គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសុខភាពសម្រាំងដោយឥតគិតថ្លៃ និងបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជនលើភូមិឋានឃុំ។ អញ្ជើញចូលរួមកិច្ចប្រជុំ មានសមមិត្តយឿងថាញត្វង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ សមមិត្តហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ ព្រមទាំងថ្នាក់ដឹកនាំការិយាល័យ គណៈ ផ្នែកនិងអង្គការមហាជននានារបស់ឃុំ អង្គភាពជំនាញនិងប្រធានគណៈប្រជាជនរបស់ភូមិទាំងអស់។

ថ្នាក់ដឹកនាំឃុំឡុងភូ កំពុងផ្សព្វផ្សាយផែនការ។
យោងតាមផែនការ ឃុំឡុងភូនឹងសហការចាត់តាំងការពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យសុខភាពសម្រាំងដោយឥតគិតថ្លៃដល់មុខសញ្ញា ដូចជា៖ អ្នកវ័យចាស់ អ្នកមានសគុណចំពោះប្រទេស អ្នកពិការ សមាជិកគ្រួសារក្រីក្រ និងគ្រួសារក្បែរក្រ; អ្នកដែលមានជំងឺរ៉ាំរ៉ៃ; អ្នកជំងឺលើសឈាម ទឹកនោមផ្អែម និងអ្នកជំងឺសួតរ៉ាំរ៉ៃ។ អ្នករស់នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ តំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាក ស្ត្រី កុមារ កម្មករនិយោជិតនៅតាមស្ថាប័ន អង្គការនិងសហគ្រាស ព្រមទាំងសិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំកុមារនិងសាលាមត្តេយ្យ។ មុខសញ្ញាទាំងនេះ ក្រោយពីបានពិនិត្យសុខភាព នឹងបានធ្វើសំណុំឯកសារសម្រាប់តាមដានស្ថានភាពសុខភាព និងធ្វើបច្ចុប្បន្នភាពព័ត៌មានចូលក្នុងប្រព័ន្ធសំណុំឯកសារសុខភាពអេឡិចត្រូនិក។ កម្មវិធីនេះបានផ្សព្វផ្សាយអនុវត្តលើភូមិឋានឃុំឡុងភូ ដោយមានអ្នកពិនិត្យសុខភាពសរុបជាង ៨.០០០ នាក់។
រយៈពេលនិងទីតាំងពិនិត្យសុខភាព៖ ចាប់ពីថ្ងៃទី ១៥/១០/២០២៦ ដល់ថ្ងៃទី ៣០/១០/២០២៦ នៅសាលប្រជុំគណៈកម្មាធិការបក្សឃុំ ចាត់តាំងពិនិត្យសុខភាពជូនប្រជាជនតាមលំដាប់លំដោយ គឺភូមិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ ភូមិខ្វាន់តាំង ភូមិតឹងឡឹប និងភូមិសុកម៉ើយ; ទីតាំងពិនិត្យលើកទី២៖ នៅសាលប្រជុំអគារវប្បធម៌ (ទីស្នាក់ការនគរបាលឃុំឡុងភូចាស់) ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០/១០/២០២៦ ដោយចាត់តាំងពិនិត្យសុខភាពជូនប្រជាជនតាមលំដាប់លំដោយ គឺភូមិភូឌឹក ភូមិបឹងឡុង ភូមិបឹងធំ ភូមិទឹកប្រៃ១ ភូមិទឹកប្រៃ២ ភូមិកិញង៉ាង និងភូមិតឹងឡឹប។ លើកទី៣៖ ចាត់តាំងពិនិត្យសុខភាពបន្ថែមជូនប្រជាជនដែលមិនទាន់បានចូលរួមពិនិត្យលើកមុនៗ (ចាប់ពីថ្ងៃទី ២/១១/២០២៦)។
ការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសុខភាពសម្រាំងនិងការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក សំដៅជួយឱ្យប្រជាជនបានកៀកជិតសេវាកម្មសុខាភិបាលប្រកបដោយគុណភាព; ឆ្ពោះដល់ការថែទាំសុខភាពគ្រប់ជ្រុងជ្រោយ; ដោយផ្តោតសំខាន់លើការបង្ការជំងឺ និងរកឃើញជំងឺបានទាន់ពេលវេលា។ ទិសដៅរួមគឺជួយដល់ប្រជាជនគ្រប់រូបទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យសុខភាពសម្រាំងដោយឥតគិតថ្លៃយ៉ាងតិចបានម្ដងក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ព័ត៌មានសុខភាពរបស់ប្រជាជននឹងបានធ្វើបច្ចុប្បន្នភាពក្នុងសៀវភៅសុខភាពអេឡិចត្រូនិក ដើម្បីគ្រប់គ្រងនិងតាមដានសុខភាពតាមវដ្ដជីវិត រួមចំណែកបន្ថយប្រាក់ចំណាយលើការថែទាំសុខភាព។ ក្នុងឆ្នាំ២០២៦ ឃុំឡុងភូនឹងខិតខំពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជនឱ្យបានជាង ៨.០០០ នាក់៕
សុកកា - ពេជ្រសឿន