នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា លើដងព្រែក Maspéro សង្កាត់សុកត្រាំង ទីក្រុងកឹងធើ បានប្រារព្ធពិធីបើករង្វាន់ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ដណ្តើមពានជ័រប៊ិញមិញ។ នេះជាសកម្មភាពវប្បធម៌ - កីឡាដ៏ផុលផុសនិងជក់ចិត្ត ដែលទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ស្ថិតក្នុងក្របខ័ណ្ឌនៃទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។
អញ្ជើញចូលរួមក្នុងពិធីបើករួមមាន សមមិត្ត ថាយធូសឿង អនុប្រធានអគ្គសហព័ន្ធពលកម្មវៀតណាម; សមមិត្តហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; សមមិត្ត ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; សមមិត្ត ង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំទីក្រុងកឹងធើ ខេត្តសុកត្រាំង និងខេត្តហូវយ៉ាងគ្រប់សម័យកាល; ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកទីក្រុង។ ព្រមជាមួយនោះ ព្រះវត្តមានព្រះឧបជ្ឈាយ៍ តាំងណោ ព្រះសុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ; ព្រះឧបជ្ឈាយ៍ ដាវញឺ អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ រួមជាមួយព្រះថេរានុត្ថេរៈក្នុងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ និងព្រះចៅអធិការ ព្រះសង្ឃបណ្តាវត្តខ្មែរនៅលើភូមិឋានទីក្រុងកឹងធើ តំណាងម្ចាស់ឧបត្ថម្ភ ជនរួមជាតិខ្មែរ ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ក្រុមកីឡាករទូក-ង ប្រមូលផ្តុំគ្នាមុនម៉ោងបើកពិធី។
ការប្រណាំងទូក-ង មិនត្រឹមតែជាសកម្មភាពវប្បធម៌ និងកីឡាប្រពៃណីដែលដិតដាមដោយអត្តសញ្ញាណរបស់ជនរួមជាតិខ្មែរណាមបូ ផ្សារភ្ជាប់នឹងជីវភាពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាល ដែលផ្តុំកម្លាំងសាមគ្គីក្នុងសហគមន៍ និងស្មារតីសាមគ្គីភាពនៃបណ្តាជនជាតិជាបងប្អូនទៀតផង។ រដូវប្រណាំងឆ្នាំនេះ មានទ្រង់ទ្រាយធំ ផុលផុស និងទាក់ទាញ ដោយមានការចូលរួមពីក្រុមទូក-ង ចំនួន ៨៤ ក្រុម ជាមួយនឹងកីឡាករ-កីឡាការិនីជិត ៦.៩០០ នាក់ ដែលអញ្ជើញមកពីទីក្រុងកឹងធើ និងខេត្តកាម៉ាវ។ ក្នុងនោះ មានក្រុមទូក-ង បុរសចំនួន ៦៧ ក្រុម ប្រកួតប្រណាំងចម្ងាយខ្សែទឹក ១.២០០ ម៉ែត្រ និងក្រុមទូក-ង នារីចំនួន ១៧ ក្រុម ប្រកួតប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ។

គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់បណ្តាក្រុមទូក-ង។
