ដើម្បីគិតគូរសុខភាពនិងជីវភាពប្រជាជន ឃុំលីវទូ ទីក្រុងកឹងធើ បានសហការជាមួយសហព័ន្ធបណ្តា អង្គការមិត្តភាពទីក្រុងកឹងធើ ចាត់តាំងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននិងសិស្សានុសិស្សដែលមានជីវភាពលំបាក រួមចំណែកជួយប្រជាជនកៀកជិតនឹងសេវាកម្មថែទាំសុខភាព ធ្វើឱ្យសាយភាយស្មារតីចែករំលែក ព្រួតដៃអនុវត្តល្អការងារសុខុមាលភាពសង្គមនៅភូមិភាគ។

កម្មវិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជន និងសិស្សានុសិស្សដែលមានជីវភាពលំបាកនៅឃុំលីវទូ ទីក្រុងកឹងធើ។
កម្មវិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិត ថ្លៃជូនប្រជាជន និងសិស្សានុសិស្សដែលមានជីវភាពលំបាក បានចាត់តាំងឡើងនៅសាខាសាលាចំនួន ២ ចំណុះអនុវិទ្យាល័យលីវទូ រួមមានសាខាសាលាភូមិផ្តៅពេន និងភូមិដៃនង មានប្រជាជននិងសិស្សានុសិស្សចូលរួមច្រើនកុះករ ជាមួយថវិកាចាត់តាំងសរុបជាង ១,៣៧ ពាន់លានដុង។
ក្នុងក្របខណ្ឌនៃកម្មវិធីប្រជាជននិងសិស្សានុសិស្ស ២.០០០ នាក់ បានពិនិត្យសុខភាពទូទៅ ឆ្លុះអេកូ ស្ទង់ចង្វាក់បេះដូង ព្យាបាលស្តានីតិសម្បទានិងផ្តល់ថ្នាំដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនោះ សិស្សអនុវិទ្យាល័យ ១.៣០០ នាក់ បានពិនិត្យនិងថែទាំធ្មេញ; ប្រជាជនបានពិនិត្យភ្នែក ផ្ដល់ជូនវ៉ែន តាមីញ៉ូម វ៉ែនតាមនុស្សចាស់ និងពិនិត្យរកកម្រិតជាតិស្ករក្នុងឈាម។ កម្មវិធីក៏បានឧបត្ថម្ភរទេះរុញ ៥០ គ្រឿងជូនអ្នកពិការ អ្នកវ័យចាស់ដែលលំបាកក្នុងការធ្វើដំណើរ; ជូនអំណោយសុខុមាលភាពសង្គម ១០០ ចំណែក ក្នុងមួយចំណែកតម្លៃ ១ លានដុង រួមមានប្រាក់សុទ្ធ និងសម្ភារៈប្រើប្រាស់ចាំបាច់; ជូនអាហារូបករណ៍ ១០០ ចំណែក តម្លៃ ១ លានដុង/ចំណែក។ នាឱកាសនេះ គណៈចាត់តាំងក៏បានប្រគល់កញ្ចប់សម្ភារៈបរិក្ខារពេទ្យតម្លៃ ២៥ លានដុង ជូនដំណាក់សុខាភិបាលឃុំលីវទូ រួមចំណែកបំពេញបន្ថែមលក្ខណៈបម្រើដល់ការងារថែទាំសុខភាពជូនប្រជាជននៅភូមិភាគ។
តាមប្រសាសន៍អ្នកស្រី វ៉ូធីញ៉ី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ជាភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជីវភាពមាមីងនៅមានការលំបាកច្រើន លក្ខណៈកៀកជិតសេវាកម្មសុខាភិបាលស៊ីជម្រៅនៅមានកម្រិតនៅឡើយ។ សកម្មភាពលើកនេះ មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។ នេះគឺជាការលើកទឹកចិត្តដ៏មានតម្លៃ បន្តកម្លាំងចលករបន្ថែមដើម្បីមាមីងឈានឡើងក្នុងជីវភាព ពង្រឹងទំនុកចិត្តរបស់ប្រជាជនមកលើគោលការណ៍ គោលនយោបាយសុខុមាលភាពសង្គមរបស់បក្សនិងរដ្ឋ។
អ្នកគ្រូង្វៀងគីមហឿង នាយិកាអនុវិទ្យាល័យលីវទូ ចែករំលែក៖ “គណៈចាងហ្វាងសាលាមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់ និងក្រុមការងារមនុស្សធម៌ដែលបានផ្ដល់ជូនសិស្សមានជីវភាពលំបាក និងសិស្សជនជាតិភាគតិច។ គណៈចាងហ្វាងសាលា បានរៀបចំកាលវិភាគប្រកបដោយវិទ្យាសាស្រ្តទៅតាម កម្រិតថ្នាក់នីមួយៗ ដើម្បីប្អូនៗទទួលបានផលប្រយោជន៍ពេញលេញ ប៉ុន្តែមិនរំខានដល់ការរៀនសូត្រជាផ្លូវការឡើយ”។
តាមរយៈកម្មវិធី ស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងការព្រួតដៃរបស់សង្គមទាំងមូលបានរីកសាយភាយយ៉ាងជ្រាលជ្រៅដល់ភូមិស្រុកនីមួយៗ រួមចំណែករឹតបន្តឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ និងបន្តកម្លាំងចលករបន្ថែមដើម្បីប្រជាជន ប្អូនៗសិស្សានុសិស្សដែលមានជីវភាពលំបាកជឿជាក់ឈានឡើងក្នុងជីវភាព៕
ហុងទើ - លីសៀ