ទន្ទឹមនឹងការវិនិយោគលើមូលដ្ឋានសម្ភារៈ ទីក្រុងកឹងធើ បានផ្ដោតការយកចិត្តទុកដាក់លើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន និងអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិក។ តាមរយៈនោះ កែលម្អលក្ខណៈរៀនសូត្រ លើកកម្ពស់ចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សនៅភូមិភាគ។

ទីក្រុងកឹងធើ យកចិត្តទុកដាក់លើកកម្ពស់គុណភាពបង្រៀន និងរៀននៅ
តំបន់ជនជាតិភាគតិច។
នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ឃុំញូយ៉ា ទីក្រុងកឹងធើ ការងារលើកកម្ពស់គុណភាពអប់រំបានផ្សព្វផ្សាយព្រមៗគ្នា ដោយផ្សារភ្ជាប់នឹងការយក ចិត្តទុកដាក់លើជីវភាពរស់នៅ ជាមួយនឹងការហ្វឹកហាត់បំណិនដល់សិស្សានុសិស្ស។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សាលាមានសិស្សចំនួន ៤៦៩ នាក់ ជាកូនចៅជនជាតិភាគតិច ពិសេសគឺជនរួមជាតិខ្មែរ។ សាលាយកចិត្តទុកដាក់អនុវត្តសព្វគ្រប់នូវរបបឧបត្ថម្ភស្របតាមអនុក្រឹត្យលេខ ៦៦/២០២៥/ NĐ-CP ចាប់ពីអាហារូបករណ៍ ប្រាក់ហូបចុក កន្លែងស្នាក់នៅនិងប្រជុំជីវភាពប្រចាំថ្ងៃ។
ទន្ទឹមនឹងការយកចិត្តទុកដាក់លើជីវភាពរស់នៅសាលាបានជំរុញការលើកកម្ពស់គុណភាពបង្រៀន និងរៀនមួយថ្ងៃ ២ ពេល និងរៀបចំថ្នាក់បំប៉នឥតគិតថ្លៃ ដើម្បីជួយសិស្សពង្រឹងចំណេះដឹងឱ្យបានរឹងមាំ។ ចំណុចសំខាន់ដែលបង្កឱ្យមានការវិវឌ្ឍន៍ គឺការងារបណ្តុះបណ្តាលនិងលើកកម្ពស់សមត្ថភាពកងជួរគ្រូបង្រៀន។ គណៈចាងហ្វាង បានបង្កលក្ខណៈងាយស្រួលដើម្បីកងជួរគ្រូបង្រៀនបានចូលរួមវគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាទំនើប និងលើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល។ លោកគ្រូ យឿងសាផល ចាងហ្វាងសាលា មានប្រសាសន៍៖ “ទិសដៅសំខាន់នៃការបណ្តុះបណ្តាល គឺបំពាក់បំប៉នដល់កងជួរគ្រូបង្រៀននូវបំណិនឌីជីថលក្នុងការបង្រៀន ព្រមទាំងអនុវត្តវិធីសាស្ត្រគរុកោសល្យឱ្យសមស្របជាមួយលក្ខណៈពិសេសនៃចិត្តសាស្រ្តភាសា និងមូលដ្ឋានគ្រឹះវប្បធម៌របស់សិស្សជនជាតិភាគតិច ដើម្បីបង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ”។
ទន្ទឹមនឹងចំណេះដឹងទូទៅសាលាបានយកចិត្តទុកដាក់ជាពិសេសចំពោះការបណ្តុះបណ្តាលបំណិនជីវិត និងស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី។ ការរក្សានូវការប្រឡងវោហារកោសល្យភាសាខ្មែរ ការស្វែងយល់អំពីអត្ថន័យនៃទំនៀមទម្លាប់ និងពិធីបុណ្យប្រពៃណីជនជាតិ ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា និងបុណ្យអកអំបុកជាដើម ជួយឱ្យសិស្សានុសិស្សបណ្តុះក្តីមោទនភាព និងក្តីស្រឡាញ់ចំពោះភាសានៃជនជាតិខ្លួន។ ទន្ទឹមនឹងនោះ សាលាក៏ឈានមុខក្នុងការអនុវត្តសិក្ខាគារិកឌីជីថល បញ្ចូលក្របខណ្ឌសមត្ថភាពឌីជីថលទៅក្នុងម៉ោងសិក្សានីមួយៗ បំពាក់បំប៉នឱ្យប្អូនៗមាន ស្មារតីបច្ចេកវិទ្យានិងទម្លាប់ទាន់សម័យតាំងពីអង្គុយក្នុងសាលារៀន។
ចំពោះការខិតខំប្រឹងប្រែងផ្លាស់ថ្មីគ្រប់ជ្រុងជ្រោយ បាននាំមកនូវលទ្ធផលជាវិជ្ជមានក្នុងឆ្នាំសិក្សា ២០២៥- ២០២៦ ជាក់ស្ដែង សិស្សថ្នាក់ទី៩ ទាំង ១០០% បានទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យអត្រា សិស្សទទួលបាននិទ្ទេសពូកែនិងល្អនៅកម្រិតវិទ្យាល័យ សម្រេចជាង ៩៩% សិស្សវិទ្យាល័យ ១០០% ទទួលបានចំណាត់ថ្នាក់សីលធម៌ល្អ និងបង្គួរ។
ការលើកកម្ពស់គុណភាពអប់រំនៅសាលាជនជាតិអន្តេវាសិក គឺជាការធ្វើឱ្យជាក់ស្តែងរស់រវើកនូវគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ បរិស្ថានបណ្តុះបណ្តាលដ៏សម្បូរបែបនេះ មិនត្រឹមតែបង្កលក្ខណសម្បត្តិឱ្យកូនចៅជនរួមជាតិខ្មែរមាន ទំនុកចិត្តនិងបង្កើតអាជីពដោយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងត្រៀមបម្រុងប្រភពធនធានកម្មាភិបាល និងបញ្ញវន្តវ័យក្មេងនៅភូមិកំណើតដែលមានសមត្ថភាពពេញលេញ រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ៕
ហុងទើ-ត្រឹងរ៉ូន