13/11/2026 - 08:17

ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ត្រៀម​លក្ខណៈ​សម្រាប់​ពិ​ធី​បុណ្យ​អក​អំ​បុក​និង​ប្រ​ណាំង​ទូក​-ង 

ឆ្ពោះ​ដល់​ទិវា​វប្ប​ធម៌​វៀត​ណាម និង​ពិ​ធី​បុណ្យ​អក​អំ​បុក​និង​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ សិល្ប​ករ​-សិល្ប​កា​រិនី​និង​តន្ត្រី​ករ​របស់​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ កំ​ពុង​មមា​ញឹក​ហាត់​សម​និង​កែ​លម្អ​កម្ម​វិធី​សម្តែង​នា​នា។ ជា​មួយ​ទឹក​ចិត្ត​ស្រ​ឡាញ់​សិល្បៈ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ បណ្តា​សិល្ប​ករ-សិល្ប​កា​រិនី​របស់​ក្រុម​សិល្បៈ​សង្ឃឹម​ថា​នឹង​នាំ​មក​ជូន​ជន​រួម​ជាតិ​និង​ភ្ញៀវ​ទេស​ចរ​នូវ​កម្ម​វិធី​សម្តែង​ដ៏​ទាក់​ទាញ និង​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។

​ សិល្ប​ករ​-សិល្ប​កា​រិនី​កំ​ពុង​ហាត់​សម​ល្ខោន​យូរ​កេរ​រឿង “ចម្រៀង​វីរ​ភាព​ការ​ពារ​មាតុ​ភូមិ”។

ចាប់​ពី​ព្រឹក​រហូត​ដល់​ល្ងាច នៅ​លើ​ឆាក​ហាត់​សម​តែង​ឮ​សំ​ឡេង​តន្ត្រី និង​បទ​ចម្រៀង​យ៉ាង​កង​រំ​ពង។ សិល្ប​ករ​-សិល្ប​ការិនី​ទាំង​ឡាយ​ខិត​ខំ​ហាត់​សម​និង​កែ​លម្អ​កាយ​វិការ​ពាក្យ​ពេចន៍​ក្នុង​តួ​សម្តែង​នី​មួយៗ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ចំ​ណុច​លេច​ធ្លោ​នៃ​រដូវ​បុណ្យ​អក​អំ​បុក​ឆ្នាំ​នេះ គឺ​ក្រុម​បាន​ចង​ក្រង​រឿង​យូរ​កេរ​ថ្មី​ក្រោម​ចំ​ណង​ជើង​ថា “ចម្រៀង​វីរ​ភាព​ការ​ពារ​មាតុ​ភូមិ” ដែល​គ្រោង​នឹង​សម្តែង​ជា​លើក​ដំ​បូង​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នៅ​អគារ​តាំង​ពិ​ព័រណ៌​វប្ប​ធម៌​ខ្មែរ។ ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ ក្រុម​សិល្ប​ករ​-សិល្ប​ការិនី​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហាត់​សម​ ការ​សម្រប​សម្រួល​រវាង​ការ​សម្តែង​ជា​មួយ​តន្ត្រី​និង​កាយ​វិការ ដើម្បី​ឱ្យ​វណ្ណ​កម្ម​ថ្មី​នេះ​បាន​ល្អ​ឥត​ខ្ចោះ។ សិល្ប​ករ យឿង​មិញ​ចាញ់ ចែក​រំលែក៖ “ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ យើង​ខ្ញុំ​បាន​ហាត់​សម​ក្នុង​មួយ​ថ្ងៃ ៣ វេន គឺ​ពេល​ព្រឹក ពេល​រសៀល​និង​ពេល​យប់។ ទោះ​បី​មាន​ការ​នឿយ​ហត់​ក៏​ដោយ ប៉ុន្តែ​បង​ប្អូន​សិល្ប​ករ​គ្រប់​រូប​សុទ្ធ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​តួ​សម្តែង​របស់​ខ្លួន​បាន​ល្អ​បំ​ផុត។ យើង​ខ្ញុំ​សង្ឃឹម​ថា នឹង​នាំ​មក​ជូន​ទស្ស​និក​ជន​នូវ​រឿង​ល្ខោន​យូរ​កេរ​មួយ​ដ៏​ល្អ​ប្រ​ណីត ដើម្បី​ឱ្យ​មា​មីង​និង​ភ្ញៀវ​ទេស​ចរ កាន់​តែ​យល់​ដឹង​និង​ស្រ​ឡាញ់​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​យើង​កាន់​តែ​ខ្លាំង​ឡើង”។

