ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ ទូក-ងមិនត្រឹមតែជានិមិត្តរូបនៃស្មារតីសាមគ្គី កម្លាំងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ភូមិស្រុកនីមួយៗទៀតផង។ ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ចំណុះទូក-ងវត្តចំប៉ាវនារាម ឃុំភូតឹម និងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ទីក្រុងកឹងធើ កំពុងហាត់សមយ៉ាងសកម្ម ត្រៀមបម្រុងយ៉ាងហ្មត់ចត់ ដោយស្មារតីស្វាហាប់ ប្តេជ្ញាយកឈ្នះលើផ្លូវប្រណាំង និងនាំមកនូវជ័យលាភីខ្ពស់ជូនវត្តអារាម ភូមិស្រុក។
ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសនៅវត្តចំប៉ា កាន់តែមានភាពអ៊ូអរជាងទៀតពេលបានបោះទូក-ងថ្មី។ ចំពោះមាមីង ទូក-ងគឺជាសម្បត្តិវប្បធម៌រួមរបស់សហគមន៍ ទូក-ងមួយគ្រឿងៗបានកកើតឡើង មិនត្រឹមតែដោយកម្លាំងពលកម្មរបស់ជាងប៉ុណ្ណោះទេ ថែមទាំងមានការរួមចំណែក ចែករំលែក និងក្តីសង្ឃឹមរបស់ភូមិស្រុកទៀតផង។ លោក ឡឹមប៊ិញមិញ ប្រធានគណៈកម្មការវត្តចំប៉ាវនារាម ឃុំភូតឹម ឱ្យដឹង៖ “ក្រោយពីបុណ្យអកអំបុកឆ្នាំ២០២៥ វត្តបានវិនិយោគបោះទូក-ងថ្មី មានប្រវែង ៣៣,៣ ម៉ែត្រ ដោយប្តេជ្ញាដណ្តើមជ័យលាភីខ្ពស់។ មានទូកថ្មី កីឡាករមានក្តីត្រេកអរយ៉ាងខ្លាំង និងខិតខំហាត់សម តាំងចិត្តសម្រេចស្នាដៃល្អជូនវត្ត និងភូមិស្រុក”។

កីឡាករទូក-ងវត្តចំប៉ា ឃុំភូតឹម កំពុងហាត់សម រង់ចាំថ្ងៃប្រណាំង។
នៅពេលរសៀលពន្លឺថ្ងៃស្រទន់ ក្នុងបរិវេណវត្តចំប៉ា មានភាពអ៊ូអរដោយសំឡេងកីឡាករ៩០នាក់ រួមគ្នាចាប់ផ្តើមចលនារាងកាយ បន្ទាប់មកយកច្រវា រួចចុះទៅហាត់សមដោយតាំងចិត្តខ្ពស់។ លោក ឡឹមង៉ុកថង គណៈចាត់តាំងចំណុះទូក-ងវត្តចំប៉ាវនារាម ឃុំភូតឹម ឱ្យដឹង៖ “ដើម្បីត្រៀមបម្រុងបានល្អដល់ការប្រណាំងឆ្នាំនេះ យើងខ្ញុំឆាប់ប្រមូលផ្តុំបងប្អូនមកហាត់សម។ បន្ទាប់ពីហាត់សមបាន១ខែ ដោយសារបានគណៈចាត់តាំង គ្រូបង្វឹកចលនាកីឡាករមកហាត់សមបានល្អ និងស្មើគ្នា ហើយប្តេជ្ញាដណ្តើមជ័យលាភីក្នុងការប្រណាំង”។

ក្រុមទូក-ងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ប្តេជ្ញាដណ្តើមជ័យលាភី ។
ចំពោះកីឡាករទូក-ងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ទោះបីជាប់រវល់នឹងការងារក៏ដោយ ប៉ុន្តែពេលហាត់សម បងប្អូនតែងមានមុខគ្រប់គ្នា ពីព្រោះការអុំទូកគឺជាឱកាសដើម្បីលត់ដំកម្លាំងកាយរឹងមាំ និងស៊ីចង្វាក់គ្នារវាងសមាជិកក្នុងចំណុះទូក-ង។ ដំណក់ញើសស្រក់ចុះ គឺជាភស្តុតាងនៃស្មារតីសាមគ្គី ប្តេជ្ញាចិត្តរបស់កីឡាករជិត១០០នាក់។ ចង្វាក់អុំមួយៗបានលត់ដំ កាយវិការបានកែតម្រូវ ទាំងអស់សុទ្ធតែឆ្ពោះដល់ស៊ីសង្វាក់គ្នា និងកម្លាំងសមូហភាព។ ចែករំលែកអំពីកម្មវិធីហាត់សមរបស់ចំណុះទូក លោក តាំងហ្វាយ គ្រូបង្វឹកចំណុះទូក - ងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ឱ្យដឹង៖ “កម្មវិធីហ្វឹកហាត់ឆ្នាំនេះ មានភាពខុសប្លែកបើប្រៀបនឹងឆ្នាំមុនៗ ដោយសារប្រមូលផ្តុំបងប្អូនហាត់សមបានឆាប់ជាងមុន និងមានរបៀបអុំប្លែកបន្តិច ពីព្រោះឆ្នាំនេះមានកីឡាករថ្មីច្រើន ហេតុនោះគ្រូបង្វឹកមានរបៀបណែនាំ និងរបៀបអុំខុសបន្តិច ទោះបីដូច្នោះក្តី ក៏មិនធ្វើឱ្យបងប្អូនមានការលំបាកឡើយ។ មកដល់ពេលនេះ បងប្អូនបានសហការយ៉ាងរលូន និងល្អជាងមុនច្រើនណាស់”។
តាមប្រសាសន៍លោកស្រី ថាច់ធីកេរីន នាយិការងមន្ទីរជនជាតិ និងសាសនា ទីក្រុងកឹងធើ មកដល់ថ្ងៃទី ៦ ខែវិច្ឆិកា គណៈចាត់តាំងពិធីបុណ្យ មានទូក-ងទាំងក្នុងនិងក្រៅទីក្រុងបានចុះឈ្មោះចូលរួមប្រណាំងចំនួន៨៤ទូក ក្នុងនោះទូក-ងផ្នែកបុរសចំនួន ៦៧ទូក និងទូក-ងផ្នែកនារីចំនួន១៧ទូក។ ផ្នែកបុរសប្រកួតដណ្តើមជ័យលាភីនៅចម្ងាយ ១.២០០ម៉ែត្រ ចំណែកផ្នែកនារីប្រកួតដណ្តើមជ័យលាភីនៅចម្ងាយ ១.០០០ ម៉ែត្រ នឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា នៅដងព្រែក Maspero សង្កាត់សុកត្រាំង ទីក្រុងកឹងធើ។
នៅប្រហែលមួយសប្តាហ៍ទៀត គឺដល់ថ្ងៃប្រណាំងហើយ ខាងមុខនៅមានការសាកល្បងជាច្រើន និងការប្រកួតដណ្តើមដ៏ខ្លាំងក្លា។ ប៉ុន្តែជាមួយនឹងស្មារតីសាមគ្គី និងចំណង់ចំណូលចិត្តចំពោះកីឡាប្រពៃណីជាតិ ទូក-ងទាំងអស់កំពុងបង្ហាញពីការតាំងចិត្ត និងចង់ដណ្តើមជ័យលាភីបានបង្ហាញតាមរយៈពេលហាត់សម៕
ថាញវ៉ាង - វិមាន