មាននិស្ស័យនឹងចម្លាក់តាំងពីនៅបួសរៀនក្នុងវត្ត បងឡឹមហ្វាថា នៅភូមិតឹងក្វី B ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រនិងលត់ដំដោយឥតឈប់ឈរ ដើម្បីបានក្លាយជាសិប្បករជាងចម្លាក់។ សម្រាប់គាត់ វណ្ណកម្មនីមួយៗមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់និងការច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ថែមទាំងបំពាក់នូវចិត្តស្រឡាញ់របរនិងមោទនភាពក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។
បងថា មាននិស្ស័យនឹងរបរចម្លាក់តាំងពីឆ្នាំ ២០០៥ ពេលនោះបងបួសរៀននៅវត្តសោភណរង្សី បឹងក្រចាប់ថ្មី។ នៅក្នុងបរិស្ថានវត្តអារាម គាត់ចូលចិត្តទៅមើលសិប្បករគូរគំនូរនិងឆ្លាក់ក្បាច់លើសំណង់នានាក្នុងវត្ត។ ផ្តើមពីការចាប់អារម្មណ៍មើលដំបូង ជាជំហានៗគាត់ក៏បានសិក្សាពីបច្ចេកទេសសិល្បៈសូនរូបនិងរៀនឆ្លាក់ក្បាច់តាមបែបស្ថាបត្យកម្មខ្មែរ។ បន្ទាប់មក ពេលទៅសិក្សាថ្នាក់ធម្មវិន័យនៅវត្តសិរីតេជោ មហាទប់ ឃើញជាងកំពុងឆ្លាក់ឈើ គាត់ក៏បានបន្តស្វែងយល់និងសុំរៀនរបរនេះ"។

បងឡឹមហ្វាថា ឆ្លាក់ភ្នែកនិងរាងទូក ងវត្តសិរីប្រជុំវង្ស ពាមបួនថ្មីសម្រេចរួចរាល់។
ក្រោយពីរយៈកាល៣ឆ្នាំបួសរៀន បងហ្វាថាលាចាកសិក្ខាបទនិងសម្រេចចិត្តទៅសិក្សារបរចម្លាក់ឈើ។ ដើម្បីលើកកម្ពស់ថ្វីដៃ គាត់បានទៅវត្តកំពង់មានជ័យ ទឹកប្រៃ ធ្វើការនិងរៀនសូត្របទពិសោធន៍ពីសិប្បកររៀមច្បង។ បន្ទាប់ពីខិតខំប្រឺងប្រែងលត់ដំជាច្រើនឆ្នាំ គាត់ក៏មានចំណេះជំនាញផ្នែកខាងសិល្បៈចម្លាក់ មានទំនុកចិត្តក្នុងការទទួលតុបតែង ឆ្លាក់ទ្វារនិងសំណង់ផ្សេងៗធ្វើពីឈើនៅតាមវត្តអារាមខ្មែរលើភូមិឋានទីក្រុងកឹងធើ។ បងថា សំណេះសំណាល៖ "ចាប់ពីឆ្នាំ ២០០៩ មកដល់ពេលនេះ នៅពេលមានចំណេះជំនាញខាងរបរឆ្លាក់ឈើ ខ្ញុំទទួលការងារធ្វើជុំឆ្នាំ ដូច្នេះ ខ្ញុំធ្វើការងារបណ្តើរ រៀនសូត្របណ្តើរដើម្បីដកបទពិសោធន៍។ កាន់តែធ្វើ ខ្ញុំរឹតតែស្រឡាញ់របរនិងចង់បង្កបានផលិតផលស្រស់ស្អាតនិងមានតម្លៃជាងទៀត"។
របរឆ្លាក់ក្បាច់ខ្មែរទាមទារជាងត្រូវមានភាពអំណត់ព្យាយាម ប្រិតប្រៀន យល់ដឹងពីស្ថាបត្យកម្ម សិល្បៈប្រពៃណីនិងសមត្ថភាពបង្ហាញព្រលឹងនៃវណ្ណកម្មនីមួយៗ។ ទន្ទឹមនឹងការរៀនសូត្របទពិសោធន៍ពីសិប្បកររៀមច្បង បងថានៅទាំងម្ចាស់ការស្វែងយល់ពីទម្រង់ក្បាច់និងរូបចម្លាក់សត្វតំណាងលើប្រព័ន្ធអ៊ីនធឺណិតដើម្បីពង្រីកចំណេះដឹង