ទន្ទឹម​នឹង​ការ​រៀប​ចំ​សម្ដែង​រឿង​ថ្មី ក្រុម​សិល្បៈ​ក៏​កំ​ពុង​មមា​ញឹក​ត្រៀម​កម្ម​វិធី​ច្រៀង​និង​រាំ ដើម្បី​បម្រើ​ក្នុង​ពិ​ធី​បើក​វគ្គ រួម​មាន​ឈុត​សម្តែង របាំ “ស្ពាន​មេ​ត្រី​ភាព​” ការ​ប្រ​គំ​តន្ត្រី “សំ​នៀង​ថ្ងៃ​បុណ្យ” ច្រៀង រាំ “អំ​ណរ​រីក​រាយ​ភូមិ​ស្រុក” និង​

 “រាំ​វង់​សាមគ្គី​ - ពាក្យ​ជម្រាប​លា​” ជា​ដើម។ ក្រុម​តន្ត្រី​ករ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​លើ​ការ​សម្រប​សម្រួល​ចង្វាក់​ភ្លេង ដើម្បី​ធា​នា​ឱ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​តន្ត្រី​និង​ការ​សម្តែង។ នៅ​ក្នុង​កម្ម​វិធី​បើក​ការ​ប្រ​ណាំង​ទូក​-ង ក្រុម​សិល្បៈ​នឹង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ ក្រោម​ចំ​ណង​ជើង “សំ​នៀង​ថ្ងៃ​បុណ្យ” រួម​ជា​មួយ​ឈុត​សម្តែង​ច្រៀង​រាំ “មាតុ​ភូមិ​ថ្ងៃ​បុណ្យ” និង “អក​អំ​បុក” ជា​ដើម។ តន្ត្រី​ករ លោក​ឡឹម​មិញ​កឿង ចែក​រំលែក៖ “យើង​ខ្ញុំ​កំ​ពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហាត់​សម​ដើម្បី​ឱ្យ​សំឡេង​តន្ត្រី​ពីរោះ​រណ្តំ និង​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជា​មួយ​បទ​ចម្រៀង​និង​ចង្វាក់​រាំ។ ជា​មួយ​គ្នា​នេះ ក្រុម​សិល្បៈ​ក៏​កំ​ពុង​ប្រ​មូល​ផ្តុំ​ក្រុម​តន្ត្រី​ពិណ​ពាទ្យ​នៅ​តាម​វត្ត​អា​រាម​នា​នា​ឱ្យ​ចូល​រួម​សម្តែង ដើម្បី​រួម​ចំ​ណែក​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ និង​បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​នៅ​ថ្ងៃ​បុណ្យ”។

តាម​ប្រ​សាសន៍​លោក លឺវ​ថាញ​ហ៊ុង ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ អង្គ​ភាព​កំ​ពុង​ផ្ដុំ​កម្លាំង​ហាត់​សម ដើម្បី​ធា​នា​គុណ​ភាព​សិល្បៈ​និង​តាម​កាល​បរិច្ឆេទ​នៃ​ការ​សម្តែង​ដែល​បាន​កំ​ណត់។ ការ​សម្តែង​រឿង​ល្ខោន​យូរ​កេរ​ថ្មី មិន​ត្រឹម​តែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កម្សាន្ត​និង​ទស្សនា​របស់​ទស្ស​និក​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ដល់​ការ​ថែ​រក្សា និង​លើក​តម្កើង​តម្លៃ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។

តាម​រយៈ​ពេល​វេលា​នៃ​ការ​ហាត់​សម ទឹក​ចិត្ត​ស្រ​ឡាញ់​សិល្បៈ​និង​ការ​លះ​បង់​របស់​សិល្ប​ករ​-សិល្ប​កា​រិនី បាន​បង្ហាញ​តាម​រយៈ​បទ​ចម្រៀង​ក្បាច់ រាំ​និង​សូរ​ស័ព្ទ​តន្ត្រី។ ការ​ត្រៀម​បម្រុង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នេះ សន្យា​ថា​នឹង​នាំ​មក​នូវ​ផ្ទាំង​ទស្ស​នីយ​ភាព​រា​ត្រី​សម្តែង​ដ៏​ជក់​ចិត្ត​និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា ព្រម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​សម្រស់​វប្ប​ធម៌​ខ្មែរ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ និង​បន្សល់ ទុក​នូវ​អនុ​ស្សាវ​រីយ៍​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ដួង​ចិត្ត​ជន​រួម​ជាតិ​ខ្មែរ និង​ភ្ញៀវ​ទេស​ចរ​មក​ពី​គ្រប់​ទិស​ទី​ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិ​ធី​បុណ្យ​នេះ៕

 យ៉ី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