ដើម្បីជួយសមាជិកដែលមានជីវភាពលំបាកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលជាបណ្តើរៗ និងឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាខាបក្សភូមិកិញឆាង ឃុំអាងនិញ ទីក្រុងកឹងធើ បានចង្អុលការសាខាសមាគមកសិករភូមិ បំផុសចលនាកសិករ និងសមាជិកសមាគមកសិករចូលរួមប្រឡងប្រណាំងពលកម្មផលិត កសាងទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាពជាច្រើន ក្នុងនោះមានទម្រង់ចិញ្ចឹមពពែរបស់ពូថាច់សារិត នៅភូមិកិញឆាង ឃុំអាងនិញ បាននិងកំពុងបើកចេញទិសដៅជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយរួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំងពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

ពូថាច់សារិត នៅភូមិកិញឆាង ឃុំអាងនិញ កំពុងដាក់ចំណីឱ្យហ្វូងពពែ។
តាមរយៈការឧបត្ថម្ភទុនបុលពីធនាគារគោលនយោបាយសង្គម សមាជិកសមាគមកសិករមានឱកាសទទួលបានធនធានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ ក៏មានទម្រង់ចិញ្ចឹមពពែ បានបង្កលក្ខណៈឱ្យគ្រួសារនានាវិនិយោគលើការចិញ្ចឹមសត្វ សន្សំបទពិសោធន៍និងពង្រីកហ្វូងពពែ។ ពូថាច់សារិត នៅភូមិកិញឆាង ឃុំអាងនិញ បច្ចុប្បន្នមានពពែធំតូច ប្រមាណ ៥០ ក្បាល កំពុងធំធាត់ល្អក្នុងទ្រុងចិញ្ចឹមដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ ប្រការដែលមិននឹកស្មាននោះ គឺគ្រួសាររបស់គាត់ ទើបតែចាប់ផ្តើមអនុវត្តទម្រង់នេះប្រមាណ ៦ ឆ្នាំប៉ុណ្ណោះ។ ពូថាច់សារិត ឱ្យដឹង៖ “កាលពីដំបូង ខ្ញុំបានភូមិភាគណែនាំបុលទុនពីធនាគារគោលនយោបាយសង្គមសម្រាប់កម្មវិធីទឹកស្អាត ២០ លានដុងនិងបុលទុនអនុវត្តទម្រង់ចិញ្ចឹមសត្វ ៥០ លានដុង។ ខ្ញុំបានទិញពពែញី ១០ ក្បាល និងពពែឈ្មោល ១ ក្បាល ដើម្បីបង្កាត់ពូជ។ ជាមួយនឹងការអនុវត្តទម្រង់ជាង ៦ ឆ្នាំមកនេះ ឃើញថាទទួលបានលទ្ធផលជាក់ស្តែង។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការចិញ្ចឹម ខ្ញុំតែងសិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹមពពែ។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការណែនាំដោយផ្ទាល់ ពីគ្រួសារដែលទទួលបានជោគជ័យក្នុងការចិញ្ចឹមពពែនៅភូមិភាគ និងពីសមាគមកសិករឃុំ អំពីរបៀបថែទាំនិងការពារជំងឺដល់ហ្វូងពពែ ព្រមទាំងដកបទពិសោធន៍ពីដំណើរការចិញ្ចឹមជាក់ស្តែងរបស់ខ្លួន។ ដោយសារដូច្នេះ ហ្វូងពពែរបស់គ្រួសារខ្ញុំបានកើនឡើងយ៉ាងឆាប់រហ័ស។ ផ្ដើមពីប្រភពទុនបុល ៥០ លានដុងដំបូងពីធនាគារគោលនយោបាយសង្គមដើម្បីទិញពពែពូជ ១០ ក្បាល រហូតមកទល់ពេលនេះ ហ្វូងពពែបានកើនឡើងដល់ ៥០ ក្បាល។ ជាពិសេស ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ខ្ញុំបានលក់ពពែពូជនិងពពែសាច់ជាង ២០ ក្បាល ជាមួយប្រាក់ចំណូលជិត ១០០ លានដុង បានជួយឱ្យជីវភាពគ្រួសារខ្ញុំកាន់តែប្រសើរឡើង”។
លោកត្រឹងវ៉ាំងយ៉ុង លេខាសាខាបក្សភូមិកិញឆាង ឃុំអាងនិញ ឱ្យដឹង៖ “កន្លងមក សាខាបក្សភូមិ តែងចង្អុលការសមាគមកសិករ បំផុសចលនា លើកទឹកចិត្តកសិករ និងសមាជិកសមាគមកសិករឱ្យប្រឡងប្រណាំងផលិត និងអាជីវកម្មនៅលើភូមិឋាន។ តាមរយៈការបំផុសនេះ មានទម្រង់ផលិតនិងអាជីវកម្មល្អៗ និងទទួលបានប្រសិទ្ធភាពជាច្រើន ក្នុងនោះ មានទម្រង់របស់ពូថាច់សារិត ដែលបានមោះមុត វិនិយោគទម្រង់ចិញ្ចឹមពពែ។ ទោះបីទម្រង់នេះថ្មីក៏ដោយ ប៉ុន្តែពូសារិត នៅតែខិតខំស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីយកមកអនុវត្តក្នុងការចិញ្ចឹមសត្វរបស់គ្រួសារ ដោយជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ក្រៅពីនោះ ពូតែងតែជួយបង្ហាញបទពិសោធន៍ដល់គ្រួសារជិតខាង អនុវត្តទម្រង់ ព្រមទាំងលក់ពពែពូជឱ្យការពង្រីកទម្រង់ បង្កើនប្រាក់ចំណូលនិងជួយមាមីងក្នុងភូមិលំនឹងជីវភាព”។
ជាមួយនឹងប្រភពទុនបុលឧបត្ថម្ភសមស្រប និងទម្រង់អនុវត្តមានប្រសិទ្ធភាពរបស់សមាជិកសមាគមកសិករ ពូថាច់សារិត មិនត្រឹមតែរួមចំណែកលើកកម្ពស់ប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករដើម្បីខិតខំកសាងជីវភាពដោយកម្លាំងពលកម្មផ្ទាល់ខ្លួន ជាជំហានៗលំនឹងជីវភាពនិងឆ្ពោះដល់ការចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរីកចម្រើន៕
ដាលីន - ថាច់ធី