03/10/2026 - 12:42

ពិ​ធី​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ ភាព​ទាក់​ទាញ​ថ្មី​នៃ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ 

មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ពិ​ធី​បុណ្យ​នា​នា​របស់​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​ក្លាយ​ជា​ផលិត​ផល​ទេស​ចរណ៍​ដ៏​ពិ​សេស ដែល​បើក​ឱ​កាស​ជូន​ភ្ញៀវ​ទេស​ចរ​ស្វែង​យល់​ពី​លំ​ហ​វប្ប​ធម៌​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​នៅ​ទី​ក្រុង​កឹង​ធើ។ ពិ​សេស​ ពិ​ធី​បុណ្យ​អក​អុំ​បុក - ប្រ​ណាំង​ទូក​ ង ឆ្នាំ​២០២៦ រំ​ពឹង​ថា នឹង​នាំមក​នូវ​ការ​ឆ្លង​បទ​ពិ​សោធន៍​ដ៏​ពុះ​ពោរ​និង​ទាក់​ទាញ​ក្នុង​អំ​ឡុង​ថ្ងៃ​ចុង​ខែ​វិច្ឆិ​កា​នេះ​។

ការ​ប្រ​ណាំង​ទូក​ ង​របស់​ជន​រួម​ជាតិ​ខ្មែរ នឹង​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពេល​មក​ដល់​ទី​ក្រុង​កឹង​ធើ​នៅ​ចុង​ខែ​វិច្ឆិកា។

ប្រ​ព្រឹត្ត​ឡើង​ផ្សារ​ភ្ជាប់​នឹង​ទិវា​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) សកម្ម​ភាព នៃ​ពិ​ធី​បុណ្យ​អក​អុំ​បុក - ប្រ​ណាំង​ទូក ង ឆ្នាំ​នេះ បាន​ចាត់​តាំង​ឡើង​យ៉ាង​សម្បូរ​បែប ចាប់​ពី​មហោ​ស្រព​សិល្បៈ​ល្ខោន​បា​សាក់​ខ្មែរ​ណាម​បូ​លើក​ទី​៣ សន្និ​សីទ​ជំ​រុញ​ទេស​ចរណ៍ សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា) រហូត​ដល់​ការ​តាំង​បង្ហាញ​ពិ​ព័រណ៍​វប្ប​ធម៌ បេតិ​កភណ្ឌ​និង​សៀវ​ភៅ ក្រោម​ប្រ​ធាន​បទ “វប្ប​ធម៌​បំ​ភ្លឺ​ផ្លូវ​ឱ្យ​ប្រ​ជា​ជាតិ​ដើរ”។ ទន្ទឹម​នឹង​នោះ ទី​ក្រុង​ក៏​ចាត់​តាំង​ផ្សារ​ណាត់​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ផលិត​ផល OCOP និង​ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់ ដោយ​ទ្រង់​ទ្រាយ​ប្រ​មាណ​ពី ២០០ ទៅ ៣០០ ល្វែង។ លំ​ហ​តាំង​បង្ហាញ​ផលិត​ផល OCOP មុខ​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី ម្ហូប​អា​ហារ ផលិត​ផល​ទេស​ចរណ៍ និង​ការ​ផ្សព្វ​ផ្សាយ ទី​កន្លែង​កម្សាន្ត នឹង​បង្ក​ឱ​កាស​សម្រាប់​ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ​ឆ្លង​បទ​ពិសោធ ទិញ​ផលិត​ផល និង​ស្វែង​យល់​ពី​ផលិត​ផល​ពិ​សេសៗ នៃ​តំ​បន់​តី​ណាម​បូ។