ច្នៃប្រតិដ្ឋបន្ថែមផលិតផលថ្មីៗប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ ចាប់តាំងពីការជ្រើសរើសគំរូ គូរគម្រោង រហូតដល់ដាប់ឆ្លាក់និងបង្ហើយផលិតផល គាត់តែងធ្វើដោយការប្រុងប្រយ័ត្នខ្ពស់។ តាមសម្តីរបស់គាត់ ដើម្បីឆ្លាក់ក្បាច់រស់រវើក មានព្រលឹង ជាងឆ្លាក់មិនត្រឹមតែមានថ្វីដៃប៉ិនប្រសប់និងភ្នែកភ្លឺប៉ុណ្ណោះទេ ថែមទាំងយល់ដឹងពីអត្ថន័យនៃទម្រង់ក្បាច់និងរូបចម្លាក់នីមួយៗក្នុងវប្បធម៌ប្រពៃណីទៀតផង។

បងឡឹមហ្វាថា កំពុងព្រៀងក្បាច់លើរាងទូក ងទី២របស់វត្តសិរីប្រជុំវង្សពាមបួនថ្មី។
ដោយមានការឧស្សាហ៍ព្យាយាមនិងស្មារតីចង់រីកចម្រើន ថ្វីដៃរបស់គាត់កាន់តែល្អឡើងៗ បានព្រះចៅអធិការនានាវត្តទំនុកចិត្តប្រគល់ឱ្យធ្វើផ្នែកការងារចម្លាក់។ បច្ចុប្បន្ន គាត់កំពុងទទួលឆ្លាក់ភ្នែកនិងក្បាលទូក ងរបស់វត្តសិរីប្រជុំវង្ស ពាមបួនថ្មី នៅសង្កាត់ភូឡើយ។ នេះគឺជាការងារទាមទារត្រូវមានបច្ចេកទេសខ្ពស់ ពីព្រោះ ទម្រង់ក្បាច់នីមួយៗត្រូវគូរឱ្យសមស្របនឹងលក្ខណៈសិល្បៈ រួមចំណែកធ្វើឱ្យទូក ងមានមហិទ្ធិឫទ្ធិនិងស្រស់ស្អាត ជានិមិត្តរូបវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។ បងថា ចែករំលែក៖"ឆ្លាក់ភ្នែកនិងរាងទូក ងទាមទារត្រូវមានភាពប៉ិនប្រសប់ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃនិមិត្តរូបវប្បធម៌និងភាពរស់រវើកដូចរូបពិត។ពីមុន ខ្ញុំទទួលឆ្លាក់ក្បាច់ទូក ងរបស់វត្តដើម្បីដាក់តាំងបង្ហាញ ឆ្លាក់សត្វតំណាំងឆ្នាំទាំង ១២ បង្អួចឈើ។ល។ ក្រៅពីឆ្លាក់ភ្នែកនិងក្បាលទូក ង ខ្ញុំក៏កំពុងរៀនគូរក្បាច់លើរាងទូក ងដើម្បីពង្រីកថ្វីដៃ។ ខ្ញុំមានមោទនភាពខ្លាំងណាស់ ពេលវណ្ណកម្មនីមួយៗធ្វើរួចរាល់ សុទ្ធតែបានវត្តនិងមាមីងខ្មែរស្ងើចសរសើរ"
ផ្តើមពីការស្រឡាញ់ចូលចិត្តដុះគំនិតកាលនៅបួសរៀនក្នុងវត្ត បងឡឹមហ្វាថាបានសម្រេចចិត្តជ្រើសយករបរជាងចម្លាក់។ ដំណើរការនេះគឺជាសក្ខីភាពបញ្ជាក់ពីស្មារតីចូលចិត្តរៀនសូត្រ ឆន្ទៈឈានឡើងនិងការស្រឡាញ់ចូលចិត្តចំពោះសិល្បៈប្រពៃណី។តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករឡឹមហ្វាថា ទម្រង់ចម្លាក់ក្បូរក្បាច់ប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរត្រូវបានថែរក្សាជាហូរហែរលើសំណង់នៅតាមវត្តនិងក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ៕
យ្វីអាញ-មុនី