ឋិតក្នុងបរិយាកាសរីករាយអ៊ូអររបស់ជនរួមជាតិខ្មែរ សាលារៀនជាច្រើននៅទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ យ៉ាងគគ្រឹកគគ្រេង។ បង្កើតជាទីលានលេងកម្សាន្តវប្បធម៌ដ៏មានអត្ថន័យទាំងនេះ មិនត្រឹមតែជួយបណ្តុះទឹកចិត្តកតញ្ញូ និងដឹងគុណដល់ដូនតាប៉ុណ្ណោះទេ ថែមទាំងជួយបំផុសមោទនភាពជនជាតិសម្រាប់យុវជនជំនាន់ក្រោយទៀតផង។

សាកលវិទ្យាល័យកឹងធើ ចាត់តាំងកម្មពិធីអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។
អនុវត្តនូវគោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋអំពីការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច ការងារអប់រំវប្បធម៌នៅតាមសាលារៀនតែងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីបណ្ដាគណៈកម្មាធិការបក្ស រដ្ឋអំណាច និងផ្នែកអប់រំ។ ពិធីបុណ្យសែនដូនតា គឺជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗរបស់ជនរួមជាតិខ្មែរណាមបូ ដែលមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅអំពីគុណធម៌ “ផឹកទឹកនឹកប្រភព” និងការរំលឹកគុណូបការៈដ៏ធំធេងរបស់បុព្វការីជន និងឪពុកម្តាយ។ ការដាក់បញ្ចូលពិធីបុណ្យនេះទៅក្នុងបរិស្ថានសាលារៀន គឺជាស្ពានតភ្ជាប់យ៉ាងរឹងមាំក្នុងការផ្តល់ផ្ទេរនូវតម្លៃគោរពរំលឹកដល់បុព្វការីជនចំពោះយុវជន និងនិស្សិត។
នៅសាកលវិទ្យាល័យកឹងធើ សង្កាត់និញកេវ កម្មវិធីអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ បានចាត់តាំងឡើងដោយការិយាល័យកិច្ចការនិស្សិត បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងសប្បាយរីករាយ។ រាត្រីជួបជុំបានទាក់ទាញនិស្សិតស្នាក់នៅក្នុង និងក្រៅអន្តេវាសិកដ្ឋានយ៉ាងច្រើនកុះករ រួមជាមួយវត្តមានថ្នាក់ដឹកនាំនៃបណ្តាគណៈ ផ្នែកមកចូលរួមអបអរសាទរក្នុងសូរសំឡេងភ្លេងពិណពាទ្យ និងចង្វាក់រាំប្រពៃណីដូចជា រាំវង់ សារ៉ាវ៉ាន់ និងរបាំជាដើម។ បរិយាកាសជួបជុំនេះ បានជួយមិត្តនិស្សិតវ័យក្មេងដែលឆ្ងាយពីផ្ទះ ស្បើយល្ហើយពីការនឹកស្រុកកំណើត បង្កើនភាពជិតស្និទ្ធ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយមិត្តភក្តិ និងយល់ច្បាស់ពីទំនួលខុសត្រូវក្នុងការថែរក្សាលក្ខណៈល្អប្រសើរនៃវប្បធម៌ជនជាតិ។
ប្អូនហ្វិញង៉ុកចូវ និស្សិតផ្នែកសារព័ត៌មាននៃមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យកឹងធើ បានចែករំលែក៖ “ពេលចូលរួមរាត្រីជួបជុំអំណរពិធីបុណ្យសែនដូនតា ដែលសាលារៀបចំឡើង ប្អូនមានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់យ៉ាងដិតដល់របស់លោកគ្រូអ្នកគ្រូ ព្រមទាំងភាពស្និទ្ធស្នាលកក់ក្តៅពីសំណាក់មិត្តភក្តិ។ បណ្ដាក្បាច់រាំ និងបទចម្រៀងខ្មែរ មិនត្រឹមតែជួយឱ្យប្អូនស្បើយពីការនឹកផ្ទះប៉ុណ្ណោះទេ ថែមទាំងក្រើនរំលឹកខ្លួនឯងឱ្យខិតខំរៀនសូត្រឱ្យបានល្អ ព្រមទាំងគោរពនិងថែរក្សាលក្ខណៈវប្បធម៌ល្អប្រពៃដែលដូនតាបានបន្សល់ទុកមក”។

សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ចាត់តាំងសកម្មភាពសម្តែងសិល្បៈ ជាមួយឈុតសម្តែងក្រោមចំណងជើង“សែនដូនតា”។
ចំណែកនៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ឃុំញូយ៉ា សម្ព័ន្ធយុវជនសាលាបានចាត់តាំងសកម្មភាពសម្តែងសិល្បៈ ជាមួយនឹងឈុតសម្តែងក្រោមចំណងជើង “សែនដូនតា”។ ដោយគំនិតច្នៃប្រតិដ្ឋ និងការរៀបចំយ៉ាងហ្មត់ចត់ សិស្សានុសិស្សអន្តេវាសិកបានសម្តែងយ៉ាងរស់រវើកនូវពិធីកិច្ចសែនដូនតា ការយកចង្ហាន់ប្រគេនចំពោះព្រះសង្ឃនៅវត្ត និងបង្ហាញពីទឹកចិត្តកតញ្ញូរបស់កូនចៅចំពោះឪពុកម្តាយ និងបុព្វការីជន។ សកម្មភាពនេះទទួលបានការគាំទ្រពេញទំហឹងពីសំណាក់កម្មាភិបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូប បំប្លែងនូវសកម្មភាពក្រៅម៉ោងសិក្សា ឱ្យក្លាយជាមេរៀនជាក់ស្តែងពោរពេញដោយចំណាប់អារម្មណ៍អំពីទឹកចិត្តកតញ្ញូ។
ចូលរួមសម្តែងផ្ទាល់ក្នុងឈុតនេះ ប្អូនស្រីថាច់ធីវិញ សិស្សថ្នាក់ ១១A១ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ មានចំណាប់អារម្មណ៍៖ “ប្អូនមានអារម្មណ៍ថាសប្បាយរីករាយនិងមោទនភាពយ៉ាងខ្លាំងចំពោះប្រពៃណីដូនតារបស់ជនជាតិខ្លួន។ តាមរយៈពាក្យពេចន៍ និងខ្លឹមសារលម្អិតនៃការសម្តែង ប្អូនកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀតអំពីអត្ថន័យនៃទឹកចិត្តដឹងគុណឪពុកម្តាយ ជីដូនជីតា ហើយសង្ឃឹមថានឹងបានរួមចំណែកជាមួយមិត្តភក្តិ បន្តពង្រីកទំនៀមទម្លាប់ដ៏ល្អបវរទាំងនេះដល់សហគមន៍”។
តាមប្រសាសន៍លោកគ្រូ យឿងសាផល ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ សាលាតែងកំណត់ការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិជាភារកិច្ចសំខាន់ជានិច្ច ដែលដើរទន្ទឹមគ្នានឹងការលើកកម្ពស់គុណភាពបង្រៀននិងរៀន។ តាមរយៈសកម្មភាពជាក់ស្តែង ដូចជាឈុតសម្តែងសិល្បៈ "សែនដូនតា" មិនត្រឹមតែជួយបំប៉នចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយរបៀបរស់នៅប្រកបដោយគុណធម៌ និងមនោសញ្ចេតនា ជួយឱ្យសិស្សានុសិស្សអន្តេវាសិកកាន់តែគោរព និងម្ចាស់ការក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។
បណ្ដាសកម្មភាពប្រកបដោយអត្ថន័យក្នុងឱកាសបុណ្យសែនដូនតា មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយដល់សិស្សានុសិស្សប៉ុណ្ណោះទេ ថែមទាំងបើកបង្ហាញនូវលំហ ដើម្បីឱ្យតម្លៃវប្បធម៌ប្រពៃណីបានផ្ទេរបន្តនិងរីកសាយភាយ។ តាមរយៈនោះ រួមចំណែកបង្កើតបរិស្ថានដើម្បីឱ្យប្អូនៗសិក្សារៀនសូត្រ និងហាត់ពត់លត់ដំ ព្រមទាំងបណ្តុះមោទនភាពចំពោះប្រពៃណីនិងអត្តសញ្ញាណជាតិ; ហាត់ពត់លត់ដំជំនាន់យុវជនខ្មែរឱ្យមានចំណេះដឹង មានសមត្ថភាព និងការទទួលខុសត្រូវ ត្រៀមខ្លួន រួមចំណែកកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន៕
ហុងទើ - ថាច់ធី