ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣៥៣/២០២៦/NĐ-CP ចាប់ផ្ដើមមានសុពលភាព ដោយកំណត់អំពីគោលនយោបាយលើកលែង កាត់បន្ថយ ឧបត្ថម្ភថ្លៃសិក្សា និងចំណាយលើការសិក្សាសម្រាប់កុមារអាយុ ៥ - ៦ ឆ្នាំ ស្ថិតក្នុងក្របខ័ណ្ឌឧត្តានកម្មអប់រំមត្តេយ្យសិក្សា និងមុខសញ្ញានានាក្នុងវ័យអប់រំជាកាតព្វកិច្ច។

អនុក្រឹត្យលេខ ៣៥៣/២០២៦/NĐ-CP ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីឧត្តានកម្មអប់រំមត្តេយ្យសិក្សាសម្រាប់កុមារអាយុ ៥ - ៦ ឆ្នាំ ការអប់រំជាកាតព្វកិច្ចនិងការលុបបំបាត់អនក្ខរកម្ម មានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៦។
កុមារអាយុ ៥ -៦ ឆ្នាំ ណាខ្លះបានលើកលែងនិងកាត់បន្ថយថ្លៃសិក្សា
យោងតាមចំណុច a កថាខណ្ឌទី ៤ មាត្រា ៥ នៃអនុក្រឹត្យ កុមារស្ថិតក្នុងក្របខ័ណ្ឌឧត្តានកម្មអប់រំ មត្តេយ្យសិក្សា និងសិស្សានុសិស្សក្នុងវ័យអប់រំជាកាតព្វកិច្ច ទទួលបានគោលនយោបាយលើកលែង កាត់បន្ថយឧបត្ថម្ភថ្លៃសិក្សា ឧបត្ថម្ភចំណាយលើការសិក្សា និងគោលនយោបាយឧបត្ថម្ភផ្សេងៗទៀត ស្របតាមសេចក្ដីកំណត់បច្ចុប្បន្នស្ដីពីការអប់រំ កុមារ អ្នកពិការ គោលនយោបាយជនជាតិ ជំនួយសង្គម និងច្បាប់ដែលមានការពាក់ព័ន្ធ។
កុមារអាយុ ៥ - ៦ ឆ្នាំ បានទទួលឧត្តានកម្មអប់រំ មត្តេយ្យសិក្សានៅតាមគ្រឹះស្ថានចំណុះប្រព័ន្ធអប់រំជាតិ ឬមូលដ្ឋានអប់រំចំណុះកងកម្លាំងប្រដាប់អាវុធ។ គ្រួសារនិងអាណាព្យាបាលមានការទទួលខុសត្រូវ បង្កលក្ខណៈឱ្យកុមារក្នុងអាយុបានទៅរៀន។
សេចក្ដីកំណត់ស្ដីពីការអប់រំជាកាតព្វកិច្ច និងការលុបបំបាត់អនក្ខរកម្ម
ក្រៅពីឧត្តានកម្មអប់រំមត្តេយ្យសិក្សាសម្រាប់កុមារអាយុ ៥ - ៦ ឆ្នាំ អនុក្រឹត្យលេខ ៣៥៣ ក៏បានកំណត់ការអប់រំជាកាតព្វកិច្ចចំពោះអ្នកក្នុងអាយុចាប់ពី ៦ - ១៤ ឆ្នាំ ដែលមិនទាន់បញ្ចប់កម្ម វិធីបឋមសិក្សា ឬអាយុចាប់ពី ១១ - ១៨ ឆ្នាំ មិនទាន់បញ្ចប់កម្មវិធីអនុវិទ្យាល័យ ព្រមទាំងកំណត់ការលុបបំបាត់អនក្ខរកម្មចំពោះអ្នកដែលមានអាយុ ចាប់ពី១៥ - ៦០ ឆ្នាំ ដែលមិនទាន់ចេះអក្សរ ឬភ្លេចអក្សរ។
ការអប់រំជាកាតព្វកិច្ច និងការលុបបំបាត់អនក្ខរកម្មត្រូវបានអនុវត្តនៅតាមគ្រឹះស្ថានអប់រំចំណុះប្រព័ន្ធអប់រំជាតិ និងមូលដ្ឋានអប់រំចំណុះកងកម្លាំងប្រដាប់អាវុធស្របតាមសេចក្ដីកំណត់។