ថ្លែងសុន្ទរកថាបើកពិធី សមមិត្ត ង្វៀនធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានបញ្ជាក់ថា ការប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ដណ្តើមពានជ័រប៊ិញមិញ គឺជាព្រឹត្តិការណ៍វប្បធម៌ និងកីឡាដ៏សំខាន់ក្នុងខ្សែសង្វាក់សកម្មភាពនៃទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ឆ្នាំ២០២៦ ដែលជនរួមជាតិខ្មែរ ប្រជាជនទីក្រុង និងភ្ញៀវទេសចរយ៉ាងច្រើនកុះករទន្ទឹងរង់ចាំ។ ការប្រណាំងទូក-ង មិនត្រឹមតែជាទីលានកីឡាប្រពៃណី បង្កលក្ខណៈងាយស្រួលឱ្យក្រុមទូកបានដោះដូរបទពិសោធន៍ និងប្រកួតប្រណាំងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាលក្ខណៈសោភ័ណភាពវប្បធម៌ បង្កើនចំណងសាមគ្គីភាពរវាងបណ្តាជនជាតិ ពង្រីកកម្លាំងសហគមន៍ និងផ្សព្វផ្សាយរូបភាពរបស់ទីក្រុងកឹងធើទៀតផង។ សមមិត្តបានកត់សម្គាល់និងស្ងើចសរសើរចំពោះការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់របស់ភូមិភាគ អង្គភាព វត្តអារាមនានា ព្រមទាំងស្មារតីហ្វឹកហាត់យ៉ាងស្វាហាប់របស់កីឡាករ-កីឡាការិនីទាំងអស់។ ទន្ទឹមនឹងនោះ សមមិត្តក៏មានបំណងឱ្យកីឡាករ កីឡាការិនីលើកកម្ពស់ស្មារតីសាមគ្គីភាព ប្រកួតប្រណាំងដោយស្មោះត្រង់និងថ្លៃថ្នូរ ព្រមទាំងរំពឹងទុកថា គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ភូមិភាគ វត្តអារាម និងជនរួមជាតិខ្មែរ បន្តរួមកម្លាំងគ្នាថែរក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ដើម្បីឱ្យពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង កាន់តែក្លាយជាព្រឹត្តិការណ៍វប្បធម៌ និងកីឡាដ៏វិសេសវិសាល ទាក់ទាញបានប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ទិដ្ឋភាពក្រុមទូក-ង បុរស ប្រកួតប្រណាំងយ៉ាងស្វិតស្វាញ។
ចំពោះរចនាសម្ព័ន្ធប្រាក់រង្វាន់ឆ្នាំនេះ សម្រាប់ខ្លឹមសារប្រណាំងទូក-ង បុរស គណៈចាត់តាំងនឹងប្រគល់រង្វាន់ជ័យលាភីលេខ ១ តម្លៃ ២០០ លានដុង ជ័យលាភីលេខ ២ តម្លៃ ១៥០ លានដុង ជ័យលាភីលេខ ៣ តម្លៃ ១០០ លានដុង និងជ័យលាភីលេខ ៤ តម្លៃ ៨០ លានដុង។ ចំណែកខ្លឹមសារប្រណាំងទូក-ង នារី រង្វាន់ជ័យលាភីលេខ ១ តម្លៃ ២០០ លានដុង ជ័យលាភីលេខ ២ តម្លៃ ១៥០ លានដុង ជ័យលាភីលេខ ៣ តម្លៃ ៨០ លានដុង និងជ័យលាភីលេខ ៤ តម្លៃ ៥០ លានដុង។

រង្វាន់ប្រណាំងទូក ងបានទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករមកទស្សនានិងគាំទ្រលើកទឹកចិត្ត។
បន្ទាប់ពីការបើកពិធី ក្រោមសំឡេងហ៊ោកញ្ជ្រៀវគាំទ្រយ៉ាងកងរំពងពីសំណាក់ទស្សនិកជនយ៉ាងកុះករនៅសងខាងដងព្រែក Maspéro បណ្តាក្រុមទូក-ង បុរស បានឈានចូលប្រកួតប្រណាំងយ៉ាងស្វិតស្វាញក្នុងវគ្គជម្រុះក្នុងពូល ដើម្បីជ្រើសរើសក្រុមឆ្នើមចំនួន ៣២ ក្រុម បន្តទៅប្រកួតក្នុងដំណាក់កាលទី ២; ទន្ទឹមនឹងនេះ បណ្តាក្រុមទូក-ង នារី ក៏បានប្រកួតវគ្គជម្រុះក្នុងពូល និងវគ្គ ៨ ក្រុម ដើម្បីជ្រើសរើសក្រុមខ្លាំងបំផុតចូលប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា៕
ហុងទើ - លីធាន-ថាច់ធី