈើ ដាំផ្កានិងរុក្ខជាតិលម្អ។ ពិសេស ដោយមានការឧបត្ថម្ភពីសាកលវិទ្យាល័យត្រាវិញ និងសម្ព័ន្ធយុវជនឃុំទីវកឹង សាលាបានដាំដើមឈើសរុប ១.២០០ ដើម ក្នុងនោះ មានដើមត្របែកព្រៃ ៦០០ ដើម ដើមឆត្រតៃវ៉ាន់ ១០០ ដើម និងដើមត្រែ ៥០០ ដើម ដើម្បីរួមចំណែកកែលម្អសោភណភាព និងបង្កើនភាពបៃតងនៅក្នុងបរិវេណសាលា។
មិនត្រឹមតែអនុវត្តសកម្មភាពនៅក្នុងសាលារៀនប៉ុណ្ណោះទេ សាលាក៏បានសហការជាមួសម្ព័ន្ធយុវជនឃុំ និងគណះកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាមឃុំទីវកឹង ដើម្បីជំរុញចលនា “ថ្ងៃអាទិត្យបៃតង” ដោយរៀបចំសម្អាតតាមបណ្តោយផ្លូវជនបទក្នុងភូមិមាត់ជំនីក ភូមិលិចក្ដីនិងភូមិភូកឹង។ ក្នុងរាល់សកម្មភាព មានសិស្សានុសិស្សចូលរួមប្រមាណ ២០ នាក់ ដោយសម្អាតផ្លូវក្នុងប្រវែងប្រមាណ ០,៥ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ សកម្មភាព “យុវជនទីវកឹងរួមកម្លាំងសម្អាតបរិស្ថាន និងដងព្រែកប្រឡាយក្នុងភូមិស្រុក” ក៏បានបន្តអនុវត្តជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សមានឱកាសទទួលបានបទពិសោធន៍ជាក់ស្តែង ព្រមទាំងលើកកម្ពស់ស្មារតីសកម្មនិងស្ម័គ្រចិត្តដើម្បីសហគមន៍។
ចំពោះសិស្សានុសិស្សដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ស្មារតីថែរក្សាបរិស្ថានក៏បានបណ្តុះបណ្តាលតាមរយៈការរស់នៅប្រចាំថ្ងៃ ចាប់ពីបន្ទប់ស្នាក់នៅ បន្ទប់រៀន អាហារដ្ឋាន រហូតដល់បរិវេណសាលា។ សិស្សានុសិស្សបានណែនាំឱ្យរៀបចំសម្ភារ:ប្រើប្រាស់មានរបៀបរៀបរយ បោះចោលសំរាមចំទីកន្លែងដែលបានកំណត់ រក្សាអនាម័យនិងថែទាំដើមឈើបៃតង។ សកម្មភាពទាំងនេះបានអនុវត្តជាប្រចាំ រួមចំណែកបង្កទម្លាប់រស់នៅដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ ព្រមទាំងជួយឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់អំពីផលប៉ះពាល់នៃការបោះសំរាមចោលពាសវាលពាសកាល អត្ថន័យនៃការបែងចែកសំរាមនិងការការពារប្រភពទឹក។ លោកគ្រូ យ៉ីបគឹមថាយ លេខាសម្ព័ន្ធយុវជនសាលា ឱ្យដឹង៖ “តាមរយៈសកម្មភាពសម្អាតបរិស្ថាន យើងខ្ញុំមានបំណងជួយឱ្យសិស្សានុសិស្សលើកកម្ពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវក្នុងការពារបរិស្ថានរស់នៅ។ នេះមិនត្រឹមតែជាសកម្មភាពការងារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំបំណិនជីវិត ស្មារតីសាមគ្គីភាព វិន័យ និងការទទួលខុសត្រូវចំពោះសហគមន៍។ សាលានឹងបន្តរក្សានិងពង្រីកសកម្មភាពជាក់ស្តែងទាំងនេះឱ្យកាន់តែទូលំទូលាយ”។

សិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការសម្អាត ប្រមូលសំរាម ដាំដើមឈើនិងរុក្ខជាតិលម្អតាមដងផ្លូវជនបទ រួមចំណែកថែរក្សាសោភណភាពនៅភូមិភាគ។
បងគឹមណាយ ប្រជាជនរស់នៅភូមិភាគ ចែករំលែក៖ “ខ្ញុំពិតជារីករាយណាស់នៅពេលឃើញសិស្សានុសិស្សចូលរួមបោសសម្អាត ប្រមូលសំរាម សម្អាតផ្លូវថ្នល់និងតំបន់ជុំវិញ។ នេះជាការងារដែលមានអត្ថន័យ រួមចំណែកថែរក្សាសោភណភាពនិងបង្ហាញពីការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយចំពោះសហគមន៍”។ ចំណែកប្អូន ថាច់ធីង៉ុកគ្វី សិស្សថ្នាក់ទី១២ លើកឡើង៖ “តាមរយៈការចូលរួមសកម្មភាពសម្អាតបរិស្ថាន ពួកប្អូនយល់ថាការការពារបរិស្ថានចាប់ផ្តើមពីសកម្មភាពតូចៗ ដូចជា មិនបោះចោលសំរាមពាសវាលពាសកាល ថែរក្សាអនាម័យបន្ទប់រៀន បន្ទប់ស្នាក់នៅនិងបរិវេណសាលា។ ពួកប្អូននឹងបន្តរក្សាទម្លាប់ល្អៗទាំងនេះ ព្រមទាំងជំរុញមិត្តភក្តិនិងសមាជិកគ្រួសារឱ្យចូលរួមអនុវត្ត”។
លោកគ្រូ គឹមវ៉ាំងសែន ចាងហ្វាងរងសាលា សង្កត់ធ្ងន់៖ “ការអប់រំអំពីការពារបរិស្ថាន រួមចំណែកក្នុងការសម្រេចគោលដៅអប់រំ ឱ្យបានគ្រប់ជ្រុងជ្រោយ។ តាមរយៈសកម្មភាពជាក់ស្តែង សិស្សានុសិស្សបានបណ្តុះបណ្តាលឱ្យមានស្មារតីម្ចាស់ការ ការទទួលខុសត្រូវ បំណិនសហការ និងសេចក្តីស្រឡាញ់ចំពោះបរិស្ថានរស់នៅ។ ក្នុងពេលខាងមុខ សាលានឹងបន្តជំរុញសកម្មភាពទាំងនេះឱ្យកាន់តែខ្លាំងក្លា ដើម្បីកសាងបរិយាកាសអប់រំប្រកបដោយភាពបៃតង ជ្រះ ស្អាត និងលើកទឹកចិត្តឱ្យសិស្សានុសិស្សសាយភាយនូវស្មារតីការពារបរិស្ថានក្នុងគ្រួសារនិងសង្គម”។
ចាប់ពីបរិវេណសាលារៀន រហូតដល់ផ្លូវជនបទនិងដងព្រែកប្រឡាយក្នុងភូមិស្រុក សកម្មភាពរបស់សិស្សានុសិស្សសាលាអនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង កំពុងរួមចំណែកសាយភាយរបៀបរស់នៅបៃតង បណ្តុះស្មារតីទទួលខុសត្រូវនិងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ព្រមទាំងរួមកម្លាំងកសាងភូមិស្រុកឱ្យកាន់តែមានបរិស្ថានបៃតង ជ្រះ ស្អាត៕
ពេជ្រ សឿន