អ្នកសិក្សាកម្មវិធីបំបាត់អនក្ខរកម្មបានឧបត្ថម្ភឯកសារ សម្ភារសិក្សាឧបករណ៍សិក្សា និងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត ដោយស្របទៅនឹងសមត្ថភាព តំបន់និងលទ្ធភាពតុល្យភាពថវិការដ្ឋ។
គ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងគ្រឹះស្ថានអប់រំ និងបុគ្គលដែលបានប្រគល់ភារកិច្ច ឬកៀរគរឱ្យចូលរួមឧត្តានកម្មអប់រំមត្តេយ្យសិក្សាសម្រាប់កុមារ អាយុ ៥-៦ ឆ្នាំ បានទទួលរបបឧបត្ថម្ភលើកទឹកចិត្តសមស្របទៅតាមមុខតំណែង ភារកិច្ច និងតំបន់បម្រើការងារ។
អនុក្រឹត្យនេះ ក៏បានកំណត់អំពីគោលនយោបាយលើកទឹកចិត្ត និងអាទិភាពចំពោះអង្គការ បុគ្គលដែលចូលរួមវិនិយោគ ឧបត្ថម្ភ ជំនួយ ឬគាំទ្រដល់ការអនុវត្តឧត្តានកម្មអប់រំមត្តេយ្យសិក្សាសម្រាប់កុមារអាយុពី ៥ - ៦ ឆ្នាំស្របតាមសេចក្ដីកំណត់នៃច្បាប់។
ករណីមិនគិតចូលទិន្នន័យអប់រំជាកាតព្វកិច្ច
អនុក្រឹត្យបានចែងអំពីករណីមួយចំនួនដែលមិនគិតចូលក្នុងចំនួនសរុប ដើម្បីកំណត់អត្រាបញ្ចប់កម្មវិធីអប់រំបឋមសិក្សា និងអនុវិទ្យាល័យ រួមមាន៖ អ្នកគ្មានសមត្ថភាពសិក្សាដោយសារសុខភាព; អ្នកពិការធ្ងន់ ឬពិការធ្ងន់បំផុតដែលគ្មានសមត្ថភាពសិក្សា; អ្នកដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារ ឬសេចក្ដីសម្រេចអនុវត្តវិធានការរដ្ឋបាលនៅតាមគ្រឹះស្ថាននានាដែលមិនអាចចូលរួមសិក្សាបាន; ព្រមទាំងករណីមិនអាចទប់ទល់បាន។
គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ តំបន់រដ្ឋបាលពិសេស មានភារកិច្ចពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ករណីទាំងនេះស្របតាមសេចក្ដីកំណត់។ កាលបរិច្ឆេទកំណត់បញ្ចប់ការធ្វើបច្ចុប្បន្នភាព និងបូកសរុបទិន្នន័យរបាយការណ៍ស្ដីពីឧត្តានកម្មអប់រំ មត្តេយ្យសិក្សាសម្រាប់កុមារអាយុ៥ - ៦ ឆ្នាំ ការអប់រំជាកាតព្វកិច្ចនិងការបំបាត់អនក្ខរកម្ម គឺថ្ងៃទី ៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ សម្រាប់ថ្នាក់ឃុំ និងថ្ងៃទី ២០ ខែតុលា ជារៀងរាល់ឆ្នាំសម្រាប់ថ្នាក់ខេត្ត។
ថវិកាអនុវត្តបានចាត់ចែងពីថវិការដ្ឋតាមការបែងចែកថ្នាក់ ព្រមទាំងប្រភពជំនួយឧបត្ថម្ភ ការចូលរួមដោយស្ម័គ្រចិត្ត និងប្រភពស្របច្បាប់ផ្សេងៗទៀត៕
យោងតាម vov.vn - ថាច់ធី