ចំ​ណុច​លេច​ធ្លោ​នៃ​បណ្តា​ព្រឹត្តិ​ការណ៍​នេះ គឺ​ការ​បើក​ពិ​ធី​បុណ្យ​អក​អុំ​បុក - ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦ ដែល​គ្រោង​នឹង​ប្រា​រព្ធ​ឡើង​នៅ​ម៉ោង ២០ ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា នៅ​ទី​លាន​បាច់​ដាំង សង្កាត់​ភូ​ឡើយ។ កម្ម​វិធី​សិល្បៈ​ដ៏​ពិ​សេស នឹង​បង្ហាញពី​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​រួម​ជាតិ​ខ្មែរ ហើយ​មាន​ការ​ផ្សាយ​ផ្ទល់​នៅ​លើ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កង​ធើ។ បន្ទាប់​មក ការ​ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ​បើក​ទូ​លាយ​ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​២​ថ្ងៃ គឺ​ថ្ងៃ​ទី​ ២៣ និង ២៤ ខែ​វិច្ឆិកា តាម​ការ​គ្រោង​ទុក​នឹង​មាន​ទូក ង​បុរស - នា​រី​ជាង ៦០ ទូក​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​ចូល​រួម។ បណ្តា​ទូក ង​ដែល​មាន​ពណ៌​ស្រស់​ឆើត​ឆាយ ព្រម​ទាំង​សំ​ឡេង​ស្គរ​កង​រំ​ពង និង​បរិ​យា​កាស​ប្រ​កួត​ប្រ​ណាំង​ដ៏​ពុះ​ពោរ នឹង​បង្កើត​ជា​លំ​ហ​ពិ​ធី​បុណ្យ​ដ៏​អ៊ូ​អរ ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ។

តាម​ប្រ​សាសន៍​លោក ង្វៀង​វ៉ាំង​បៃ នា​យក​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​និង​កំ​ពុង​ក្លាយ​ជា​ផលិត​ផល​ទេស​ចរណ៍​ដ៏​ពិ​សេស​របស់​ទី​ក្រុង។ ហេតុ​នោះ ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​មិន​ត្រឹម​តែ​សំ​ដៅ​អភិ​រក្ស និង​ពង្រីក​តម្លៃ​បេ​តិក​ភណ្ឌ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆ្ពោះ​ទៅ​រក​ការ​ផ្សារ​ភ្ជាប់​វប្ប​ធម៌ ជា​មួយ​ទេស​ចរណ៍ ពា​ណិជ្ជ​កម្ម និង​ការ​ផ្សព្វ​ផ្សាយ អំ​ពី​ទី​តាំង​ទេស​ចរណ៍​ដល់​ភ្ញៀវ​ទេស​ចរ​ផង។ នេះ​ក៏​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​អភិវ​ឌ្ឍ​ទេស​ចរណ៍​ប្រ​កប​ដោយ​ចីរ​ភាព។ ជា​ពិ​សេស ឆ្នាំ​នេះ ទី​ក្រុង​ចាត់​តាំង​ទិវា​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) ផ្សារ​ភ្ជាប់​នឹង​ពិ​ធី​បុណ្យ​អក​អុំ​បុក ប្រ​ណាំង​ទូក ង និង​ផ្សារ​ភ្ជាប់​នឹង​ព្រឹត្តិ​ការណ៍ Festival ស្រូវ​អង្ករ។ នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំ​ណុច​លេច​ធ្លោ​ដែល​រួម​ចំ​ណែក​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​យ៉ាង​ច្រើន​កុះ​ករ​មក​កាន់​ទី​ក្រុង។

មក​កាន់​ទី​ក្រុង​កឹង​ធើ​ក្នុង​អំ​ឡុង​ចុង​ខែ​វិច្ឆិកា ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ទស្សនា​ការ​ប្រ​កួត​ប្រ​ណាំង​ទូក ងប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​សម្រប​ខ្លួន​នឹង​ជីវ​ភាព​វប្ប ធម៌​ខ្មែរ តាម​រយៈ​សិល្បៈ​ល្ខោន​បា​សាក់ ពិ​ធី​សំ​ពះ​ព្រះ​ខែ ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី ទស្សនា​លំ​ហ​ដាក់​តាំង ឆ្លង​បទ​ពិសោធន៍​អំ​ពី​មុខ​របរ​សិប្ប​កម្ម និង​ស្វែង យល់​ពី​រឿង​រ៉ាវ​ពិ​ធី​បុណ្យ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។ ទាំង​អស់​នេះ​នឹង​ក្លាយ​ជា “ចំ​ណុច​ណាត់​ជួប” យ៉ាង​ពិ​សេស​សម្រាប់​ភ្ញៀវ​ទេស​ចរ នៅ​ពេល​អញ្ជើញ​មក​ដល់​ទី​ក្រុង​កឹង​ធើ៕

យ្វី​អាញ - ថាច់​ធី​

ចែករំលែកអត្ថបទ