ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/10/2026 - 21:05

ពិ​ធី​បុណ្យ​សែន​ដូន​តា​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ 

ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ ខេត្ត​អាង​យ៉ាង​ បាន​ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​សួរ​សុខ​ទុក្ខ​ និង​ប្រគេន​ជូន​អំ​ណោយ​ដល់​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ អ្នក​មាន​ប្រិយ​ភាព​ និង​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​សែន​ដូន​តា​។ សកម្ម​ភាព​ទាំង​នេះ​ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​និង​អភិ​រក្ស​ប្រ​ពៃ​ណី​វប្ប​ធម៌​ដ៏​ផូរផង់​របស់​ជន​រួម​ជាតិ​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។

គណៈ​ប្រតិ​ភូ​នៃ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ អញ្ជើញ​សួរ​សុខ​ទុក្ខ​និង​ប្រគេន​ទេយ្យទាន​ដល់​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ នៅ​ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​។

ក្នុង​អំ​ឡុង​ពេល​បុណ្យ​សែន​ដូន​តា​ បរិយាកាស​នៅ​តាម​ភូមិ​ស្រុក​និង​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ក្នុង​ខេត្ត​អាង​យ៉ាង​កាន់​តែ​មាន​ភាព​អ៊ូ​អរ​។ នេះ​ជា​ឱ​កាស​ដែល​ជន​រួម​ជាតិ​ខ្មែរ​ រំលឹក​នឹក​គុណ​ដល់​ជី​ដូន​ជី​តា​និង​បុព្វ​ការី​ជន​ បង្ហាញ​នូវ​កតញ្ញូ​តា​ធម៌​ចំ​ពោះ​លោក​អ្នក​មាន​គុណ​ ព្រម​ទាំង​ជួប​ជុំ​គ្រួ​សារ​ និង​ពង្រឹង​ចំ​ណង​សាមគ្គី​ភាព​ក្នុង​សហ​គម​ន៍។ ស្ថិត​ក្នុង​បរិយាកាស​នេះ​ ថ្នាក់​ដឹក​នាំ​និង​ស្ថា​ប័ន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ រួម​ចំ​ណែក​ដើម្បី​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ ប្រារព្ធ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ កក់​ក្តៅ​និង​សុខ​ដុម​រម​នា​។

នៅ​ទី​តាំង​អញ្ជើញ​ដល់​ឃុំ​ទ្រី​តូង​ តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ បាន​សួរ​សុខ​ទុក្ខ​ ដោយ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​សុខ​ភាព​ និង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ ព្រម​ទាំង​កត់​សម្គាល់​និង​ស្ងើច​សរសើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​ អា​ចារ្យ​វត្ត​  និង​អ្នក​មាន​ប្រិយ​ភាព​ ក្នុង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ និង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​អនុ​វត្ត​ល្អ​នូវ​គោល​ ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ និង​ការក​សាង​ជន​បទ​ថ្មី​។ អំ​ណោយ​ដែល​បាន​ប្រគេន​និង​ជូន​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ គឺ​ជា​ការ​ចែក​រំលែក​ ក្តី​ស្រ​ឡាញ់​ និង​ចំ​ណង​សាមគ្គី​ភា​ពរ​វាង​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​អំ​ណាច​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ សកម្ម​ភាព​នេះ​ បាន​រួម​ចំ​ណែក​បង្ក​នូវ​ជំនឿ​ទុក​ចិត្ត​ និង​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ កក់​ក្តៅ​ ក្នុង​ឱ​កាស​ប្រារព្ធ​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។

តាម​ប្រ​សាសន៍​របស់​លោក​ យ័ញថា​ អនុ​ប្រ​ធាន​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ ការ​ចុះ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​និង​ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​មា​មីង​ជន​រួម​ជាតិ​។ តាម​រយៈ​សកម្ម​ភាព​នេះ​ បាន​រួម​ចំ​ណែក​ពង្រឹង​ទំ​នាក់​ទំនង​និង​ចំ​ណង​សាមគ្គី​ភា​ពរ​វាង​រដ្ឋ​អំ​ណាច​ ចំ​ពោះ​ព្រះ​សង្ឃ​ អ្នក​មាន​ប្រិយ​ភាព​និង​ជន​រួម​ជាតិ​ខ្មែរ​; ទន្ទឹម​នឹង​នោះ​ ក៏​ជួយ​លើក​កម្ពស់​និង​ពង្រឹង​តួ​នា​ទី​របស់​ព្រះ​សង្ឃ​ អ្នក​មាន​ប្រិយ​ភាព​ ក្នុង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​និង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​រួម​កម្លាំង​គ្នា​កសាង​មា​តុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​។

រួម​ជា​មួយ​នឹង​សកម្ម​ភាព​ចុះ​សួរ​សុខ​ទុក្ខ​នៅ​តាម​មូល​ដ្ឋាន​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​អាង​យ៉ាង​ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អប​អរ​សា​ទរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អតីត​ថ្នាក់​ដឹក​នាំ​ ថ្នាក់​ដឹក​នាំ​មន្ទីរ​ អង្គ​ភាព​ ស្ថា​ប័ន​ និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ខេត្ត​ ព្រម​ទាំង​ព្រះ​សង្ឃ​ អ្នក​មាន​ប្រិយ​ភាព​និង​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ទូ​ទាំង​ខេត្ត​ សរុប​ជិត​ ៣០០ អង្គ​និង​នាក់​។ ពិ​ធី​ជួប​ជុំ​នេះ​ គឺ​ជា​ឱ​កាស​មួយ​ដើម្បី​ពិ​និត្យ​ឡើង​វិញ​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​ឱ​កាស​ដើម្បី​លើក​តម្កើង​លក្ខ​ណៈផូរផង់​នៃ​វប្ប​ធម៌​និង​ជំនឿ​សាសនា​របស់​ជន​ជាតិ​។

ខេត្ត​អាង​យ៉ាង​ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អប​អរ​សា​ទរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦។

នៅ​ក្នុង​ឱ​កាស​នៃ​ពិ​ធី​ជួប​ជុំ​នេះ​ ព្រះ​ឧបជ្ឈា​យ៍ ចៅ​ប្រុស​ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​អាង​យ៉ាង​ មាន​ថេរ​ដីកា​សង្កត់​ធ្ងន់​ថា​ បុណ្យ​សែន​ដូន​តា​ គឺ​ជា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ដ៏​សំ​ខាន់​មួយ​របស់​ជន​រួម​ជាតិ​ខ្មែរ​ បង្ហាញ​យ៉ាង​ជ្រាល​ជ្រៅ​នូវ​គុណ​ធម៌​ "ផឹក​ទឹក​នឹក​ប្រ​ភព​" ព្រម​ទាំង​ជា​ការ​រំលឹក​ដល់​ជី​ដូន​ជី​តា​និង​បុព្វ​ការី​ជន​។ ព្រះ​ឧបជ្ឈា​យ៍ ចៅ​ប្រុស​ មាន​ថេរ​ដីកា​បន្ត​ថា​ នេះ​ក៏​ជា​ឱ​កាស​ដែល​សមា​ជិក​គ្រួ​សារ​គ្រប់​ជំ​នាន់​បាន​ជួប​ជុំ​ ដើម្បី​រួម​គ្នា​ថែ​រក្សា​និង​បន្ត​នូវ​តម្លៃ​ដ៏​ល្អ​ប្រ​ពៃ​ ដែល​បាន​បន្សល់​ទុក​និង​ផ្ទេរ​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​។ តាម​ថេរ​ដីកា​របស់​ព្រះ​ឧបជ្ឈា​យ៍ បុណ្យ​សែន​ដូន​តា​ មាន​អត្ថ​ន័យ​អប់​រំ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​យុវ​ជន​ជំ​នាន់​ក្រោយ​។ តាម​រយៈ​ពិ​ធី​ប្រ​ពៃ​ណី​ទាំង​នេះ​ កូន​ចៅ​បាន​រំលឹក​ឱ្យ​ស្គាល់​និង​ចង​ចាំ​ពី​ប្រ​ភព​ដើម​ ចេះ​គោរព​និង​ដឹង​គុណ​ចំ​ពោះ​ជី​ដូន​ជី​តា​និង​ឪ​ពុក​ម្តាយ​ ចេះ​រស់​នៅ​ប្រ​កប​ដោយ​មេត្តា​ករុណា​ ចេះ​ចែក​រំលែក​និង​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់​ចំ​ពោះ​គ្រួ​សារ​ សហ​គម​ន៍និង​មា​តុ​ភូមិ​របស់​ខ្លួន​។

ការ​ចូល​រួម​និង​ការ​យក​ចិត្ត​ទុក​ដាក់​ទាន់​ពេល​ និង​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ពី​សំ​ណាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ខេត្ត​អាង​យ៉ាង​ ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ មិន​ត្រឹម​តែ​បាន​នាំ​មក​នូវ​ភាព​រីក​រាយ​ និង​ភាព​កក់​ក្តៅ​នៅ​តាម​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ​ ព្រម​ទាំង​បាន​រួម​ចំ​ណែក​ពង្រឹង​ចំ​ណង​ផ្សារ​ភ្ជាប់​រវាង​ "ឆន្ទៈ​បក្ស​" និង​ "ទឹក​ចិត្ត​ប្រ​ជា​ជន​" ឱ្យ​កាន់​តែ​រឹង​មាំ​។ ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​សាមគ្គី​ភាព​ និង​ការ​រួប​រួម​គ្នា​របស់​ជន​រួម​ជាតិ​ខ្មែរ​ រួម​ជា​មួយ​បង​ប្អូន​ជន​ជាតិ​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ បន្ត​រួម​កម្លាំង​ រួម​ចិត្ត​គ្នា​ ដើម្បី​ជម្នះ​ការ​លំ​បាក​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​ ព្រម​ទាំង​រួម​ចំ​ណែក​កសាង​ខេត្ត​អាង​យ៉ាង​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ​និង​ស៊ី​វិល័យ​៕ 

ហុង​ទើ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